ការ​ទៅ​​បោះឆ្នោត​​ជា​​«​​សិទ្ធិ​»​ឬ​ជា​​«​កាតព្វកិច្ច​»​​របស់​ពលរដ្ឋ​?​

17-05-2018 4:11 pm 1633
  ស្តាប់
ម្រាមដៃប្រឡាក់ទឹកខ្មៅ បញ្ជាក់ថាបាន ទៅចូលរួមបោះឆ្នោត។
ស្តាប់ជាសំឡេង

​ប្រទេស​កម្ពុជា នឹង​រៀបចំ​ការបោះឆ្នោតជាតិ​នីតិកាល​ទី​៦ នៅ​ថ្ងៃអាទិត្យ​ទី​២៩ ខែកក្កដា​ខាងមុខ​។ អ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា កំពុង​ធ្វើ​យុទ្ធនាការ តាម​បណ្តាញ​សង្គម​ហ្វេ​សប៊ុក គៀងគរ​ឱ្យ​ប្រជាពលរដ្ឋ​កម្ពុជា​ចេញទៅ​បោះឆ្នោត ហើយ​សារ​នយោបាយ​របស់​មន្ត្រី​គណបក្ស កាន់អំណាច​ខ្លះ រហូត​ចាត់ទុក​អ្នក​ដែល​មិន​ទៅ​បោះឆ្នោត​ថា ជា​អ្នកគាំទ្រ​ពួកក្បត់​ជាតិ​ទៅទៀត​។ សារ​នយោបាយ​នេះ ធ្វើឡើង​ស្របពេល​ដែល​អតីត​គណ​បក្ស​សង្គ្រោះ​ជាតិ លោក​សម រង្ស៊ី អំពាវនាវ​ម្តង​ហើយ​ម្តងទៀត ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ធ្វើពហិការ​កុំទៅ​បោះឆ្នោត​។ តើ​ការ​ទៅ​បោះឆ្នោត​ជា​«​សិទ្ធិ​»​ឬ​ជា​«​កាតព្វកិច្ច​»​របស់​ពលរដ្ឋ​? សូម​ស្តាប់​បទ​វិភាគ​ដោយ គួន សំបូរ​

​នៅតែ​ជាង​២​ខែ​ទៀត​ទេ ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ នឹង​ចូល​មកដល់​។​ប្រជាពលរដ្ឋ​មួយចំនួន ភាគច្រើន​ជា​អ្នកគាំទ្រ​បក្សប្រឆាំង បានបង្ហាញ​ជំហរ​តាម​បណ្ដាញ​សង្គម​ហ្វេ​សប៊ុក​ថា ពួកគេ​នឹងមិន​ទៅ​ចូលរួម​ការបោះឆ្នោត​ខាងមុខ​ទេ បើ​មិនមាន​វត្តមាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវបាន​តុលាការ​កំពូល​រំលាយចោល កាលពី​ចុងឆ្នាំ ២០១៧ ដោយ​ជាប់ចោទ​ពី​អំពើ​ក្បត់ជាតិ​។

​ជាមួយគ្នានេះ លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​អំពាវនាវ​ម្តង​ហើយ​ម្តងទៀត កុំឱ្យ​ប្រជាពលរដ្ឋ​ចេញទៅ​បោះឆ្នោត ដោយ​អះអាងថា ជា​ការបោះឆ្នោត​ក្លែងក្លាយ ព្រោះ​គ្មាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ចូលរួម​ការបោះឆ្នោត ហើយ​ការមិន​ទៅ​បោះឆ្នោត គឺ​មានន័យថា គាំទ្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​មាន​ការផ្លាស់ប្តូរ​ជា​វិជ្ជមាន​។​

​ប៉ុន្តែ​រដ្ឋាភិបាល​កម្ពុជា និង គ​.​ជ​.​ប បាន​ហៅ​ការអំពាវនាវ​របស់លោក​សម រង្ស៊ី ថា ជា​ទង្វើ​ខុសច្បាប់​។​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ដែលជា​បក្ស​កាន់អំណាច​ចាស់វស្សា​ជាងគេ បាន​ហៅ​ការរារាំង​ពលរដ្ឋ​កុំឱ្យ​ទៅ​បោះឆ្នោត​នេះ​ជា​«​ជន​អគតិ​»  មានបំណង​បំផ្លិចបំផ្លាញ លទ្ឋិប្រជាធិបតេយ្យ និង ឆន្ទៈ​ប្រជាពលរដ្ឋ​។​

បច្ចុប្បន្ន អ្នកគាំទ្រ​គណបក្សកាន់អំណាច បានចាប់ផ្តើម​ធ្វើ​យុទ្ធនាការ​តាម​បណ្តាញ​សង្គម​ហ្វេ​សប៊ុក ដោយបាន​គៀងគរ​ឱ្យ​ប្រជាពលរដ្ឋ​កម្ពុជា ចេញទៅ​បោះឆ្នោត នៅ​ថ្ងៃទី​២៩ ខែកក្កដា​ខាងមុខ​។ យុទ្ធនាការ​នេះ បាន​ធ្វើឡើង​ក្រោមរូបភាព ការផ្លាស់ប្តូរ (Profile) រូបថត​របស់ខ្លួន​ម្នាក់ៗ នៅលើ​គណនី​ហ្វេ​សប៊ុក​ផ្ទាល់ខ្លួន ជា​យុទ្ធនាការ ដែល​គេ​មើលឃើញថា ដើម្បី​ប្រឆាំងនឹង​ការអំពាវនាវ​របស់លោក សម រង្ស៊ី​។​

​អ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ខ្លះ បាន​គាំទ្រ​ឱ្យ​រដ្ឋាភិបាល​បង្កើត​ច្បាប់ ដើម្បី​ដាក់​ទោសទណ្ឌ​ចំពោះ​ពលរដ្ឋ​ណា​ដែល​មិន​ទៅ​ចូលរួម​បោះឆ្នោត ខណៈដែល​មន្ត្រី​គណបក្សកាន់អំណាច​ផ្សេងទៀត  រហូត​ថ្លែង​ជា​សារ​នយោបាយ ដោយ​ចាត់ទុក​អ្នក​ដែល​មិនបាន​ទៅ​បោះឆ្នោត​ថា ជា​អ្នកគាំទ្រ ពួក​ក្បត់ជាតិ ថែមទៀត​។​

​តើ​ការមិន​ទៅ​បោះឆ្នោត​ខុសច្បាប់​ឬ​?

​ជា​ការពិត បើ​យោងទៅតាម​ច្បាប់​របស់​កម្ពុជា​សព្វថ្ងៃ ពលរដ្ឋ​ទៅ​បោះឆ្នោត ឬ មិនបាន​ទៅ​បោះឆ្នោតឱ្យ​គណបក្សនយោបាយ​ណាមួយ វា​ជា សិទ្ធិ និង ឆន្ទៈ​ស្ម័គ្រចិត្ត ស្រប​តាមច្បាប់ កម្ពុជា​ដែល​នា​ពេលបច្ចុប្បន្ន​។ បើតាម​ក្រុមអ្នកច្បាប់​ខ្លះ បានឱ្យដឹងថា ច្បាប់​នៅ​កម្ពុជា​សព្វថ្ងៃ​អត់​មាន​បង្ខំ និង ចែង​ពី​ទោសទណ្ឌ ចំពោះ​អ្នក​មិន​ទៅ​បោះឆ្នោត​ទេ​។ ដូច្នេះ ទៅ​បោះឆ្នោត ឬ មិនបាន​ទៅ​បោះឆ្នោត វា​ជា «​សេរីភាព​» របស់​ពលរដ្ឋ មិនមែនជា «​កាតព្វកិច្ច​» ដែល​តម្រូវ​ត្រូវតែទៅ​នោះទេ​។​

​យោងតាម​ច្បាប់រដ្ឋធម្មនុញ្ញ ដែលជា​ច្បាប់កំពូល​របស់​កម្ពុជា បានចែង​ក្នុង មាត្រា ៣៤ ថ្មី​ថា ពលរដ្ឋ​ទាំង ២ ភេទ​មាន​សិទ្ធិ​បោះឆ្នោត និង អាច​ឈរឈ្មោះ​ឱ្យគេ​បោះឆ្នោត​។ មាត្រា​នេះ​ក៏​ចែង​ដែរថា ពលរដ្ឋ​ទាំង ២ ភេទ មាន​អាយុ​ចាប់ពី ១៨ ឆ្នាំមាន​សិទ្ធិ​បោះឆ្នោត​។ ចំណែក មាត្រា ៧៦ នៃ​រដ្ឋធម្មនុញ្ញ បានចែង​បន្ថែមទៀតថា តំណាងរាស្ត្រ ត្រូវ​ជ្រើសតាំង​ដោយ​ការបោះឆ្នោត​ជា​សកល ដោយ​សេរី ដោយ​ស្មើភាព ដោយ​ចំពោះ និង តាម​វិធី​ជ្រើសរើស​ឆ្នោត​ជាសម្ងាត់​។​

​គួរ​រម្លឹក​ផងដែ​រថា ចាប់តាំងពី​ឆ្នាំ​១៩៩៨​មក កម្ពុជា​រៀបចំ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​ចំនួន​៤​លើក​។​លើក​ទី​១ នៅ​ឆ្នាំ​១៩៩៨ ពលរដ្ឋ​ចេញទៅ​បោះឆ្នោត​ចំនួន ៩៣,៧៤ ភាគរយ លើក​ទី​២ បោះឆ្នោត​ឆ្នាំ​២០០៣ ពលរដ្ឋ​ទៅ​បោះឆ្នោត ៨៣,២៧​ភាគរយ លើក​ទី​៣ ឆ្នាំ​២០០៨ មាន ៧៥,២១ ភាគរយ និង ឆ្នាំ​២០១៣ មាន​៦៩,៧១​ភាគរយ​។ ចំណែក បោះឆ្នោត​នៅ​ឆ្នាំ​២០១៨ នីតិកាល​ទី​៦​នេះ ចំនួន​អ្នក​ទៅ​បោះឆ្នោត អាច​នឹង​ធ្លាក់​បន្ត ព្រោះ​អី​គណបក្សប្រឆាំង ត្រូវ​អវត្តមាន ក្នុង​ដំណើរការ​បោះឆ្នោត​។​នេះ​បើតាម​ការលើកឡើង​របស់​អ្នកតាមដាន​កា​រ​បោះឆ្នោត​។​

​ក្នុង​បរិបទ​បច្ចុប្បន្ន គណបក្ស​ប្រជាជន​កម្ពុជា អាច​នឹង​យល់ឃើញថា ទោះបីជា​ក្រុម​បក្សប្រឆាំង​អវត្តមាន​ក្នុង​ការប្រកួត​ក៏ដោយ ក៏​បក្ស​កាន់អំណាច​មួយ​នេះ ត្រូវ​ប្រឈមមុខ​ជាមួយ​ប្រជាពលរដ្ឋ ជាពិសេស អ្នកគាំទ្រ​បក្សប្រឆាំង​ជិត​៣​លាន​នាក់ ប្រសិនបើ​ពលរដ្ឋ​ទាំងអស់នោះ ពហិការ មិន​ទៅ​បោះឆ្នោត ភាគរយ​នៃ​ចំនួន​អ្នក​ទៅ​បោះឆ្នោត​នឹង​ធ្លាក់ចុះ ខុសពី​ការបោះឆ្នោត​ឃុំ​-​សង្កាត់​ឆ្នាំ​២០១៧ ដែលមាន​អ្នក​ទៅ​បោះឆ្នោត​មាន​ជាង​៨០​ភាគរយ​។​ចង់​មិន​ចង់ ការធ្លាក់​ចំនួន​ភាគរ​យ​នេះ នឹង​ធ្វើឱ្យប៉ះពាល់​ដល់​ប្រជាប្រិយភាព គណបក្ស​ប្រជាជន ទោះ​លទ្ធផល​ឆ្នោត ត្រូវបាន​ទទួលស្គាល់​ដោយ គ​.​ជ​.​ប ក្តី​។​

​ម្លោះ​ហើយ​ដើម្បី​បំបាក់មុខ​បក្ស​កាន់អំណាច លោក​សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​អំពាវនាវ​ម្តង​ហើយ​ម្តងទៀត កុំឱ្យ​ប្រជាពលរដ្ឋ​ចេញទៅ​បោះឆ្នោត ត្បិត​អី​គណបក្ស​របស់ខ្លួន​មិនបាន​ចូលរួម​ប្រកួត​។ តែ​យ៉ាងណាក៏ដោយ យុទ្ធសាស្ត្រ​របស់​អ្នកនយោបាយ​ពេលនេះ មិន​ផ្តល់​ផលចំណេញ​អ្វី​ដល់​កម្ពុជា​ទេ​។ ផ្ទុយទៅវិញ វា​គ្រាន់​ជា​ជម្លោះផ្ទៃក្នុង​ខ្មែរ​ខ្លួនឯង ហើយ​ធ្វើឱ្យប៉ះពាល់ ដល់​កេត្តិ​យល់​ប្រទេសជាតិ​។​

​ម្យ៉ាងវិញទៀត ការអំពាវនាវ​របស់​លោក សម រង្ស៊ី ខុស​នឹង​ច្បាប់​ស្តីពី ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​។​មាត្រា​១៤២ ចែងថា ជន​ណា​រារាំង​ប្រជាពលរដ្ឋ ដែលមាន​សិទ្ធិ​បោះឆ្នោត មិន​ឱ្យទៅ​បោះឆ្នោត ត្រូវ​ផាកពិន័យ​ជា​ប្រាក់​ពី ៥​លាន​រៀល ទៅ ២០​លាន​រៀល ដោយ​មិនទាន់​គិតដល់​ទោល​ព្រហ្មទណ្ឌ​ផ្សេងៗ​ទៀត​៕

 


ព័ត៌មានផ្សេងទៀត