​ដោះលែង​ឬបន្តឃុំខ្លួន​​អតីត​អ្នកសារព័ត៌មាន​​អាស៊ី​សេរី​​ទាំង២​នឹង​​សម្រេច​​នៅ​​ចុង​សប្តាហ៍​​​​នេះ​

16-05-2018 5:05 pm 467

​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៦ ឧសភា​នេះ បាន​បន្ត​សួរចម្លើយ លើ​អតីត​អ្នកសារព័ត៌មាន​វិទ្យុ​អាស៊ីសេរី​ទាំង​២​រូប ពាក់ព័ន្ធ​ការពិនិត្យ​លើ នីតិវិធី​នៃ​ការបន្ត​ឃុំខ្លួន​ក្នុងដំណាក់កាល​ស៊ើបសួរ​។ អ្នក​ទាំង​២ ត្រូវបាន​តុលាការ​ឃុំ​បណ្តោះអាសន្ន រយៈពេល​៦​ខែ​មក​ហើយ ហើយ​ការសម្រេច​ដោះលែង ឬ​យ៉ាងណា​នោះ នឹង​ត្រូវ​ប្រកាស​នៅ​ចុង​សប្តាហ៍​នេះ​។​

​លោក កែវ វ៉ាន់​នី មេធាវី​ការពារ​ក្ដី ឲ្យ​អតីត​អ្នកយក​ព័ត៌មាន វិទ្យុ​អាស៊ីសេរី​ទាំង​២​រូប បាន​ប្រាប់​ដល់​អ្នកសារព័ត៌មាន ក្រោយ​បញ្ចប់​ការសួរចម្លើយ នៅ​ថ្ងៃ​ទី​១៦ ឧសភា​នេះ​ថា តុលាការ​ឃុំ​ខ្លូន​កូនក្ដី​របស់​លោក​រយៈពេល​៦​ខែ​មកនេះ តុលាការ មិន​បាន​រកឃើញ​ភស្តុតាង​អ្វី​ថ្មី​ទេ​។ លោក​ថា ប្រសិនបើ​ចង់​ឆែក​រក​ព័ត៌មាន​សម្ងាត់ គឺ​ឆែក​ត្រឹមតែ​២​ខែ​ឃើញ​ហើយ​។ ព្រោះ​ទាំង​កុំព្យូទ័រ ទូរស័ព្ទ ត្រូវបាន​រឹបអូស​យក ហើយ​លេខ​កូដ​សម្ងាត់ ក៏​កូនក្តី​របស់​លោក​ប្រាប់​រួចរាល់​អស់ហើយ​ដែរ​។ 

​អតីត​អ្នកយកព័ត៌មាន​វិទ្យុ​អាស៊ីសេរី លោក អួន ឈិន និង​លោក យាង សុធា​រិន្ទ ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន នៅក្នុង​ផ្ទះសំណាក់​មួយ នៅក្នុង​ខណ្ឌ​មានជ័យ កាលពី​ថ្ងៃ​ទី​១៤​ខែវិច្ឆិកា ដោយ​សមត្ថកិច្ច​ចោទថា បាន​លួច​ផលិត​ព័ត៌មាន​ពី​ប្រទេស​កម្ពុជា ផ្ញើរ​ទៅ​ឲ្យ​វិទ្យុ​អាស៊ីសេរី នៅ​សហរដ្ឋអាមេរិក​។ ក្នុង​ប្រតិបត្តិការ​ឆែកឆេរ សមត្ថកិច្ច​ក៏​បាន​រកឃើញ មានការ​លួចលាក់​ផលិត​រូបភាព និង​វីដេអូ​អាសអាភាស​ផងដែរ​៕ ដោយៈ​សៅ វិសាល​

ព័ត៌មានផ្សេងទៀត