សិង្ហ​បុរី​៖​​ជម្លោះ​ពាណិជ្ជកម្ម​​អាមេរិក​-​ចិន​​គំរាមកំហែង​​ការរីកចម្រើន​​របស់​​​ពិភពលោក​

16-05-2018 4:16 pm 688
  ស្តាប់
ប្រធានាធិបតីចិន(ឆ្វេង)​និងប្រធានាធិបតីអាមេរិក
ស្តាប់ជាសំឡេង

​នាយករដ្ឋមន្ដ្រី​សិង្ហ​បុរី​លោក​លី ស៊ាន​ឡុង បាន​និយាយ​ក្នុង​សភា​នៅ​ថ្ងៃទី​១៦​ឧសភា​នេះ​ថា ភាព​តានតឹង​ពាណិជ្ជកម្ម​រវាង​អាមេរិក​និង​ចិន បានធ្វើឲ្យ​ខូច​ដល់​ប្រព័ន្ធ​ពាណិជ្ជកម្ម​ពហុភា​គី គំរាមកំហែង​ដល់​វិបុលភាព​ជា​សកល ពិសេស​សម្រាប់​បណ្ដា​ប្រទេស​តូចៗ​ដូចជា​សិង្ហ​បុរី​ជាដើម​។ លោក​លី​បាន​រៀបរាប់​ផងដែ​រថា អន្ដរជាតិ​កំពុង​រង​សម្ពាធ​ដោយសារ​បណ្ដា​ប្រទេស​លោកខាងលិច សំខាន់​ទាក់ទង​នឹង​បញ្ហា​អត្ថប្រយោជន៍ ការបើកចំហរ និង​ពាណិជ្ជកម្ម​សេរី​តែម្ដង​។​

​លោក​បន្ថែមថា ស្ថិតក្រោម​ការដឹកនាំរ​បស់​រដ្ឋបាល​លោក​ដូណាល់ ត្រាំ អាមេរិក​កំពុង​គិតថា​ខ្លួនឯង​ទទួលបាន​ប្រយោជន៍​ច្រើន​ពី​បណ្ដា​ប្រទេស​នានា​លើ​សកលលោក សមាមាត្រ​នឹង​ការចំណាយ​របស់​អាមេរិក​។ អាមេរិក​នៅតែមាន​គោលដៅ​ចង់បាន​ភាពច្បាស់លាស់​ថា ពួកគេ​នឹង​អាចមាន​ផលចំណេញ​ដោយផ្ទាល់​តាមរយៈ​ផលិតផល​របស់គេ និង​តាមរយៈ​ប្រទេស​ដែល​គេ​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​។ ការធ្វើ​ពាណិជ្ជកម្ម​កំពុង​ក្លាយជា​បញ្ហា​ចម្បង​សម្រាប់​ប្រទេស​ចិន​និង​អាមេរិក ពិសេស​គឺ​ទំនាក់ទំនង​ទូលំទូលាយ​រវាង​ប្រទេស​ទាំងពីរ​។​

​លោក​នាយករដ្ឋមន្ដ្រី​លី ស៊ាន​ឡុង​សង្កត់ធ្ងន់​ដែរថា អាមេរិក​នៅតែ​រឹងមាំ រឹងមាំ​ខ្លាំង​គឺ​វិស័យ​យោធា ប៉ុន្ដែ​ចិន​កំពុង​រីកលូតលាស់ និង​កំពុង​ពង្រីក​ឥទ្ធិពល​ប្រកបដោយ​ទំនុកចិត្ដ​។ ប្រសិនបើ​គ្មាន​ការ​ទុកចិត្ដ​គ្នា​ការប្រជែង​កើតឡើង​កាន់តែខ្លាំង​រវា​ង​ប្រទេស​ទាំងពីរ នោះ​ជា​ជំហាន​ឆ្ពោះទៅរក​ការមិនចុះសម្រុង​ផ្នែក​ពាណិជ្ជកម្ម​ហើយ ចំណែក​ជម្លោះ​ពាណិជ្ជកម្ម​នឹង​កើតឡើង​កាន់តែ​ធ្ងន់ធ្ងរ​។ 

​ដ្បិតថា​អាមេរិក​និង​ចិន​ស្ថិតនៅ​ឆ្ងាយ​ពី​សង្គ្រាម​ពាណិជ្ជកម្ម ប៉ុន្ដែ​មិន​អាចសន្និដ្ឋាន​បានទេ​ថា​ទំនាក់ទំនង​របស់គេ​នៅ​ថ្ងៃ​ខាងមុខ​នឹង​ទៅជា​យ៉ាងណា​។ ករណី​មាន​ជម្លោះ​កាន់តែ​ធ្ងន់ធ្ងរ​កើតឡើង មិនមែន​តែ​ចិន​និង​អាមេរិក​ទេ​ដែល​ទទួលលទ្ធផល​អាក្រក់ វា​នឹង​ជះឥទ្ធិពល​ដល់​ពិភពលោក​ទាំងមូល ពិសេស​គឺ​ប្រទេស​តូចតាច​តែម្ដង​គ្មានអ្វី​ត្រូវ​និយាយ​ទេ​។​

គួរ​បញ្ជាក់ថា ជម្លោះ​ពាណិជ្ជកម្ម​រវាង​អាមេរិក​និង​ចិន​បាន​ផ្ទុះឡើង​ខ្លាំង​ក្នុង​រយៈពេល​ថ្មីៗ ដោយមាន​ការប្រកាស​ដំឡើង​ពន្ធ​លើ​មុខទំនិញ​ចូល​រៀងៗ​ខ្លួន តម្លៃ​រាប់ពាន់លាន​ដុល្លារ​។ អាមេរិក​ចោទថា​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​ចិន​គ្មាន​តុល្យភាព ចិន​បាន​លួច​កម្មសិទ្ធិ​បញ្ហា​អាមេរិក ដូច្នេះ​ស្នើឲ្យ​ចិន​ដោះស្រាយ​ជាបន្ទាន់​។ តែ​ចិន​ប្រកាសថា​នឹង​សងសឹក បើ​អាមេរិក​ធ្វើឲ្យ​ខ្លួន​ខាតបង់​៕

ព័ត៌មានផ្សេងទៀត