កម្ពុជាអំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ​នៅ​ឥណ្ឌូនេស៊ី​ប្រុងប្រយ័ត្នក្រោយ​មាន​ករណីបំផ្ទុះ​គ្រាប់បែក​បន្តបន្ទាប់​

17-05-2018 1:02 pm 285
  ស្តាប់
ទីតាំងរងការបំផ្ទុះគ្រាប់បែកកាលពីថ្ងៃអាទិត្យក្នុងក្រុងSurabaya​ប្រទេស​ឥណ្ឌូនេស៊ី
ស្តាប់ជាសំឡេង

​ឯកអគ្គរាជទូត​កម្ពុ​ជា ប្រចាំ​ប្រទេស​ឥណ្ឌូនេស៊ី បាន​អំពាវនាវ​ឲ្យ​និស្សិត និង​ប្រជាពលរដ្ឋ​ខ្មែរ ដែលមាន​វត្តមាន នៅក្នុង​ប្រទេស​ឥណ្ឌូនេស៊ី ប្រុងប្រយ័ត្ន បន្ទាប់ពី​កើតមានករណី​បំផ្ទុះ​គ្រាប់បែក​អត្ថ​ឃាត នៅ​ទីក្រុង Surabaya នៃ​រដ្ឋ Java ភាគ​ខាងកើត​ប្រទេស​នេះ កាលពី​ថ្ងៃអាទិត្យ និង​ថ្ងៃ​ចន្ទ ដើម្បី​រក្សា​សន្តិសុខ​ផ្ទាល់ខ្លួន​។ នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង របស់​ស្ថានទូត​ខ្មែរ ប្រចាំ​ប្រទេស​ឥណ្ឌូនេស៊ី កាលពី​ថ្ងៃទី​១៥​ខែឧសភា​ឆ្នាំ​២០១៨​។​

​យោងតាម​សេចក្តីជូនដំណឹង​ដដែល ស្ថានទូត​បាន​ណែនាំ​ដល់​ពលរដ្ឋ​ខ្មែរ ដែល​កំពុងមាន​វត្តមាន​នៅក្នុង​ប្រទេស​ឥណ្ឌូនេស៊ី​ថា បើ​ពុំមាន​កិច្ចការ​ចាំបាច់ គួរ​ចៀសវាង​ធ្វើដំណើរ ទៅ​ទីតាំង​មួយចំនួន​ដូចជា ស្ថានីយ៍​រថភ្លើង តំបន់​ក្បែរ​ទីស្នាក់ការ​ប៉ូលិស ព្រះវិហារ​កាតូលិក និង​ទីប្រជុំជន​នានា ដែល​អាចជា​ទីតាំង​មិនមាន​សុវត្ថិភាព​។​

​ការអំពាវនាវ​របស់​ស្ថានទូត​ខ្មែរ ប្រចាំ​ប្រទេស​ឥណ្ឌូនេស៊ី​បែបនេះ ធ្វើឡើង​ក្រោយ​មាន​ករណី​បំផ្ទុះ​គ្រាប់បែក បាន​កើតឡើង​ជា​បន្តបន្ទាប់​នៅក្នុង ក្រុង Surabaya​ប្រទេស​ឥណ្ឌូនេស៊ី​។ នៅក្នុង​ការ​នោះ កាលពី​អាទិត្យ​កន្លងទៅ មាន​ករណី​បំផ្ទុះ​គ្រាប់បែក​អត្ថ​ឃាត កើតឡើងបណ្តាក់​គ្នា​ដល់​ទៅ​៣​លើក នៅ​ព្រះវិហារ​កាតូលិក បណ្តា​លឲ្យមនុស្ស​១៣​នាក់​ស្លាប់បាត់​បង់ជីវិត និង​ជាង​៤០​នាក់​រងរបួស​។ យោងតាម​ការចុះផ្សាយ​ដោយ​សារព័ត៌មាន​បរទេស សកម្មភាព​បំផ្ទុះ​គ្រាប់បែក​នេះ បង្កឡើង​ដោយ​មនុស្ស​មួយ​គ្រួសារ មាន​គ្នា​៦​នាក់ ពួកគេ​ជា​សមាជិក​ក្រុម​សកម្មប្រយុទ្ធ​ក្នុងស្រុក គាំទ្រ​ក្រុម​សកម្ម​ប្រយុទ្ធ​IS​។ មនុស្ស​មួយ​គ្រួសារ​នេះ ក៏​ធ្លាប់​ធ្វើដំណើរ​ទៅ​ប្រទេស​ស៊ី​រី​ផងដែរ ជាទី​ដែល​ក្រុម​IS ប្រយុទ្ធ ជាមួយ​ទាហាន​រដ្ឋាភិបាល ដើម្បី​ដណ្តើមយក​ទឹកដី​។ 

​ដោយឡែក មួយថ្ងៃ​ក្រោយមក មាន​ករណី​បំផ្ទុះ​គ្រាប់បែក​ផ្សេងទៀត បាន​កើតឡើង នៅ​ទីស្នាក់ការ​ប៉ូលិស ស្ថិតក្នុង​ក្រុង Surabaya​ដដែល បណ្តាលឲ្យ​ប៉ូលិ​សម្នាក់​ស្លាប់ និង​មនុស្ស​មួយចំនួនទៀត​រងរបួស​។ ក្នុងករណីនេះ ប៉ូលិស​បាន​បាញ់សម្លាប់​ជនសង្ស័យ​៤​នាក់ និង​ម្នាក់​រងរបួស​។ នៅក្នុង​ករណី​បំផ្ទុះ​គ្រាប់បែក ដែល​កើតឡើង​ផ្ទួនៗ​គ្នា​នេះ ត្រូវបាន​ក្រុម​សកម្ម​ប្រយុទ្ធ​IS ប្រកាស​តាមរយៈ​ទីភ្នាក់ងារ​សារព័ត៌មាន Amaq ថា​ជា​ថ្វីដៃ​របស់​គ្នា​ពួកគេ​៕

ព័ត៌មានផ្សេងទៀត