ក្រសួងមហាផ្ទៃ​៖​​យុទ្ធនាការ​​របស់​​ចលនា​សង្គ្រោះ​ជាតិ​​គ្មាន​ឥទ្ធិពល​​ដល់​កម្ពុជា​​ទេ​​

23-05-2018 4:23 pm 612
  ស្តាប់
ការបោះឆ្នោតនៅកម្ពុជា។
ស្តាប់ជាសំឡេង

​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត គ​.​ជ​.​ប បានស្នើ​ទៅ​ក្រសួងមហាផ្ទៃ ចាត់វិធានការ​លើ​បុគ្គល​ណា​ដែល​ប្រាប់​ពលរដ្ឋ​មិន​ឱ្យទៅ​បោះឆ្នោត​។ មកដល់​ថ្ងៃនេះ ក្រសួងមហាផ្ទៃ​នៅ​មិនទាន់​សម្រេច​យ៉ាងណា​នៅឡើយ ដោយ​រង​ចាំមើល​ស្ថាន​បន្តទៀត​។ បើតាម​ក្រសួងមហាផ្ទៃ​យុទ្ធនាការ​របស់​ចលនា​សង្គ្រោះ​ជាតិ​ពេលនេះ គ្មាន​ឥទ្ធិពល​ដល់​ដំណើរការ​បោះឆ្នោត​នៅ​កម្ពុជា​នោះ​ឡើង​។

​ជុំវិញ​នឹង​បណ្តឹង​របស់ គ​.​ជ​.​ប ដែល​បានស្នើ​ទៅ​ក្រសួងមហាផ្ទៃ ចាត់វិធានការ​លើ​បុគ្គល​ណា​ដែល​ប្រាប់​ពលរដ្ឋ​មិន​ឱ្យទៅ​បោះឆ្នោត​មកទល់នឹង​ថ្ងៃនេះ​ក្រសួងមហាផ្ទៃ​នៅ​មិនទាន់​សម្រេច​យ៉ាងណា​នៅឡើយ​ទេ​។​នេះ​ជា​ការគូសបញ្ជាក់​របស់​លោក ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​។​

​បើតាម​លោក ខៀវ សុភ័គ បច្ចុប្បន្ន​ក្រសួងមហាផ្ទៃ កំពុង​តាមដាន​ចំពោះ​ករណីនេះ ហើយ​ប្រសិនបើ​មាន​សកម្មភាព​ណាមួយ​កើតមាន​នៅ​ក្នុងប្រទេស ក្រសួង​នឹងធ្វើ​ការទប់ស្កាត់ ស្របច្បាប់​នៃ​ការបោះឆ្នោត​។​លោក​ពិនិត្យឃើញថា  អ្នក​ដែល​ធ្វើ​សកម្មភាព​អំពាវនាវ​មិនឱ្យ​ប្រជាពលរដ្ឋ​ទៅ​បោះឆ្នោត​ភាគច្រើន​ជា​អតីតមន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​តុលាការ​កំពូល ដកហូត​សិទ្ធិ​នយោបាយ​រយៈពេល​៥​ឆ្នាំ​។​

​តែ​យ៉ាងណាក្តី អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ បាន​សង្គត់ធ្ងន់ថា យុទ្ធនាការ​របស់​ចលនា​សង្គ្រោះ​ជាតិ​ពេលនេះ គ្មាន​ឥទ្ធិពល​ដល់​ដំណើរការ​បោះឆ្នោត​នៅ​កម្ពុជា​នោះ​ឡើង​។ លោក​បានចាត់ទុក​អំពា​វ​នាវ​របស់​ចលនា​សង្គ្រោះ​ជាតិ គ្រាន់តែ​ធ្វើឡើង​ដើម្បី​លឺជា​សំឡេង​មុននឹង​អតីត​បក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាត់​សូន្ស​ពី​ឆាកនយោបាយ​កម្ពុជា​។​

​ការបញ្ជាក់​របស់លោក​ខៀវ សុភ័គ ដូច្នេះ​គឺជា​ការបន្ថែម​នូវ​អ្វីដែល​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​លោក ស ខេង​ថ្លែងប្រាប់​សារព័ត៌មាន កាលពី​ម្សិលមិញ​ថា​ក្រសួងមហាផ្ទៃ​កំពុងតែ​ពិនិត្យមើល​ទិដ្ឋភាព​ច្បាប់ ចំពោះ​អ្នក​ដែល​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើពហិការ​ក្នុង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦​ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៩ ខែកក្កដា ខាងមុខ​។​

​សូម​រម្លឹកថា យុទ្ធនាការ​របស់​ចលនា​សង្គ្រោះ​ជាតិ ជា​ក្រុម​ប្រឆាំងនឹង​រាជរដ្ឋាភិបាល​របស់លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ធ្វើឡើង​ក្រោម​ពាក្យស្លោក​ថា «​ដេក​ផ្ទះ​ឈ្មះ​ឯង​» ដោយ​មានន័យថា ប្រជាពលរដ្ឋ​ដែលមាន​សិទ្ធិ​បោះឆ្នោត កុំ​ចេញទៅ​បោះឆ្នោត ហើយ​សម្រាក​ដេក​នៅផ្ទះ ដើម្បី​ធ្វើឱ្យ​ចំនួន​ភាគរយ​នៃ​អ្នក​ទៅ បោះឆ្នោត​ធ្លាក់ចុះ​។ នេះ​បើតាម​ការអះអាង​របស់​លោក​រី គា អគ្គលេខាធិការ​នៃ​ចលនា​សង្គ្រោះ​ជាតិ​។​

​បើតាម​លោក​រី គា​យុទ្ធនាការ​នេះ ធ្វើឡើង​ចាប់ផ្តើម​ពី​ពេលនេះ ដោយមាន​ការផ្សព្វផ្សាយ នៅតាម​វេទិកា​របស់​ចលនា​សង្គ្រោះ​ជាតិ​ទាំង​ក្នុង និង ក្រៅប្រទេស ហើយ​ជាពិសេស​នៅតាម​បណ្តាញ​សង្គម​ហ្វេ​សប៊ុក​ជាទី​ពេញនិយម​របស់​ពលរដ្ឋ​កម្ពុជា​ទូទៅ​។ បន្ថែម​ពី​ការអំពាវនាវ​ចលនា​មួយ​នេះ ក៏​គ្រោង​ធ្វើ​មហា​បាតុកម្ម​ទ្រុងទ្រាយ​ធំ​មួយ​នៅ​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០១៨  ដើម្បី​ប្រឆាំងនឹង​ការបោះឆ្នោត​នៅ​កម្ពុជា​។ បាតុកម្ម​នោះ​នឹង​គ្រោង​ធ្វើឡើង​នៅតាម​ស្ថានទូត​នានា​នៅ​ផងដែរ​។​

​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែននៅថ្ងៃពុធនេះ បាន​ហៅ​ការរារាំង​ពលរដ្ឋ​កុំឱ្យ​ទៅ​បោះឆ្នោត​នេះ​ជា​ «​ជន​អគតិ​»  មានបំណង​បំផ្លិចបំផ្លាញ​លទ្ឋិប្រជាធិបតេយ្យ​និង​ឆន្ទៈ​ប្រជាពលរដ្ឋ​។​បើតាម​លោក​នាយករដ្ឋមន្ត្រី​បាន​ហៅ​ការអំពាវនាវ​ប្រជាពលរដ្ឋ​មិន​ឱ្យទៅ​បោះឆ្នោត​ពី​សំណាក់​បុគ្គល​អគតិ​មួយចំនួន​តូច គឺជា​ការបំពាន​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​។​

​យោងតាម​មាត្រា​១៤២ នៃ​ច្បាប់បោះឆ្នោត ត្រូវ​ផាកពិន័យ​ជា​ប្រាក់​ពី​៥​លាន​រៀល ទៅ​២០​លាន​រៀល​ដោយ​ពុំទាន់​គិតដល់​ទោស​ព្រហ្មទណ្ឌ​ផ្សេងទៀត​ចំពោះ​ជន​ណា​ដែល​តាម​គ្រប់​មធ្យោបាយ​ទុច្ចរិត​រារាំង​ប្រជាពលរដ្ឋ​ដែលមាន​សិទ្ធិ​បោះឆ្នោត​មិន​ឱ្យទៅ​បោះឆ្នោត​។​

​គួរ​បញ្ជាក់ថា ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៦ នឹង​ធ្វើឡើង​នៅ​ថ្ងៃអាទិត្យ ទី​២៩ ខែកក្កដា ដោយ​គេ​រំពឹងថា នឹងមាន​គណបក្សនយោបាយ​ប្រមាណ​ជាង​២០​ចូលរួម​។ គិត​ត្រឹម​ល្ងាច​ថ្ងៃទី​២២ ឧសភា​នេះ មាន​គណបក្សនយោបាយ​១៨​ហើយ​ដែល​ត្រូវ​បានគ​.​ជ​.​ប ទទួលស្គាល់​ជា​ផ្លូវការ​៕

ព័ត៌មានផ្សេងទៀត