លោក​សុខ ឥសាន និយាយ​ពី​អ្នក​ចង់​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​

17-05-2018 11:25 am
  ស្តាប់
ស្តាប់ជាសំឡេង

​ក្រោយ​ការអំពាវនាវ​ជារឿយៗ ពីសំណាក់​លោក​សម រង្ស៊ី ប្រធាន​ចលនា​សង្គ្រោះ​ជាតិ នៅ​ក្រៅប្រទេស ដែល​មិន​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​បោះឆ្នោត បាន​ធ្វើឲ្យ​លោក​សុខ ឥសាន អ្នកនាំពាក្យ​គណបក្សកាន់អំណាច បាន​ព្រលយ​សារ​យ៉ាងខ្លី ពី​អ្នក​ដែល​ចង់​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ នៅ​កម្ពុជា​។ 

​លោក​សុខ ឥសាន បាន​សរសេរ​នៅលើ​បណ្តាញ​សង្គម នា​ថ្ងៃ​ទី​១៧ ឧសភា​នេះ​ថា​៖ អ្នក​ជា​មេក្លោង បញ្ជា​ឲ្យ​អតីត​បក្សប្រឆាំង ធ្វើ​ការផ្តួលរំលំ​រាជរដ្ឋាភិបាល​កម្ពុជា ស្របច្បាប់ ដោយ​យក​គំរូ​តាម​ប្រទេស​យូ​ហ្គោ​ស្លា​វី និង​ស៊ែ​បី​។ ជា​អ្នក​យក​ផែនការ​បរទេស មក​អនុវត្ត​ក្នុង​ការផ្តួលរំលំ រាជរដ្ឋាភិបាល​កម្ពុជា​ស្របច្បាប់​។ ជា​អ្នក​ផ្តាច់​ជំនួយ​មកឲ្យ គជប ដើម្បី​ចង់​ធ្វើឲ្យ​រាំងស្ទះ​ដល់​ការបោះឆ្នោត តាម​លទ្ធិប្រជាធិបតេយ្យ​។ ជា​អ្នក​កាន់ជើង និង​គាំទ្រ​ពួក​ឧទ្ទាម​ក្រៅច្បាប់ នីរ​ទេស​នៅ​ឯនាយសមុទ្រ​។ ជា​អ្នក​ឃោសនា​ញុះញង់ មិន​ឲ្យ​ប្រជាជន​ទៅ​បោះឆ្នោត តាម​គោលការណ៍​ប្រជាធិបតេយ្យ​។ ជា​អ្នក​ដែល​ធ្វើ​ការគាបសង្កត់ ដោយ​វិធី​ផ្សេងៗ មកលើ​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ការពារ​អាយ៉ង​ក្បត់ជាតិ​របស់ខ្លួន​។ ជា​អ្នករំលោភ​ឯករាជ្យ និង​អធិបតេយ្យភាព​កម្ពុជា​។​

​ទោះបីជា​អ្នកនាំពាក្យ​រូបនេះ មិន​បាន​និយាយឲ្យចំ​ឈ្មោះ​បុគ្គល​ណាមួយក៏​ដោយ ក៏ប៉ុន្តែ​ត្រូវ​បាន​គេ​មើលឃើញ​ថា គឺ​ចង់​សំដៅ​ទៅ​លោក​សម រង្ស៊ី ដែល​តែងតែ​ស្នើ​ឲ្យ​អន្តរជាតិ ផ្តាច់​ជំនួយ​ពី​កម្ពុជា និង​មិន​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​បោះឆ្នោត​។​

​យ៉ាងណាមិញ ជុំវិញ​បញ្ហា​លទ្ធិប្រជាធិបតេយ្យ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ធ្លាប់​មានប្រសាសន៍​កាល​ពី​ដើម​ខែ​ឧសភា នៅ​ចំពោះ​មុខ​កម្មករ​-​កម្មការិនី ជាង​២​ម៉ឺន​នាក់​ថា ដរាបណា​មាន​វត្តមាន​រូបលោក​ដឹកនាំ​ប្រទេស គឺ​មិន​មាន​ជនណាម្នាក់ ឬ​ក្រុម​ណាមួយ អាច​មក​បំផ្លាញ​សន្តិភាព ស្ថិរភាព​របស់​កម្ពុជា បាន​នោះឡើយ​។​

​គួរបញ្ជាក់​ថា នៅ​បាំង​តែ​រយៈពេល ជាង​២​ខែ​ទៀត តែប៉ុណ្ណោះ ការបោះឆ្នោត​ជ្រើសរើស តំណាងរាស្ត្រ អាណត្តិ​ទី​៦ នឹង​ចូលមក​ដល់ ខណៈ​ដែល​នៅពេលនេះ គ​.​ជ​.​ប បាន​នឹង​កំពុង​រៀបចំ​បញ្ជី ឯកសារ សម្រាប់​ការបោះឆ្នោត​នេះ ជា​ដំណាក់កាលៗ​។​

​បើ​តាម​គ​.​ជ​.​ប រហូតដល់​ពេល​នេះ មាន​គណបក្ស​ចំនួន​៥​ហើយ ត្រូវបាន​ទទួលស្គាល់​ជា​ផ្លូវការ ដើម្បី​ចូលរួម​ក្នុង​ការបោះឆ្នោត ខណៈ​ដែល​គណបក្ស​ចំនួន​១៥​ផ្សេងទៀត គ​.​ជ​.​ប កំពុង​ពិនិត្យ ហើយ​នឹង​ប្រកាស​នៅ​អំឡុង​ពេល​១​សប្តាហ៍​ក្រោយពី​ដាក់ពាក្យ​។ ប៉ុន្តែ​ទន្ទឹម​នឹង​នេះ ក៏​មាន​គណបក្ស​មួយចំនួនទៀត បាន​ប្រកាស​ពី​ការ​មិន​ចូលរួម​ការបោះឆ្នោត​ផងដែរ​៕ ដោយៈ​សៅ វិសាល​

ព័ត៌មានផ្សេងទៀត