សហជីព​​លោក​​រ៉ុង ឈុន​​ព្រួយ​បារម្ភ​​ថា​​សភាព​ការណ៍​​បោះ​ឆ្នោត​​អាច​​ប៉ះពាល់​​ការ​ងារ​​កម្មករ​​

16-05-2018 4:17 pm
  ស្តាប់
ស្តាប់ជាសំឡេង

​សហភាព​សហជីព​កម្ពុ​ជា​របស់លោក រ៉ុង ឈុន បានដាក់​ការព្រួយបារម្ភ​ចំពោះ​ការបោះឆ្នោត​នៅ​ថ្ងៃទី​២៩ កក្កដា ខាងមុខនេះ អាច​នឹងមិន​ទទួលស្គាល់ ពី​សហគមន៍​អន្តរជាតិ ជាពិសេស​ប្រទេស​មួយចំនួន ដែលជា​ទីផ្សារ​របស់​កម្ពុជា ក្នុងការ​នាំចូល​សម្លៀក​បំពាក់ ស្បែកជើង និង​ការ​បូ​ប ហើយ​បញ្ហា​នេះ​នឹង​ធ្វើឱ្យប៉ះពាល់​ដល់​ការងារ​របស់​កម្មករ កម្ម​ការ​រិនី ប្រសិនបើ​រដ្ឋាភិបាល​កម្ពុជា មិន​ធ្វើតាម​ការស្នើសុំ​របស់​ប្រទេស​ទាំងនោះ​។ (​សេង បារាំង​) 

​សហភាព​សហជីព​កម្ពុ​ជា តាមរយៈ​សេចក្ដីថ្លែងការណ៍​របស់​ខ្លួន បាន​សង្កេតឃើញថា បន្ទាប់ពី​មាន​ការចាប់ខ្លួន​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​ការរំលាយ​គណបក្ស​សង្គ្រោះ​ជាតិ សហគមន៍​អន្តរជាតិ បានស្នើ​ដល់​រដ្ឋាភិបាល​កម្ពុជា ឱ្យ​ស្ដារ​ស្ថានភាព​សិទ្ធិមនុស្ស និង​ប្រជាធិតេយ្យនៅ​កម្ពុជា​ទៅរក​ស្ថានភាព​ដើមវិ​ញ​។ សហភាព​សហជីព​កម្ពុ​ជា បាន​អះអាងថា សហគមន៍​អន្តរជាតិ ចង់ឃើញ​កម្ពុជា​មានកា​រ​រៀបចំ​បោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ យុត្តិធម៌ និង​គោរព​តាម​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​។  

​សហភាព​សហជីព​កម្ពុ​ជាមួយនេះ បានដាក់​ការព្រួយបារម្ភ​ចំពោះ​ការបោះឆ្នោត​នៅ​ថ្ងៃទី​២៩​កក្កដា ខាងមុខ ដែល​មិនបាន​ដោះស្រាយ​វិបត្តិ​នយោបាយ អាចធ្វើឱ្យ​បណ្ដា​ប្រទេស​ដែល​ស្នើ​ដល់​រដ្ឋាភិបាល​កម្ពុជា មិន​ទទួលស្គាល់​នូវ​លទ្ធផល​នៃ​ការបោះឆ្នោត​នេះ ជាហេតុ​នាំ​ឱ្យមាន​ផលប៉ះពាល់​ដល់​ការងារ​របស់​កម្មករ កម្ម​ការ​រិនី ពីព្រោះ​ប្រទេស​ទាំងនោះ គឺជា​ទីផ្សារ​របស់​កម្ពុ​ជា ដែល​នាំចូល​សម្លៀកបំពាក់ ស្បែកជើង និង​ការ​បូ​ប​។​

​យ៉ាងណាក៏ដោយ​ទាក់ទង​ទៅនឹង​បញ្ហា​នេះ​វិទ្យុ​វា​យោ មិនអាច​សុំ​ការឆ្លើយបំភ្លឺ​ពី​អ្នកនាំពាក្យ​ក្រសួង​ការងារ​បាន​នោះទេ​។ ដោយឡែក​លោក សោម អូន ប្រធាន​ក្រុមប្រឹក្សា​សហជីព​ជាតិ​កម្ពុជា​មួយរូប​ដែរនោះ​វិទ្យុ​វាយោ មិនអាច​សុំ​ការអត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បាន​ដូចគ្នា ដោយ​ទូរស័ព្ទ​ចូល​ហើយ តែ​គ្មាន​អ្នកទទួល​។ 

​គួរ​បញ្ជាក់ថា សហភាព​សហជីព​កម្ពុ​ជា របស់លោក រ៉ុង ឈុន ដែល​ពីមុន​លោក​ធ្លាប់ជា​អតីត​សមាជិក គ​.​ជ​.​ប មកពី​កូតា​គណបក្សប្រឆាំង បាន​ទទូច​ឱ្យ​រដ្ឋាភិបាល​កម្ពុជា ដោះលែង​លោក កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ អតីត​បុគ្គលិក​អាស៊ីសេរី លើកលែងទោស​អ្នកទោស​មនសិការ សកម្មជន​ដីធ្លី និង​ផ្ដល់​នីតិសម្បទា​ដល់​គណបក្ស​សង្គ្រោះ​ជាតិ​វិញ ដើម្បី​រក្សា​ទំនាក់ទំនង​ល្អ​ជាមួយ​សហគមន៍​អន្តរជាតិ ស្ថិរភាព​សង្គម កំណើនសេដ្ឋកិច្ច និង​រក្សា​ការងារ​ជូន​កម្មករ កម្មការិនី​៕


ព័ត៌មានផ្សេងទៀត