វិធានការការពារ និងកម្ចាត់សត្វដង្កូវរយ ឬដង្កូវកូនជ្រូក

25-05-2018 2:36 pm

វដ្តជីវិត ៖
- មេអំបៅ មានពណ៌ប្រផេះ ឬត្នោតប្រផេះ ស្លាបប្រវែង២៥ស.ម ស្លាបមុខមានពណ៌ត្នោត លឿង និងឆ្នូតសខ្មៅ ស្លាបក្រោយមានពណ៌ស ។ មេអំបៅ ជាទូទៅ មិនសូវហើរ ឆ្ងាយ និងពងដាក់នៅកន្លែងដែលពួកវាកកើត ។ មេអំបៅញី ពងជាសំបុកៗ នៅលើស្លឹកដំណាំ និងផ្ទៃក្រោមស្លឹកដំណាំ ដែលវាមួយក្បាល អាចពងបានប្រហែល ៥០០ - ២០០០ ពង ក្នុងរយៈពេលជាច្រើនថ្ងៃ ។
- មួយសំបុកមានប្រមាណ ៥០ - ២០០០ ពង ផ្ទៃខាងលើរុំបិទជិត ដោយរោមសំឡីពណ៌ខៀវប្រផេះ ហើយក្រោយមក ក៏ប្រែទៅជាពណ៌ប្រផេះ មុនពេលញាស់ ។ វាញាស់ក្នុងរយៈពេល ២-៦ថ្ងៃ ។
- កូនដង្កូវ រស់នៅជុំគ្នា ក្នុងរយៈពេលខ្លី នៅពេលកូនដង្កូវធំ វាបែកគ្នា ហើយស៊ីដំណាំនៅពេលយប់ ។ កូនដង្កូវទើបញាស់ នឹងមានពណ៌ខៀវខ្ចី ក្បាលធំ និងមានប្រវែងប្រហែល១មីលីម៉ែត្រ ។ វាឆ្លងកាត់ ៥-៦ ដំណាក់កាល ទើបពេញវ័យ ដោយមានប្រវែង ៣៥-៥០ មីលីម៉ែត្រ មុនពេលក្លាយទៅជាដឹកឌឿ ។
- ដឹកឌឿ មានពណ៌ក្រហមក្រម៉ៅ និងមានប្រវែង ១៥-២០មីលីម៉ែត្រ វាមានរយៈពេល១២ថ្ងៃ ។

ស្នាមបំផ្លាញ ៖
- វាបំផ្លាញដំណាំពពួកស្ពៃ ប៉េងប៉ោះ ស្រូវ ថ្នាំជក់ ពោត សណ្តែក ។ ដង្កូវរយស៊ីកាត់ស្លឹក ដំណាំទាំងមូល និងបន្សល់ទុកទ្រនុងស្លឹក ។

វិធានការការពារ ៖
- សម្អាតកាកសំណល់នៅក្នុងចម្ការ ក្រោយពេលប្រមូលផល ដោយធ្វើជាជីកំប៉ុស្ត ។
- ដុតកាកសំណល់ដំណាំ និងសម្អាតស្មៅ អាចកាត់បន្ថយដង្កូវរយ ព្រោះវាអាចរស់នៅក្នុងកាកសំណល់ដំណាំ និងស្មៅក្រោយពេលប្រមូលផល ហើយអាចផ្លាស់ទីកន្លែង និងបំផ្លាញដំណាំថ្មីទៀត ។
- ពន្លិចទឹកក្នុងចម្ការអាចបំផ្លាញដឹកឌឿដង្កូវរយ និងសត្វល្អិតផ្សេងៗទៀត ដែលរស់នៅក្នុងដី (លក្ខខ័ណ្ឌអំណោយផល ការពន្លិចទឹក គួរធ្វើមុនពេលរៀបចំដី) ។
- ភ្ជួររាល់ដីឱ្យបានច្រើនដង ធ្វើឱ្យដឹកឌឿ និងដង្កូវប៉ះផ្ទាល់កម្តៅថ្ងៃ ដែលនាំវាងាប់ និងជាចំណីពួកបក្សី ។
- ថែរក្សាសត្វមានប្រយោជន៍ ឪម៉ាល់កូតេស្យា ។

វិធានការកម្ចាត់ ៖
- ប្រមូលសំបុកពង ឬដង្កូវដោយដៃកម្ទេចចោល ។
- ប្រើថ្នាំផ្សំពីរុក្ខជាតិដូចជា សំបកស្តៅ២គីឡូក្រាម ឬស្លឹកស្លៅ៤គីឡូក្រាម រំដេង២គីឡូក្រាម គល់ស្លឹកគ្រៃ២គីឡូក្រាម វល្លិ៍បណ្តូលពេជ្រ១គីឡូក្រាម ដំវាឱ្យបែកត្រាំទឹក២០លីត្រ ទុកពេល៣ថ្ងៃ ដោយច្រោះឱ្យស្អាតនិងយកទឹកថ្នាំ១លីត្រលាយ ទឹកធម្មតា ១ធុងបាញ់ថ្នាំ ។ បាញ់១ដង ក្នុង១សប្តាហ៍ ពេលគ្មានភ្លៀង បើមានភ្លៀងបាញ់២-៣ដង ក្នុងមួយសប្តាហ៍ ។
- ប្រើដីម៉ត់ កន្ទក់ ផេះ បាចនៅជុំវិញគល់ដំណាំ ពេលដែលយើងឃើញវាស៊ីលើដំណាំ ។
- ប្រើថ្នាំគីមី Bacellus Therangensis

(រៀបរៀងដោយ៖ គង់ ឧត្តម | ដកស្រង់ចេញពី សៀវភៅកន្រ្តកនៃជម្រើសសំរាប់សន្តិសុខស្បៀង)

ព័ត៌មានផ្សេងទៀត