អ្នកច្បាប់​ថា ទៅ​ឬ​មិន​​ទៅ​បោះ​ឆ្នោត​ជា​«​សិទ្ធិ​»​​របស់​ពលរដ្ឋ​ ​គ្មាន​ជាប់ទោស​ទណ្ឌ​

16-05-2018 3:27 pm 2770
  ស្តាប់
ពលរដ្ឋកំពុងពិនិត្យឈ្មោះ ដើម្បីចូលរូមបោះឆ្នោត។
ស្តាប់ជាសំឡេង

​អ្នកច្បាប់ ​និង​ អង្គការ​ឃ្លាំមើល​ការបោះឆ្នោត ​បាន​អះអាង​ស្រដៀង​គ្នា​ថា បាន​ទៅ​បោះឆ្នោត​ ឬ​មិនបាន​ទៅ​បោះឆ្នោតឱ្យ​គណបក្សនយោបាយ​ណាមួយ ​វា​ជា​សិទ្ធិ និង​ឆន្ទៈ​ស្ម័គ្រចិត្ត​ស្រប​តាមច្បាប់ ​ដែលមាន​នៅក្នុង​ប្រទេស​នា​ពេលបច្ចុប្បន្ន​។ ការអះអាង​នេះ ធ្វើឡើង​ក្រោយពី​មាន​ព័ត៌មាន​លេចលឺ​ថា អ្នក​មិន​ទៅ​បោះឆ្នោត​អាច​នឹង​ជាប់ទោស ហើយ​ចាត់ទុក​​ ជា​អ្នកគាំទ្រ​ពួក​ក្បត់ជាតិ​។​

​ខណៈដែល​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦​ កាន់តែ​ខិតជិត​នឹង​ចូល​មកដល់ ព័ត៌មាន​លេចលឺ​មួយចំនួន​ចេះតែ​កើតមាន​ នៅតាម​បណ្តាញ​សង្គម ហើយ​បង្ក​ជា​ក្តីបារម្ភ ចំពោះ​ប្រជាពលរដ្ឋ​ដែល​គ្មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត និង អ្នក​មិន​ចង់ទៅ​បោះឆ្នោត​។​

​កាលពីដើម​ខែឧសភា ឆ្នាំ​២០១៨ មន្ត្រី​គណបក្សកាន់អំណាច បានចាត់ទុក​អ្នក​ដែល​មិន​ទៅ​បោះឆ្នោត​ថា​ជា​អ្នកគាំទ្រ​ពួក​ក្បត់ជាតិ​ប្រសិន​ណា​ជា​គ្មាន​ស្នាម​ប្រឡាក់​ទឹកខ្មៅ​នៅលើ​ម្រាមដៃ​ក្រោយ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ដែល​គ្រោង​នៅ​ខែកក្កដា​ខាងមុខនេះ​។​

​សារ​នយោបាយ​នេះ​ត្រូវបាន​លេចឡើង​ក្រោយពី​ប្រជាពលរដ្ឋ​មួយចំនួន​បានបង្ហាញ​ជំហរ​តាម​បណ្ដាញ​សង្គម​ហ្វេ​សប៊ុក ថា ពួកគេ​នឹងមិន​ទៅ​ចូលរួម​ការបោះឆ្នោត​ខាងមុខ​ទេ​បើសិន​មិនមាន​វត្តមាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវបាន​តុលាការ​កំពូល​រំលាយចោល​កាលពី​ចុងឆ្នាំ ២០១៧ ដោយ​ជាប់ចោទ​ពី​អំពើ​ក្បត់ជាតិ​។​

​លោក សុក សំអឿន អ្នកជំនាញ​ផ្នែក​ច្បាប់​នៅ​កម្ពុជា​បាន​ថ្លែងថា​ការសម្រេចចិត្ត​ទៅ​បោះឆ្នោត ឬ មិន​ទៅ​របស់​ពលរដ្ឋ​គឺជា​សិទ្ធិ​របស់​ពួកគេ​ដោយសារតែ​ប្រទេស​កម្ពុជា​មិន​មានច្បាប់​ដែល​តម្រូវឲ្យ​ពលរដ្ឋ​ត្រូវតែទៅ​បោះឆ្នោតទេ​។​លោក​ថា ច្បាប់​នៅ​កម្ពុជា​សព្វថ្ងៃ​អត់​មាន​បង្ខំ​និង​ចែង​ពី​ទោសទណ្ឌ​ចំពោះ​អ្នក​អត់​ទៅ​បោះឆ្នោត​ទេ​។​

​លោក​ យឿ​ង សុធា​រ៉ា​ មន្ត្រី​ផ្នែក​ច្បាប់ នៃ​អង្គការ​ខុមហ្វ្រែល ឱ្យដឹងថា​បាន​ទៅ​បោះឆ្នោត​ឬ​មិនបាន​ទៅ​បោះឆ្នោតឱ្យ​គណបក្សនយោបាយ​ណាមួយ​វា​ជា​សិទ្ធិ និង​ឆន្ទៈ​ស្ម័គ្រចិត្ត​ស្រប​តាមច្បាប់​ដែលមាន​នៅក្នុង​ប្រទេស​នា​ពេល​បច្ចុប្បន្ននេះ​។​លោក​ថា អាជ្ញាធរ​ណា​គំរាមកំហែង​ថា​អ្នកបោះឆ្នោត​ណា​មិនបាន​ទៅ​បោះ​ដោយ​ចោទថា គាំទ្រ បក្ស​ក្បត់ជាតិ​ជា​ការគំរាមកំហែង​រំលោភច្បាប់​និង​បំពាន​សិទ្ធិ​ប្រជាពលរដ្ឋ​ដែលជា​ម្ចាស់ឆ្នោត​។​

​លោក​ យឿ​ង ​សុធា​រ៉ា បាន​គូសបញ្ជាក់ថា នៅ​ប្រទេស​ចំនួន​គេ​មានច្បាប់​សម្រាប់​ដាក់ទោស ទៅលើ​អ្នក​ដែល​មិន​ទៅ​បោះឆ្នោត ដោយ​លោក​លើក​ជា​ឧទាហរណ៍​ដូចជា ប្រទេស​ថៃ​ជាដើម​។​លោក​ថា ការដាក់​កាតព្វកិច្ច​ឱ្យ​ប្រជាពលរដ្ឋ​ចេញទៅ​បោះឆ្នោត ជា​គំនិតល្អ​មួយ ក៏ប៉ុន្តែ​ត្រូវធ្វើឡើង​ទៅតាម​កាលទេសៈ សម្រាប់​កម្ពុជា​ប​ច្ច​ប្បន្ន​មិន​អាចបង្កើត​ច្បាប់​នេះ​បានទេ ដោយសារតែ​បញ្ហា​ជម្លោះ​នយោបាយ​។​

យោងតាម​ច្បាប់រដ្ឋធម្មនុញ្ញ ដែលជា​ច្បាប់កំពូល​របស់​កម្ពុជា​បានចែង​ក្នុង​មាត្រា ៣៤ ថ្មី​ថា ពលរដ្ឋ​ទាំង ២​ភេទ​មាន​សិទ្ធិ​បោះឆ្នោត និង​អាច​ឈរឈ្មោះ​ឱ្យគេ​បោះឆ្នោត​។​មាត្រា​នេះ​ក៏​ចែង​ដែរថា ពលរដ្ឋ​ទាំង ២ ភេទ មាន​អាយុ​ចាប់ពី ១៨​ឆ្នាំមាន​សិទ្ធិ​បោះឆ្នោត​។ ចំណែក មាត្រា ៧៦​នៃ​រដ្ឋធម្មនុញ្ញ បានចែង​ទៀតថា​តំណាងរាស្ត្រ ត្រូវ​ជ្រើសតាំង​ដោយ​ការបោះឆ្នោត​ជា​សកល ដោយ​សេរី​ដោយ​ស្មើភាព ដោយ​ចំពោះ និង​តាម​វិធី​ជ្រើសរើស​ឆ្នោត​ជាសម្ងាត់​។​

​គួរ​បញ្ជាក់ថា ចាប់តាំងពី​ឆ្នាំ​១៩៩៨​មក​កម្ពុជា​រៀបចំ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​ចំនួន​៤​លើក​។​លើក​ទី​១ នៅ​ឆ្នាំ​១៩៩៨​មាន​ពលរដ្ឋ​ទៅ​បោះឆ្នោត​ចំនួន​៩៣,៧៤​ភាគរយ លើក​ទី​២​បោះឆ្នោត​ឆ្នាំ​២០០៣ ពលរដ្ឋ​ទៅ​បោះឆ្នោត​៨៣,២៧​ភាគរយ លើក​ទី​៣​ឆ្នាំ​២០០៨ មាន​៧៥,២១​ភាគរយ​និង ឆ្នាំ​២០១៣ មាន​៦៩,៧១​ភាគរយ​។ ​ចំណែក​បោះឆ្នោត​នៅ​ឆ្នាំ​២០១៨​នេះ​ចំនួន​អ្នក​ទៅ​បោះឆ្នោត​អាច​នឹង​ធ្លាក់​បន្ត ព្រោះ​អី​គណបក្សប្រឆាំង ត្រូវ​អវត្តមាន​ក្នុង​ដំណើរការ​បោះឆ្នោត​អាណត្តិ​ទី​៦​នេះ​។​នេះ​បើតាម លោក​សម គន្ធា​មីនា​យក​ប្រតិបត្តិ​គណៈកម្មាធិការ​អព្យាក្រឹត និង​យុត្តិធម៌​ដើម្បី​ការបោះឆ្នោត​ដោយ​សេរី​។​

​តាមលោក សម គន្ធា​មី បានធ្វើ​ការព្យាករណ៍​ថា អ្នក​ទៅ​ចូលរួម​បោះឆ្នោត​នៅ​អាណត្តិ​ទី​៦​នេះ អាចមាន​ពលរដ្ឋ​ទៅ​បោះឆ្នោត​ក្នុង​រង្វង់​៦០​ភាគរយ ទាប​ជាង​ការបោះឆ្នោត​ឃុំ​-​សង្កាត់ មាន​រហូតដល់​ជាង​៨០​ភាគរយ​។​

ដោយឡែក ​បច្ចុប្បន្ន​អ្នកគាំទ្រ​គណបក្សកាន់អំណាច​កំពុង​ធ្វើ​យុទ្ធនាការ​តាម​បណ្តាញ​សង្គម​ហ្វេ​សប៊ុក​ដោយបាន​គៀងគរ​ឱ្យ​ប្រជាពលរដ្ឋ​កម្ពុជា​ចេញទៅ​បោះឆ្នោត នៅ​ថ្ងៃទី​២៩​ខែកក្កដា​ខាងមុខ បើទោះបីជា​គ្មាន​គណបក្សប្រឆាំង​ក៏ដោយ​។​យុទ្ធនាការ​នេះ បាន​ធ្វើឡើង​ក្រោមរូបភាព ការផ្លាស់ប្តូរ (Profile) រូបថត​របស់ខ្លួន​ម្នាក់ៗ នៅលើ​គណនី​ហ្វេ​សប៊ុក​ផ្ទាល់ខ្លួន​ជា​យុទ្ធនាការ ដែល​គេ​មើលឃើញថា ដើម្បី​ប្រឆាំងនឹង​ការអំពាវនាវ​របស់លោក ​សម រង្ស៊ី​៕

ព័ត៌មានផ្សេងទៀត