ការបោះឆ្នោត​៖​​ក្រុម​ប្រឆាំង​ និង​រដ្ឋាភិបាល​បើក​​យុទ្ធនាការ​​ពេល​​តែមួយ ​តែ​គោល​ដៅ​ផ្ទុយ​គ្នា​

21-05-2018 4:14 pm
  ស្តាប់
ប្រជាពលរដ្ឋកំពុងបោះឆ្នោត។
ស្តាប់ជាសំឡេង

ចលនា​សង្គ្រោះ​ជាតិ ដែល​រដ្ឋាភិបាល​កម្ពុជា​ចាត់ទុកថា ជា​ចលនា​ខុសច្បាប់​នោះ បានចាប់ផ្តើម​ធ្វើ​យុទ្ធនាការ​របស់ខ្លួន ដោយ​អំពាវនាវ​ដល់​ពលរដ្ឋ​ខ្មែរ កុំ​ចេញទៅ​បោះឆ្នោត នៅ​ថ្ងៃអាទិត្យ​ទី​២៩ ខែកក្កដា​ខាងមុខ​។ ក្រៅពី​អំពាវនាវ​ ចលនា​មួយ​នេះ គ្រោង​ធ្វើ​មហា​បាតុកម្ម​ទ្រុងទ្រាយ​ធំ​មួយ ដើម្បី​ប្រឆាំងនឹង​ការបោះឆ្នោត​នៅ​កម្ពុជា​ផងដែរ​។ ប៉ុន្តែ​យុទ្ធនាការ​នេះ រដ្ឋាភិបាល​កម្ពុជា និង គ​.​ជ​.​ប ចាត់ទុកថា ជា​ទង្វើ​ខុសច្បាប់ និង ព្រមាន​ប្តឹងទៅ​តុលាការ ដើម្បី​រឹបអូស​ទ្រព្យសម្បត្តិ​អ្នក​ដែល​អំពាវនាវ​។ ជា​ការកត់សម្គាល់ យុទ្ធនាការ​ចលនា​សង្គ្រោះ​ជាតិ ស្របពេល​ដែល​អ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា កំពុង​ធ្វើ​យុទ្ធនាការ អំពាវនាវ​ឱ្យ​ពលរដ្ឋ​ចេញទៅ​បោះឆ្នោត​ផងដែរ​។

​យុទ្ធនាការ​របស់​ចលនា​សង្គ្រោះ​ជាតិ ជា​ក្រុម​ប្រឆាំងនឹង​រាជរដ្ឋាភិបាល​របស់លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ធ្វើឡើង​ក្រោម​ពាក្យស្លោក​ថា «​ដេក​ផ្ទះ​ឈ្មះ​ឯង​» ដោយ​មានន័យថា ប្រជាពលរដ្ឋ​មាន​សិទ្ធិ​បោះឆ្នោត កុំ​ចេញទៅ​បោះឆ្នោត ហើយ​សម្រាក​ដេក​នៅផ្ទះ ដើម្បី​ធ្វើឱ្យ​ចំនួន​ភាគរយ​នៃ​អ្នក​ទៅ បោះឆ្នោត​ធ្លាក់ចុះ​។ នេះ​បើតាម​ការអះអាង​របស់​លោក​រី គា អគ្គលេខាធិការ​នៃ​ចលនា​សង្គ្រោះ​ជាតិ​។​

​បើតាម​លោក រី គា យុទ្ធនាការ​នេះ ធ្វើឡើង​ចាប់ផ្តើម​ពី​ពេលនេះ ដោយមាន​ការផ្សព្វផ្សាយ នៅតាម​វេទិកា​របស់​ចលនា​សង្គ្រោះ​ជាតិ​ទាំង​ក្នុង និង ក្រៅប្រទេស ហើយ​ជាពិសេស​នៅតាម​បណ្តាញ​សង្គម​ហ្វេ​សប៊ុក​ជាទី​ពេញនិយម​របស់​ពលរដ្ឋ​កម្ពុជា​ទូទៅ​។ សម្រាប់​ចលនា​សង្គ្រោះ​ជាតិ បាន​ចាត់ទុកថា ការបោះឆ្នោត​ដែល​គ្មាន​គណបក្ស​សង្គ្រោះ​ជាតិ​ចូលរួម​ជា ការបោះឆ្នោត ក្លែងក្លាយ ហើយ​ការមិន​ទៅ​បោះឆ្នោត គឺ​មានន័យថា គាំទ្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​ចង់ឱ្យមាន​ការផ្លាស់ប្តូរ​នៃ​ការដឹកនាំ​។​

​បន្ថែម​ពី​ការអំពាវនាវ ចលនា​មួយ​នេះ ក៏​គ្រោង​ធ្វើ​មហា​បាតុកម្ម​ទ្រុងទ្រាយ​ធំ​មួយ​នៅ​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០១៨  ដើម្បី​ប្រឆាំងនឹង​ការបោះឆ្នោត​នៅ​កម្ពុជា​។ បាតុកម្ម​នោះ​នឹង​គ្រោង​ធ្វើឡើង​នៅតាម​ស្ថានទូត​នានា​នៅ​ផងដែរ​។​នេះ​បើតាម​លោក រី គា​។​

​ប៉ុន្តែ​យ៉ាងណាក្តី យុទ្ធនាការ​របស់​ចលនា​សង្គ្រោះ​ជាតិ​នេះ ត្រូវបាន​រដ្ឋាភិបាល​កម្ពុជា និង គ​.​ជ​.​ប ចាត់ទុកថា ជា​ទង្វើ​ខុសច្បាប់ និង ព្រមាន​ប្តឹងទៅ​តុលាការ​កំពូល ដើម្បី​រឹបអូស​ទ្រព្យសម្បត្តិ​អ្នក​ដែល​អំពាវនាវ​។​បើតាម​អ្នកនាំពាក្យ​គ​.​ជ​.​ប​ថ្លែងថា ការឃោសនា​មិនឲ្យ​ប្រជាពលរដ្ឋ​ទៅ​បោះឆ្នោត គឺជា​ការរំលោភច្បាប់​ប្រទេស ដូច​មានចែង​ច្បាស់​នៅក្នុង​មាត្រា​១៤២ នៃ​ច្បាប់​ស្តីពី​ការជ្រើសតាំង​តំណាងរាស្ត្រ​។​ហើយ​ការអំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ធ្វើពហិកា​ក្នុង​ការបោះឆ្នោត តាមរយៈ​ចេតនា​ជំរុញឱ្យមាន​ការចែក​ខិតប័ណ្ណ ដែល​អាច​ធ្វើឱ្យប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សាធារ​ណៈ និង ដល់​សន្តិសុខ​ជាតិ​។​

​ចំណែកឯ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​ហៅ​ការរារាំង​ពលរដ្ឋ​កុំឱ្យ​ទៅ​បោះឆ្នោត​នេះ​ជា​«​ជន​អគតិ​»  មានបំណង​បំផ្លិចបំផ្លាញ លទ្ឋិប្រជាធិបតេយ្យ និង ឆន្ទៈ​ប្រជាពលរដ្ឋ​។ យ៉ាងណាក៏ដោយ​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន នៅតែ​ជឿជាក់ថា ប្រជាពលរដ្ឋ​កម្ពុជា​នឹង​បន្ត​បោះឆ្នោតឲ្យ​គណបក្ស​ប្រជា​ជន​កម្ពុជា​របស់លោក ដើម្បីឲ្យ​លោក​មានឱ​កាសដឹកនាំ​ប្រទេស​ជាតិ​ដែល​ធានាបាន​នូវ​សុខសន្តិភាព និង​ការអភិវឌ្ឍ​គង់វង្ស​យូរអង្វែង​។​

គួរបញ្ជាក់ថា ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៦ នឹង​ធ្វើឡើង​នៅ​ថ្ងៃអាទិត្យ ទី​២៩ ខែកក្កដា ដោយ​គេ​រំពឹងថា នឹងមាន​គណបក្សនយោបាយ​ប្រមាណ​ជាង​២០​ចូលរួម​។ គិត​ត្រឹម​ល្ងាច​ថ្ងៃទី​២០ ឧសភា​នេះ មាន​គណបក្សនយោបាយ​១៥​ហើយ ដែល​ត្រូវ​បានគ​.​ជ​.​ប ទទួលស្គាល់​ជា​ផ្លូវការ​។​

​នៅមុន​ការបោះឆ្នោត​ចូល​មកដល់​នេះ លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន បានធ្វើការ​ប្រៀបធៀប​គ្នា​អំពី​ភាគរយ​នៃ​ការចូលរួម​បោះឆ្នោត​ពី​សំណាក់​ប្រជាពលរដ្ឋ​រវាង​ប្រទេស​កម្ពុជា សហភាព​អ៊ឺរ៉ុប និង​សហរដ្ឋអាមេរិក​។ តាម​លោក​នាយករដ្ឋមន្ត្រី គឺ​សហភាព​អឺរ៉ុប​មាន​ប្រជាពលរដ្ឋ​ទៅ​បោះឆ្នោត​ក្នុង​រង្វង់​៣០​ភាគរយ ក៏​អាច​ទទួលយកបាន រីឯ​សហរដ្ឋអាមេរិក គឺមាន​ពលរដ្ឋ​ទៅ​បោះឆ្នោត​តែ​ក្នុង​រង្វង់​៤០​ភាគរយ​ប៉ុណ្ណោះ​។

​ប៉ុន្តែ​ចំពោះ​កម្ពុជា​វិញ លោក​ហ៊ុន សែន បាន​អះអាងថា គឺមាន​ពលរដ្ឋ​ជាង​៦៩​ភាគរយ​ទៅ​បោះឆ្នោត​។ ដូច្នេះ​សម្រាប់​លោក​នាយករដ្ឋមន្ត្រី នេះ​គឺ​បង្ហាញ​ច្បាស់​អំពី​ការរីកចម្រើន​នៃ​លទ្ឋិប្រជាធិបតេយ្យ​ពិត​ប្រាកដ​នៅក្នុង​ប្រទេស​កម្ពុជា​។​

​គួរកត់សម្គាល់​ដែលថា យុទ្ធនាការ​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ធ្វើពហិការ​មិន​ទៅ​បោះឆ្នោត របស់​ចលនា​សង្គ្រោះ​ជាតិ ធ្វើឡើង​ស្របពេល​ដែល​អ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា បានចាប់ផ្តើម​ធ្វើ​យុទ្ធនាការ​តាម​បណ្តាញ​សង្គម​ហ្វេ​សប៊ុក ដោយបាន​គៀងគរ​ឱ្យ​ប្រជាពលរដ្ឋ​កម្ពុជា ចេញទៅ​បោះឆ្នោត នៅ​ថ្ងៃទី​២៩ ខែកក្កដា​ខាងមុខ​។ យុទ្ធនាការ​នេះ បាន​ធ្វើឡើង​ក្រោមរូបភាព ការផ្លាស់ប្តូរ (Profile) រូបថត​របស់ខ្លួន​ម្នាក់ៗ នៅលើ​គណនី​ហ្វេ​សប៊ុក​ផ្ទាល់ខ្លួន ហើយ​សរសេរ​ជា​សារ​ខ្លី​ថា «​ខ្ញុំ​ទៅ​បោះឆ្នោត ដើម្បី​ប្រទេស​ខ្ញុំ​»

ព័ត៌មានផ្សេងទៀត