លោក​យ៉ង សាំង​កុមារ មិន​គាំទ្រ​ក្រុមហ៊ុន​វៀតណាម​មក​វិនិយោគ​លើ​វិស័យ​កសិកម្ម​នៅ​កម្ពុជា​ទេ​

17-05-2018 11:06 am
  ស្តាប់
ស្តាប់ជាសំឡេង

​ក្តីបារម្ភ​មួយ​បាន​កើតឡើង​ពី​សំណាក់​ប្រជាពលរដ្ឋ និង​អ្នកជំនាញ​កសិកម្ម  បន្ទាប់ពី​គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន វៀតណាម លើ​វិស័យ​កសិកម្ម​នៅ​កម្ពុជា លើ​ការដាំ​បន្លែ និង​ផ្លែឈើ​សម្រាប់​ផ្គត់ផ្គង់​ក្នុងស្រុក ក៏ដូចជា​ការនាំចេញ​នោះ  ព្រោះ​ប្រទេស​វៀតណាម​ត្រូវបាន​ជាប់​ឈ្មោះ​ក្នុង​បញ្ជី​ដែល​សហភាព​អ៊ឺរ៉ុប ព្រមាន​ថា​ជា​ប្រទេស​ផលិតកម្ម​ដែល​ប្រើប្រាស​ថ្នាំ​គីមី បង្ក​អោយ​ខូច​សុខភាព​។

​អ្នកជំនាញ​ផ្នែក​កសិកម្ម លោក​យ៉ង សាំង​កុមារ បាន​លើកឡើងថា «​ដើម្បី​ផលប្រយោជន៍​ជាតិ​វែងឆ្ងាយ យើង​មិន​គួរអោយ​ក្រុមហ៊ុន​វៀតណាម មក​វិនិយោគ​លើ​វិស័យ​កសិកម្ម កសិកម្ម ផ្នែក​ដាំ​ដុះ បន្លែ និង​ផ្លែឈើ​ទេ គឺ​លោក មិន​គាំទ្រ​ឡើយ ។ លោក​បន្តថា​ចង់អោយ​ប្រជាពលរដ្ឋ​ផ្ទាល់ ចេះ​ប្រើប្រាស់​ដី និង​ពង្រីក​ការដាំដុះ ដើម្បី​ឈានដល់​ការនាំចេញ​…»

​សំឡេង​លោក​យ៉ង សាំង​កុមារ​៖

​លោក​បាន​បន្តថា ដើម្បី​ធ្វើ​ការងារ​នេះ លុះត្រាតែ​មាន​ធនធានមនុស្ស  និង​អ្នកដឹកនាំ​កសិករ ជាពិសេស​កសិករ​ផ្ទាល់​ត្រូវ​ចេះ​សហការគ្នា​, ត្រូវមាន​អ្នកជំនាញ​ដើម្បី​គាំទ្រ​លើ​ផ្នែក​បច្ចេកទេស  ,​កសិករ​ត្រូវ​ចងក្រង​ជា​ក្រុម ឬ​សហគមន៍ និង​រដ្ឋាភិបាល ដើម្បី​នាំ​កសិផល​ចូលក្នុង​ទីផ្សារ ។

​លោក​ឡែក លោក​វេង សុខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម បាន​បញ្ជាក់ថា ការលើកឡើង​នូវ​ក្តីកង្វល់​របស់​អ្នកជំនាញ​កសិកម្ម និង​ប្រជាពលរដ្ឋ​មួយចំនួន  គឺជា​ការទទួល​ព័ត៌មាន​មិនបាន​ស៊ីជម្រៅ​។ លោក​ថា ការជួប​ជាមួយ​ប្រតិភូ​វៀត​ណា​កន្លងមក គឺ​គ្រាន់តែ​បង្ហាញ​ពី​បំណង​ចង់​វិនិយោគ​លើ​វិស័យ​កសិកម្ម​កម្ពុជា​តែប៉ុណ្ណោះ ដោយសារ​វិនិយោគិន​វៀតណាម​សំឡឹង​ឃើញ បន្លែ ផ្លែឈើ​វៀតណាម​កំពុងមាន​បញ្ហា​។ នេះ​បើតាម​ការផ្តល់​សម្ភាសន៍​របស់លោក​ជា ភ្នាក់ងារ Fresh news ម្សិលមិញ​។​

​គួរ​បញ្ជាក់ថា ក្រុមហ៊ុន​ធំ​មួយ​របស់​វៀតណាម គឺ​ក្រុមហ៊ុន FLC Group ចង់​បោះទុន​ជា​ទឹកប្រាក់​ប្រមាណ​១​ពាន់​លាន​ដុល្លារ នៅ​ឆ្នាំ​២០១៩​ខាងមុខ វិនិយោគ​លើ​ការដាំដុះ​បន្លែ និង​ផ្លែឈើ​សម្រាប់​នាំចេញ និង​ផ្គត់ផ្គង់​ទេសចរ​ក្នុងស្រុក​។ គម្រោង​នេះ​បានបង្ហាញ​ក្នុងជំនួប​រវាង​លោក​វេង សុខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម និង​ប្រតិភូ​ក្រុមហ៊ុន​វៀតណាម FLC Group  កាលពី​ថ្ងៃទី​១០ ឧសភា កន្លងទៅ​។​

​ក្នុងនោះ​លោក វេង សុខុន ក៏​បានបញ្ជាក់​ដែលថា ក្រុមហ៊ុន​នេះ​មិន​ត្រឹមតែ​វិនិយោគ​លើ​វិស័យ​កសិកម្ម លើ​ការដាំ បន្លែ ម្ទេស  និង​ផ្លែឈើ់ ដើម្បី​ផ្គត់ផ្គង់​ក្នុងស្រុក និង​នាំចេញ​ប៉ុណ្ណោះ​ទេ ក្រុមហ៊ុន​នេះ ក៏​ចង់​ធ្វើ​ការកែច្នៃ និង​វេច​ខ្ចប់ ផលិតផល​កសិកម្ម នៅ​កម្ពុជា​ក្នុង​ការនាំចេញ​ផងដែរ​។

ព័ត៌មានផ្សេងទៀត