សាលា​បង្ហាត់​សុនខ​មួយ​បង្កើតឡើង​ដើម្បី​អប់រំ​ឱ្យ​ម្ចាស់​មាន​ទំនួល​ខុស​ត្រូវ​លើ​សត្វ​ចិញ្ចឹម​ខ្លួន​

18-05-2018 5:33 pm
  ស្តាប់
លោក ហ៊ិន រតនា ម្ចាស់​សាលា​បង្ហាត់​សុនខ​មួយកន្លែង ឈ្មោះ Raymond’s K9 Academy និងសត្វបង្វឹករបស់លោក ។ រូបភាពផ្តល់ឱ្យ ។
ស្តាប់ជាសំឡេង

​កូន​ខ្មែរ​មួយរូប​ដែល​កំពុង​ល្បីឈ្មោះ ក្រោយ​បង្ហាញ​វត្តមាន​ក្នុង​កម្មវិធី​មួយ​លើ​ទូរទស្សន៍ National Geographic របស់​សហរដ្ឋអាមេរិក លើ​ជំនាញ​ទំនាក់ទំនង​ជាមួយ​សុន​ខ បាន​បង្កើត​សាលា​បង្ហាត់​សុនខ​មួយកន្លែង ដែល​ជា​សាលា​កូន​ខ្មែរ​ដំបូង​ឈរជើង​តែមួយ​គត់​នៅ​ទីក្រុង​ភ្នំពេញ ។ ហេតុផល​មួយ​ក្នុង​ហេតុផល​ជាច្រើន នៃ​ការបង្កើត​សាលា​បង្ហាត់​សុនខ លោក ហ៊ី​ន រតនា ប្រាប់ថា លោក​ចង់​អប់រំ​ពលរដ្ឋ​ខ្មែរ​ឱ្យមាន​ចំណេះដឹង​ទាក់ទង​នឹង​ការចិញ្ចឹម ពិសេស​ដើម្បី​អប់រំ​ដល់​ម្ចាស់​សត្វ​ចិញ្ចឹម​ទាំងអស់ ឱ្យ​មាន​ទំនួល​ខុស​ត្រូវ​ខ្ពស់​លើ​ការចិញ្ចឹម​របស់ខ្លួន ។

​ចាប់តាំងពី​ឆ្នាំ​២០១៤​មក ចំនួន​អ្នក​ស្រឡាញ់​សត្វ និង​ចិញ្ចឹមសត្វ​នៅក្នុង​ក្រុងភ្នំពេញ បានចាប់ផ្តើម​កើនឡើង​រហូត​មកដល់​បច្ចុប្បន្ន ។ នេះ​បើ​តាម​ការបញ្ជាក់​ពី​ម្ចាស់​សាលា​បង្ហាត់​សុនខ​មួយកន្លែង ឈ្មោះ Raymond’s K9 Academy ដែល​មាន​ទីតាំង​ស្ថិតនៅ​ក្នុង​បុរី ទល់មុខ​ស្ថានីយទូរទស្សន៍​អាស៊ីអាគ្នេយ៍ ។ ប្រធាន​គ្រប់គ្រង​សាលា​បង្ហាត់​សុនខ លោក ហ៊ី​ន រតនា បាន​បញ្ជាក់​ប្រាប់​ខ្ញុំ​បន្តថា តាម​ការមើលឃើញ​របស់គាត់ នាពេល​អនាគត ចំនួន​នៃ​អ្នក​ចិញ្ចឹមសត្វ ពិសេស​សត្វ​សុនខ នឹង​បន្ត​កើនឡើង​ទៀត ។​

​លោក ហ៊ី​ន រតនា ត្រូវបាន​គេ​ស្គាល់​កាន់តែខ្លាំង ក្រោយ​លោក​បាន​បង្ហាញ​វត្តមាន​ក្នុង​កម្មវិធី​មួយ នៅ​ស្ថានីយ៍​ទូរទស្សន៍ National Geographic (NAT GEO) របស់​សហរដ្ឋអាមេរិក ព្រោះតែ​សមត្ថភាព និង​ជំនាញ​ទំនាក់ទំនង​ជាមួយ​សុនខ​របស់លោក ។ លោក​ប្រាប់​ខ្ញុំ​ថា មូលហេតុ​ធំចម្បង​ដែល​លោក​សម្រេច​ចូលរួម​កម្មវិធី​របស់​សហរដ្ឋអាមេរិក​នេះ ក៏​ព្រោះ​លោក​មាន​បំណង​ចង់​បង្ហាញ​ឱ្យ​សាសន៍​ដទៃ​បាន​ស្គាល់​ពី​កម្ពុជា និង​ដឹងថា​នៅទីនេះ មាន​អ្នក​ស្រឡាញ់​សត្វ និង​ចិញ្ចឹមសត្វ​ច្រើន ។​

​លោក ហ៊ី​ន រតនា បាន​ចាប់​អាជីព​ជា​អ្នកជំនាញ​បង្ហាត់​សុនខ​នៅក្នុង​ក្រុងភ្នំពេញ ដោយ​ចាប់ផ្តើម​ដើរ​បង្រៀន​តាម​គេហដ្ឋាន​ក្នុង​ឆ្នាំ​២០១៥ ។ ក្រោយ​មាន​ការគាំទ្រ លោក​ក៏​បាន​វិវដ្ត​ឈានទៅបើក​សាលាបង្រៀន​ផ្ទាល់ខ្លួន ក្នុង​ឆ្នាំ​២០១៧ ។ លោក​រតនា​បាន​ប្រាប់​ខ្ញុំ​ថា គាត់​អាច​បង្ហាត់​សុនខ​ឱ្យ​ចេះ​ស្តាប់​បង្គាប់ ចេះ​ការពារ ចេះ​ស្វែងរក​គ្រឿងញៀន ឬ​ចេះ​ជួយ​នាំ​ផ្លូវ​ជនពិការ​ជា​ដើម​…
​សំឡេង​លោក ហ៊ីង រតនា ៖

​អ្នកជំនាញ​បង្ហាត់​សត្វ​សុនខ​រូប​នេះ​លើកឡើង​ថា ពេលណា​ដែល​ម្ចាស់​ចង់​បង្ហាត់​សត្វ​ចិញ្ចឹម​របស់ខ្លួន គឺ​ត្រូវ​ចេះ​មើល​សត្វ​ថា តើ​អ្វី​ដែល​ពួក​គេ​ចូលចិត្ត​? ហើយ​ត្រូវ​ផ្តល់​រង្វាន់​ដល់​ពួកគេ រាល់ពេល​ដែល​ពួកគេ​ធ្វើ​បាន​ល្អ​តាម​អ្វី​ដែល​យើង​ចង់បាន​…
​សំឡេង​លោក ហ៊ីង រតនា ៖

​បច្ចុប្បន្ន នៅក្នុង​ទីក្រុង​ភ្នំពេញ មាន​សាលា​បង្ហាត់​សុនខ​តែ​២​ប៉ុណ្ណោះ មួយ​គឺ​សាលា Raymond’s K9 Academy របស់លោក ហ៊ី​ន រតនា និង​មួយ​ផ្សេងទៀត គឺជា​កម្មសិទ្ធិ​របស់​ជ​ន​បរទេស ។ នេះ​បើ​តាម​ម្ចាស់​សាលា​បង្ហាត់​សុនខ​រូបនេះ​បានបញ្ជាក់ ។​

​សាលា​បង្ហាត់​សុនខ​របស់​លោក​រតនា មាន​ផ្តល់​សេវា​ចាប់​ពី​កម្រិត​មូលដ្ឋាន​រហូត​ដល់​កម្រិត​ខ្ពស់ ។ កម្រិត​មូលដ្ឋាន​នោះ​គឺ បង្រៀន​សុនខ​ឱ្យ​ចេះ​ស្តាប់ មាន​របៀប​រស់នៅ​ក្នុង​ផ្ទះ​ជាមួយ​ម្ចាស់ និង​បង្រៀន​ម្ចាស់​ឱ្យ​ចេះ​វិធី​បង្ហាត់​សុនខ​របស់ខ្លួន ។ ក្រៅពីនេះ ក៏​មាន​សេវា​បង្ហាត់បង្រៀន​សិស្ស​, សេវា​បង្ហាត់​សុនខ​ឱ្យ​ចេះ​ការពារ​ប្រៀបដូចជា​អង្គរក្ស​, និង​សេវា​បង្ហាត់​សុនខ​នៅតាម​អង្គភាព ស្ថាប័ន​មាន​សមត្ថកិច្ច​របស់​កម្ពុជា​ដោយ​មិន​គិត​ថ្លៃដែរ ។​

​បុរស​វ័យ​៣៥​ឆ្នាំ​រូប​នេះ បាន​ចំណាយពេល​ជាង​២​ឆ្នាំ ដើម្បី​សិក្សា​លើ​ជំនាញ​បង្ហាត់​សុនខ នៅ​សហរដ្ឋអាមេរិក ម៉ាឡេស៊ី និង​សាំង​ហ្គា​ពួ​រ និង​សិក្សា​ជំនាញ​ផ្សេងៗ​ទៀត ក៏ដូចជា​ចូលរួម​បង្ហាញ​ពី​ជំនាញ​បង្ហាត់​សុន​ខ ក្នុង​សិក្ខាសាលា​ផ្សេងៗ សរុប​ជាង​១០​ឆ្នាំ​មកហើយ ។​

​មូលហេតុ​ចម្បង​ដែល​ធ្វើឱ្យ​អ្នក​បាត់ដំបង​រូបនេះ ចាប់​យក​ជំនាញ​បង្ហាត់​សុនខ ក៏​ព្រោះ​ក្តីស្រឡាញ់​ចំពោះសុនខ​តាំងពី​កុមារភាព ពោល​គឺ​តាំងពី​មុន​លោក​ចាកចេញ​ទៅ​រស់នៅ​សហរដ្ឋអាមេរិក​មក​ម្ល៉េះ ។ ក្រោយ​បាន​ទៅ​រស់នៅ​សហរដ្ឋអាមេរិក និង​បាន​ឃើញ​ពី​ការបង្ហាត់​សុនខ​នៅ​ទីនោះ លោក ហ៊ី​ន រតនា បាន​ចាប់យក​ជំនាញ​ចិត្ត​វិទ្យា​សុនខ ដោយ​ស្វែងរក​សាលារៀន រហូត​មាន​ជំនាញ​បង្ហាត់​សុន​ខ និង​បាន​បង្កើត​ជា​សាលា​បង្ហាត់​សុនខ​មួយ ឈរជើង​នៅក្នុង​ទីក្រុង​ភ្នំពេញ​តែម្តង ។ ហេតុផល​មួយ​ក្នុង​ហេតុផល​ផ្សេងទៀត នៃ​ការបង្កើត​សាលា​បង្ហាត់​សុនខ គឺ​លោក​មាន​បំណង​ចង់​អប់រំ​ពលរដ្ឋ​ខ្មែរ ឱ្យមាន​ចំណេះដឹង ទាក់ទង​នឹង​ការចិញ្ចឹម ពិសេស​មាន​ទំនួល​ខុស​ត្រូវ​ទៅ​លើ​ការចិញ្ចឹម​របស់ខ្លួន​…
​សំឡេង​លោក ហ៊ីង រតនា ៖

​បើទោះបីជា​សាលា​បង្ហាត់​សុនខ​របស់លោក​ឈរជើង​នៅ​ក្រុង​ភ្នំពេញ​តែ​ឯកឯង​ក៏ដោយ ម្ចាស់​សាលា​បង្ហាត់​សុនខ​រូបនេះ បាន​ប្រាប់​ខ្ញុំ​ថា កត្តា​តម្លៃ នៅតែ​ជា​បញ្ហា​ប្រឈម​ចម្បង​មួយ​ចំពោះ​អាជីវកម្ម​របស់​លោក ។ លោក ហ៊ី​ន រតនា ប៉ាន់ស្មាន​ថា ប្រមាណ​៨០%​នៃ​ពលរដ្ឋ​ខ្មែរ​មិន​ទាន់​ពេញនិយម និង​មិន​ទាន់​មាន​លទ្ធភាព​គ្រប់គ្រាន់ ដើម្បី​យក​សុនខ​របស់ខ្លួន​មក​បង្ហាត់បង្រៀន​ដល់​សាលារៀន​ទេ ។ 

​ទៅ​ថ្ងៃ​ខាងមុខ ម្ចាស់​សាលា​បង្ហាត់​សុនខ​ក្នុង​ក្រុងភ្នំពេញ​រូបនេះ​សង្ឃឹមថា កម្ពុជា​នឹង​អាច​មាន​ទីតាំង​បង្វឹក​សុន​ខ និង​មាន​ឧទ្យាន​សម្រាប់​បណ្តើរ​សុនខ ដូច​នៅ​ប្រទេស​អភិវឌ្ឍ ។ អ្នកជំនាញ​បង្ហាត់​សុនខ​រូបនេះ ស្នើ​ដល់​ពលរដ្ឋ​អ្នក​ធ្លាប់​បរិភោគ​សាច់សត្វ​សុនខ​ទាំងអស់ បញ្ឈប់​នូវ​ការបរិភោគ​សាច់សត្វ​សុន​ខ ដោយ​អះអាង​ថា សុនខ​មិនបាន​ជួយ​សុខភាព​មនុស្ស​ទេ ។ លោក ហ៊ីន រតនា ស្នើ​ដល់​ម្ចាស់​សត្វ​ចិញ្ចឹម​ទាំងអស់ ត្រូវ​មាន​ទំនួល​ខុស​ត្រូវ​ខ្ពស់​ចំពោះ​សត្វ​ចិញ្ចឹម​របស់ខ្លួន​ដែល​មាន​នៅក្នុង​បន្ទុក​…
​សំឡេង​លោក ហ៊ីង រតនា ៖

ព័ត៌មានផ្សេងទៀត