លោក​ហ៊ុន សែន ផ្ញើ​សារ​ជូនពរ​​ដល់​​សាសនិក​​ឥស្លាម​​ទាំងអស់​ក្នុងឱកាស​​​បុណ្យ​រ៉​ម៉ា​ឌន​​​​​​

17-05-2018 8:53 am

​ក្នុង​ឱកាស​ពិធី​ចូល​បួស​ខែ​រ៉​ម៉ា​ឌន របស់​អ្នក​កាន់​សាសនា​អ៊ីស្លាម​ចូលមក​ដល់ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា​បាន ផ្ញើ​សារ​ជូនពរ ដល់​សាសនិក​ឥស្លាម​ទាំង​ក្នុង និង​ក្រៅប្រទេស រួម​ទាំង​សាសនិក​ឥស្លាម​ទាំងអស់​នៅ​ជុំវិញ​ពិភពលោក​។​

​លោកនាយក​រដ្ឋមន្ត្រី បាន​សរសេរ​យ៉ាង​ដូច្នេះ​ថា «​ក្នុងនាម​ខ្ញុំ ជា​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ភរិយា ខ្ញុំ​សូម​អបអរសាទរ និង​សូម​ជូន​នូវ​ពរជ័យ សិរី​សួស្ដី សុភមង្គល បវរ​មហាប្រសើរ ជូន​ដល់​បងប្អូន​សាសនិក​ឥស្លាម​កម្ពុជា ក្នុង និង​ក្រៅប្រទេស រួម​ទាំង​បងប្អូន សាសនិក​ឥស្លាម នៅ​ទូទាំង​ពិភពលោក​ផង​ដែរ ដែល​បាន​ចូល​បួស​ខែ​រ៉​ម៉ា​ឌន ដែល​កម្ពុជា​នឹង​ចាប់ផ្ដើម នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​១ ខែ រ៉​ម៉ា​ឌន ឆ្នាំ​១៤៣៩ ម៉ូ​ហាំ​ម៉ាត់ សករាជ ត្រូវ​នឹង​ថ្ងៃទី ៣ កើត ខែ ជេ​ស្ឋ ឆ្នាំច សំរឹទ្ធ​ស័ក ព​.​ស ២៥៦២ ដែល​ត្រូវ​នឹង​ថ្ងៃ​ទី​១៧ ខែ​ឧសភា ឆ្នាំ​២០១៨​។​

​ខ្ញុំ​សូម​បួងសួង​ឲ្យ​បងប្អូន​ទាំងអស់​ទទួលបាន​នូវ​សេចក្កី​សុខសប្បាយ ក្ដីមេត្តា ករុណា​ពី​អល់​ឡស់​គ្រប់ៗ​គ្នា និង សុំ​ឲ្យអល់​ឡស់​ទទួលយក​នូវ​កុស​ល​ផល​បុណ្យ​ខែ​បួស​រ៉​ម៉ា​ឌន ទាំងអស់​ដែល​បងប្អូន​បាន​ប្រតិបត្តិ សាង​ឡើង​កុំបី​អាក់ខាន​ឡើយ​»​។​

​សូមបញ្ជាក់​ថា នៅ​ថ្ងៃ​ទី​១៧ ឧសភា​នេះ អ្នក​កាន់​សាសនា​អ៊ីស្លាម ប្រមាណ​ជិត​២​ពាន់​លាន​នាក់ នៅ​ជុំវិញ​ពិភពលោក ចាប់ផ្ដើម​អនុវត្ត​កាត្វ​កិច្ចតម​អាហារ ក្នុង​ខែ​រ៉​ម៉ា​ឌន ដែល​ជា​ខែ​ពិសិដ្ឋ​របស់​ខ្លួន​។ នៅ​កម្ពុជា ខែ​រ៉​ម៉ា​ឌន ត្រូវបាន​គេ​ហៅ​ជា​ទូទៅ​ថា ជា​ខែ​ដែល​បងប្អូន​ខ្មែរ​អ៊ីស្លាម​បួស​ឬ ជា​ខែ​បួស ឬក៏​ជា​ខែ​ដែល​ជន​មូស្លីម តម​មិន​បរិភោគ ឬ​ផឹក​នៅ​ពេល​ថ្ងៃ រយៈពេល​មួយ​ខែ​៕

ព័ត៌មានផ្សេងទៀត