ការការពារ និង​វិធី​ព្យាបាល​ជំងឺ កើត​លើ​សត្វ​កង្កែប​

23-05-2018 10:48 am 1095

​ការការពារ​៖
- ទឹក​ក្នុង​អាង ត្រូវ​ផ្លាស់ប្តូរ​ឱ្យបាន​ទៀងទាត់ (៥-៧​ថ្ងៃ​ម្តង​)
- អាង​ត្រូវធ្វើ​អនាម័យ​ដោយ​បាញ់​ទឹក​សម្អាត​
- ឱ្យ​ចំណី​ទៀងទាត់​
- ឧស្សាហ៍​មើល​ហា​ប៉ា ក្រែង​មាន​ភាព​ធ្លុះធ្លាយ ដោយសារ​កណ្តុរ​កាត់ ឬ​ពុកផុយ​
- ធ្វើ​ដំបូល​ប្រក់​ស្បៃ​មុង ស្លឹក​ដូង ឱ្យមាន​ភាព​រង្វើលៗ ដើម្បី​ការពារ​កម្តៅ​
- បើ​ឃើញ​វា​ងាប់ ត្រូវ​ស្រង់​បោះចោល រួច​លាង​សម្អាត​អាង​ការពារ​កុំឱ្យ​ឆ្លង​

​ជំងឺ និង​ការព្យាបាល​៖
១.​ជំងឺ​ហើមពោះ​
​ក​.​រោគសញ្ញា​
- ហើមពោះ​ឡើង​ប៉ោង​ខុសពី​ធម្មតា ទោះ​កង្កែប​មិនទាន់​បាន​ស៊ី​ចំណី​ក៏ដោយ​
- ផ្ងា​ពោះ​ហើយ​អណ្តែត​លើ​ផ្ទៃ​ទឹក​
​ខ​.​បុព្វហេតុ​នៃ​ជំងឺ​
- ដោយសារ​គុណភាព​ទឹក​មិន​ល្អ ឬ​ទឹកស្អុយ​
- ផ្តល់​ចំណី​ច្រើន​ហួស​កម្រិត ដែល​បណ្តាលឱ្យ​ទឹក​ស្អុយ​
​គ​.​វិធី​ព្យាបាល​
- ធ្វើការ​ផ្លាស់ប្តូរ​ទឹក​ជាបន្ទាន់ ក្នុងករណី​ទឹក​មិនល្អ​
- ត្រូវ​ធ្វើ​អនាម័យ​ចំណី​ឱ្យ​បានល្អ ដោយ​សម្អាត​កាកសំណល់​ចំណី​

២.​ជំងឺ​ពោះវៀន​
​ក​.​រោគសញ្ញា​
- រាគ​
- លាមក​មាន​ពណ៌​ស​
- ប្រដាប់បន្តពូជ​លៀន​ចេញមកក្រៅ មាន​ពណ៌​ក្រហម​
- នៅពេល​យើង​យក​ម្រាមដៃ​ច្បូត​ថ្នមៗ ត្រង់​ប្រដាប់បន្តពូជ មាន​ឈាម​ហូរ​ចេញមកក្រៅ​
​ខ​.​វិធី​ព្យាបាល​
- ថ្នាំ Ganidan ១​គ្រាប់ លាយ​ជាមួយ​ចំណី​សម្រាប់​កង្កែប ១​ពាន់ ទៅ ៣​ពាន់​ក្បាល ដោយ​ឱ្យ​វា​ស៊ី​រយៈពេល ៣-៤​ថ្ងៃ​

៣.​ជំងឺ​ក្រហម​កន្ទុយ​
​ក​.​រោគសញ្ញា​
- ធ្វើ​ឱ្យ​កូន​កង្កែប​មាន​កន្ទុយ​ពណ៌​ក្រហម​
- ជំងឺ​នេះ កើត​ចំពោះ​កូន​កង្កែប​
​ខ​.​បុព្វហេតុ​នៃ​ជំងឺ​
- បង្ក​ដោយ​មេរោគ​ម្យ៉ាង​ឈ្មោះ Aeromonas Hydrophyla
​គ​.​វិធីសាស្ត្រ​ព្យាបាល​
- ត្រូវ​ផ្លាស់ប្តូរ​ទឹក​ថ្មី​
- ប្រើ​ថ្នាំ ទង់ដែង​ស៊ុល​ហ្វាត (CuSO4) លាយ​ជាមួយ​ទឹក ចាក់​បញ្ចូល​ក្នុង​ស្រះ​នូវ​បរិមាណ ១.៥​ក្រាម សម្រាប់​ទឹក​១​ម៉ែត្រគូប 

(​រៀបរៀង​ដោយ​៖ គង់ ឧត្តម | ដកស្រង់​ចេញពី សៀវភៅ​កន្ត្រក​នៃ​ជម្រើស​សំរាប់​សន្តិសុខ​ស្បៀង​)

ព័ត៌មានផ្សេងទៀត