តើ​លោក​គីម ជុង​អ៊ុន​​ចង់បាន​អ្វី​​ឲ្យ​ពិតប្រាកដ​​ពី​លោក​​ដូណាល់ ត្រាំ​?

22-05-2018 5:48 pm
លោកដូណាល់ ត្រាំ(ឆ្វេង)​និងលោកគីម ជុងអ៊ុន

​កិច្ចប្រជុំ​កំពូល​ជា​ប្រវត្ដិសាស្ដ្រ​រវាង​ប្រធានាធិបតី​អាមេរិកលោ​ក​ដូណាល់ ត្រាំ និង​មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុង​អ៊ុន គ្រោង​ធ្វើឡើង​នៅ​ថ្ងៃទី​១២​ខែមិថុនា​ឆ្នាំ​២០១៨​នេះ​ដោយ​សិង្ហ​បុរី​ជា​ម្ចាស់ផ្ទះ​។ ប៉ុន្ដែ​មិនទាន់​ដល់​ថ្ងៃ​ជួបគ្នា​ផង​កិច្ចប្រជុំ​ហាក់​រង្គោះរង្គើ គឺ​លោក​គីម ជុង​អ៊ុន​ប្រកាសថា​នឹង​ពិចារណា​ឡើងវិញ ត្រូវ​ចូលរួម​កិច្ចប្រជុំ​ឬ​យ៉ាងណា​។ ដោយឡែក​លោក​ដូណាល់ ត្រាំ​វិញ​បាន​ឆ្លើយតប​ថ្មីៗ​នេះ​ថា លោក​ក៏​អាច​ដើរ​ចេញពី​កិច្ចប្រជុំ​បាន​ដូចគ្នា បើសិន​គ្មាន​ការព្រមព្រៀង​ជាក់លាក់​ណាមួយ​កើតឡើង​មុន​កិច្ចប្រជុំ​។​

​កិច្ចពិភាក្សា​គ្រោងទុក​នេះ​ត្រូវបាន​អ្នកជំនាញ​អន្ដរជាតិ​តាមដាន​យ៉ាង​យកចិត្ដទុកដាក់ ហើយ​ការប្រកាស​ចង់​ដើរចេញ​របស់​កូរ៉េខាងជើង ក៏មាន​សំណួរ​ជាច្រើន​ចោទ​សួរថា លោក​គីម ជុង​អ៊ុន​ចង់បាន​អ្វី​ឲ្យ​ពិតប្រាកដ​ពី​លោក​ដូណាល់ ត្រាំ​? 

​ជា​បន្ដ​សូម​ស្ដាប់​សេចក្ដីរាយការណ៍​ពី​ពេញ ផេង នៅក្នុង​នាទី​វិភាគ​ព្រឹត្ដិការណ៍​អន្ដ​រ​ជាតិ​ដូចតទៅ​៖

​សំឡេង​៖

តាម​ការបកស្រាយ​របស់​កូរ៉េខាងជើង មូលហេតុ​ដែល​គេ​គំរាម​លុបចោល​កិច្ចប្រជុំ គឺ​ក្នុងករណី​ដែល​អាមេរិក​ទទូច​ចង់ឲ្យ​កូរ៉េខាងជើង​ដកហូត​អាវុធ​នុយក្លេអ៊ែ​រ​ជា​ឯកតោ​ភាគី​។ មានន័យថា​កូរ៉េខាងជើង​លុបចោល​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​តែម្នាក់ឯង រីឯ​អាមេរិក​នៅ​បន្ដ​បំពាក់អាវុធ​នុយក្លេអ៊ែរ​ដដែល​។ មួយទៀត​កូរ៉េខាងត្បូង​និង​អាមេរិក​នៅ​បន្ដ​សមយុទ្ធ​ជាមួយគ្នា ជា​សមយុទ្ធ​កូរ៉េខាងជើង​ចាត់ទុកជា​ការឈ្លានពាន​។ ដូច្នេះ​ការចាប់ផ្ដើម​សមយុទ្ធ​ទោះបី​រៀបចំឡើង​ជា​រៀងរាល់ឆ្នាំ ប៉ុន្ដែ​ហាក់​ដើរ​ខ្សែលើ​កូរ៉េខាងជើង ចំពោះ​អ្វីដែល​បាន​ព្រមព្រៀង​ក្នុង​កិច្ចប្រជុំ​កំពូល​អន្ដរ​កូរ៉េ​រវាង​លោក​មូន ជែ​អ៊ីន​ប្រធានាធិបតី​កូរ៉េខាងត្បូ​ង ជាមួយ​លោក​គីម ជុង​អ៊ុន​កាលពី​ថ្ងៃទី​២៧​ខែ​មេសា​។ អ៊ីចឹង​ទេ​កូរ៉េខាងជើង​ត្រូវ​ពិចារណា​ឡើងវិញ​ការចូលរួម​កិច្ចប្រជុំ​។​

​លោក​គីម ជុង​អ៊ុន​ធ្លាប់​សន្យា​លោក​នឹង​បោះបង់ចោល​កម្មវិធី​នុយក្លេអ៊ែ​រ ហើយនឹង​បិទ​ទីតាំង​ធ្វើតេស្ដ​នុយក្លេអ៊ែរ​មួយ​ផងដែរ​។ ប៉ុន្ដែ​ការសន្យា​របស់លោក​គីម​ដ្បិត​មាន​ការអបអរ​ពី​អន្ដរជាតិ​សូម្បី​អាមេរិក គិត​ឲ្យ​មែនទែនទៅ​មន្ដ្រី​ក្នុង​សេត​វិមាន​គ្មាន​នរណាម្នាក់​ជឿថា លោក​គីម​ព្រម​បោះបង់​កម្មវិធី​នុយក្លេអ៊ែរ​ដោយ​ងាយៗ​ឡើយ​។ ហេតុនេះហើយ​ទើប​អាមេរិក​នៅតែ​ប្រកាន់​ជំហរ​ដាក់​សម្ពាធ​ជា​អតិបរមា​លើ​កូរ៉េខាងជើង​ជុំវិញ​បញ្ហា​នុយក្លេអ៊ែរ ទោះបី​លោក​គីម​ប្រកាស​ក្ដែងៗ​ថា​ព្រម​បោះបង់​ក៏ដោយ​។ ដូច​ដឹង​ហើយ​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ ជា​បង្អែក​ធំ​បំផុត​របស់​កូរ៉េខាងជើង​ដើម្បី​គំរាម​គូសត្រូវ ពិសេស​គឺ​អាមេរិក​តែម្ដង​។ បើ​បោះបង់​អាវុធ​នុយក្លេអ៊ែរ​កូរ៉េខាងជើង​អាច​ប្រៀប​នឹង​ខ្លា​បាក់​ចង្កូម តែបើ​មាន​នុយក្លេអ៊ែរ​ប្រៀប​ដូច​ខ្លា​ដុះស្លាប រឿង​អី​ដែល​កូរ៉េខាងជើង​ព្រម​បោះបង់​ដោយ​ងាយៗ វា​លុះត្រាតែ​មាន​ការដោះដូ​រស​ម​រម្យ​។​

​ចំណុច​មួយទៀត​លោក​គីម​ចង់បាន​អាចជា​ការធ្វើសម្បទាន​ផ្នែក​ជំនួញ គឺ​កូរ៉េខាងជើង​ឈប់​ធ្វើតេស្ដ​មី​ស៊ី​ល​ដើម្បី​ជា​ថ្នូរ​នឹង​ការដក​ទណ្ឌកម្ម​ឬ​ការ​រាំងខ្ទប់​ជំនួយ​ពី​បរទេស​។ មាន​ក្រុមហ៊ុន​មិនតិច​ទេ​ដែល​អាមេរិក​បាន​ហាមឃាត់​មិន​ឲ្យធ្វើ​ពាណិជ្ជកម្ម​ជាមួយ​កូរ៉េ​ខាងជើង ក្នុងនោះ​អាមេរិក​និង​រុស្ស៊ី​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​របស់​កូរ៉េខាងជើង ក៏​ជា​គោលដៅ​អាមេរិក​ហាមឃាត់​ដែរ តាមរយៈ​ការសម្រេច​នៅ​ក្រុមប្រឹក្សាសន្ដិសុខ​អង្គការសហប្រជាជាតិ​។ ចិន​បានប្រកាស​ផ្អាក​ការនាំចេញ​និង​នាំចូល​ទំនិញ​មួយចំនួន​ទៅមក​កូរ៉េខាងជើង អនុលោម​តាម​សេចក្ដីសម្រេច​របស់​អង្គការសហប្រជាជាតិ​មាន​អាមេរិក​ជា​អ្នក​ផ្ដើម​។ ធ្វើបែបនេះ​កូរ៉េខាងជើង​ត្រូវ​ខាតបង់​សេដ្ឋកិច្ច​យ៉ាងធ្ងន់ធ្ងរ​។ 

​នៅពេលដែល​សេដ្ឋកិច្ចជាតិ​ធ្លាក់ចុះ ការអភិវឌ្ឍ​វិស័យ​ផ្សេងៗ​រួមទាំង​ការលើកស្ទួយ​ជីវភាព​ប្រជាជន​ក៏​មិនអាច​ដំណើរការ​ទៅមុខ​បាន​។ បើ​ប្រៀបធៀប​ជាមួយ​កូរ៉េខាងត្បូង​កូរ៉េខាងជើង​មាន​គម្លាត​សេដ្ឋកិច្ច​ដាច់​ឆ្ងាយ​ណាស់​។ កូរ៉េខាងត្បូង​ជា​ប្រទេស​រីកចម្រើន ប្រជាជន​រស់នៅ​សមរម្យ​ជា​ប្រជាជន​ប្រទេស​ស៊ីវិល័យ​។ ហេតុនេះ​ចង់​ឬ​មិន​ចង់​ក្នុងនាម​ជា​មេដឹកនាំ​ប្រទេស លោក​គីម ជុង​អ៊ុន​ត្រូវតែ​ពិនិត្យឡើងវិញ​ពី​ការអភិវឌ្ឍ​ប្រទេស ស្របពេល​ទទួល​សម្ពាធ​និង​ទណ្ឌកម្មសេដ្ឋកិច្ច​ឥត​ស្រាកស្រាន្ដ​ពី​អន្ដរជាតិ​។ 

​អ្វីដែល​លោក​គីម​ចង់បាន​បន្ថែមទៀត គឺ​លោក​បាន​ព្យាយាម​យ៉ាងខ្លាំង​ប្រជ្រៀតចូល​ទំនាក់ទំនង​រវាង​អាមេរិក​ជាមួយ​កូរ៉េខាងត្បូង មានន័យថា​លោក​មិន​ចង់ឲ្យ​ប្រទេស​ទាំងពីរ​សិទ្ធស្នាល​គ្នា​ខ្លាំងពេកទេ​។ តាមរយៈ​ភាព​ល្អូកល្អិន​កន្លងមក បានធ្វើឲ្យ​កូរ៉េខាងជើង​បញ្ចេញ​ប្រតិកម្ម​ជា​ញយដង ជាក់ស្ដែង​ការធ្វើ​សមយុទ្ធ​រួមគ្នា ការដំឡើង​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​នៅ​កូរ៉េខាងត្បូង​ជាដើម​។ កូរ៉េខាងជើង​ធ្លាប់​និយាយ​ដែរថា កូរ៉េ​ទាំងពីរ​អាច​ដោះស្រាយ​បញ្ហា​ជាមួយគ្នា​បាន មិនចាំបាច់​មាន​វត្ដ​មាន​អាមេរិក​។ បើ​កូរ៉េខាងត្បូង​អាច​ឃ្លាតឆ្ងាយ​ពី​អាមេរិក​រឹតតែ​ល្អ​។​

​ជារួម​ទៅ​ពិតជា​ពិបាក​សន្មត់​ណាស់ថា អ្វីដែល​បានលើកឡើង​ត្រឹមត្រូវ​១០០​ភាគរយ ប៉ុន្ដែ​អាច​ថា​ជា​រឿង​ដែល​លោក​គីម ជុង​អ៊ុន​ចង់បាន ចង់ឲ្យ​កើតឡើង​តាមរយៈ​ការចរចា​។ ចំពោះ​ការព្រមាន​ដើរ​ចេញពី​កិច្ចពិភាក្សា​ជាមួយ​លោក​ដូណាល់ ត្រាំ លោក​គីម ជុង​អ៊ុន​ទំនងចង់កំណ​ត់​ឡើងវិញ​ពី​ក្ដី​រំពឹង​របស់​ប្រធានាធិបតី​អាមេរិក ហើយ​ឲ្យ​អាមេរិក​យល់ថា​កូរ៉េខាងជើង​មិនអាច​បោះបង់​អាវុធ​នុយក្លេអ៊ែរ​តែម្នាក់ឯង​បានឡើយ​។ លោក​គីម​អាច​អង្គុយ​ពិភាក្សា​តទល់​ជាមួយ​លោក​ត្រាំ ដោយ​មិន​ព្រម​បោះបង់​ឃ្លាំង​នុយក្លេអ៊ែរ​ទាំងមូល​របស់​លោក​ទេ​៕ 

ព័ត៌មានផ្សេងទៀត