នាយក​Facebook​​សុំទោស​​នៅ​ចំពោះមុខ​​សមាជិកសភា​​អឺរ៉ុប​​ករណី​​លេច​ធ្លាយ​​ព័ត៌មាន​

23-05-2018 6:33 pm 1579
នាយកក្រុមហ៊ុនហ្វេសប៊ុកពេលបង្ហាញខ្លួនមុខសមាជិកសភាអឺរ៉ុប

នាយក​ប្រតិ​ប​ត្ដិ​ក្រុមហ៊ុន​ហ្វេ​សប៊ុក​លោក Mark Zuckerberg បាន​សុំទោស​មេដឹកនាំ​សភា​អឺរ៉ុប​សម្រាប់​ការ​លេច​ធ្លាយ​ទិន្នន័យ​ដ៏​ធំ​។ បណ្ដាញ​ទំនាក់ទំនង​សង្គម​អាមេរិក​មួយ​នេះ បាន​ស្ថិតក្រោម​សម្ពាធ​បន្ទាប់ពី​គេ​បង្ហាញ​ឲ្យដឹង​កាលពីដើមឆ្នាំ​នេះថា ក្រុមហ៊ុន​វិភាគ​ទិន្នន័យ​អង់គ្លេស បាន​ចូលទៅ​កាន់កាប់​ព័ត៌មាន​ផ្ទាល់ខ្លួន​អ្នកប្រើប្រាស់​ហ្វេ​សប៊ុក​រហូតដល់​៨៧​លាន​នាក់​។ ចំនួន​នេះ​មាន​ប្រជាជន​នៅ​អឺរ៉ុប​ចំនួន​២,៧​លាន​នាក់​។​

​លោក Zuckerberg​បាន​ជួប​សមាជិកសភា​អឺរ៉ុប​នៅក្នុង​ទីក្រុ​ព្រុច​សែ​ល​ប្រទេស​បែលហ្ស៊ិក​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​។ លោក​បាន​និយាយថា មិន​ថា​វា​ជា​ព័ត៌មាន​ក្លែងក្លាយ​ឬ​ជា​ការជ្រៀតជ្រែក​ពី​បរទេស​នៅក្នុង​ការបោះឆ្នោត ឬ​Developers​ដែល​ប្រើប្រាស់​ព័ត៌មាន​របស់​ប្រជាជន​ដោយ​ខុសឆ្គង​ក៏ដោយ គឺ​ហ្វេ​សប៊ុក​មិនបាន​យកចិត្ដទុកដាក់​គ្រប់គ្រាន់ ចំពោះ​ការទទួលខុសត្រូវ​របស់ខ្លួន​។ ដូច្នេះ​វា​ជា​កំហុស​មួយ​ហើយ​លោក​សោកស្ដាយ​ណាស់​ចំពោះ​រឿងនេះ​។ 

​លោក Zuckerberg​ក៏​សំដៅ​ដល់​វិធានការ​ថ្មី​របស់​សហភាព​អឺរ៉ុប​ស្ដីពី​ការពារ​ទិន្នន័យ ដែល​ហៅថា​បទបញ្ជា​ការពារ​ទិន្នន័យ​ទូទៅ​។ លោក​ថា​ក្រុមហ៊ុន​រំពឹង​នឹង​គោរព​តាមច្បាប់​ថ្មី នៅពេល​ចូល​ជាធរ​មាននៅ​ថ្ងៃ​សុក្រ​។ ក្រុមហ៊ុន​នឹង​ទទួល​ការពិន័យ​សម្រាប់​ការរំលោភបំពាន​លើ​ច្បាប់​៕​

ព័ត៌មានផ្សេងទៀត