រដ្ឋាភិបាល​បង្ហាញ​មោទនភាព​ក្នុង​កិច្ចការ​រំដោះ​មីន​ជាង​២០​ឆ្នាំ​

16-05-2018 2:59 pm 849
  ស្តាប់
លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ (ស្តាំ) ធ្វើបទបង្ហាញដល់អ្នកចូលរួម​ក្នុងកម្មវិធីព្រឹកម៉ិញ ។
ស្តាប់ជាសំឡេង

​លោក ប៊ិន ឈិន រដ្ឋមន្ត្រី​ស្តីទី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី លើកឡើងថា កម្ពុជា​ពិតជា​បាន​ឆ្លើយតប​ទៅ​នឹង​វិស័យ​សកម្មភាព​មីន​នៅ​កម្ពុជា រយៈពេល​២៥​ឆ្នាំ ដោយ​បាន​មើលឃើញ​ពី​ការ​ទទួល​ផល​ពី​ដី​ចម្ការ​មីន ទៅ​ជា​ដី​បង្កបង្កើន​ផល​យ៉ាងគំហុក ។ ផ្ទៃដី​ដែល​បាន​រំដោះ​គ្រាប់មីន ឬ​គ្រាប់​សំណល់​មិនទាន់​ផ្ទុះ ពិតជា​បាន​ចូលរួម​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ និង​ធ្វើឱ្យ​ប្រជាពលរដ្ឋ​ទទួល​បាន​ការ​ចិញ្ចឹមជីវិត​យ៉ាង​ល្អប្រសើរ ។​

​លោក​បាន​លើកឡើង​បែប​នេះ នៅក្នុង​ឱកាស​បើក​សន្និបាតជាតិ​វិស័យ​បច្ចេកទេស​មីន ឆ្ពោះទៅ​រក​កម្ពុជា​ដែល​គ្មាន​មីន​ឆ្នាំ​២០២៥ នា​ព្រឹក​ថ្ងៃទី​១៦ ខែ​ឧសភា ។​

​លោក​ប៊ិន ឈិន បញ្ជាក់ថា មកទល់​នឹង​ពេល​បច្ចុប្បន្ន​នេះ សម្រាប់​វិស័យ​សកម្មភាព​មីន រាជរដ្ឋាភិបាល​កម្ពុជា បាន​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង​រហូត​ឈាន​ទៅដល់​ការកាត់បន្ថយ​ភាពក្រីក្រ នៅតាម​តំបន់ ដែល​ជា​ទីតាំង​សំបូរ​ដោយ​គ្រាប់​មីន និង​សំណល់​ជាតិ​ផ្ទុះ​ក្នុង​សង្គ្រាម ។​

​គូសបញ្ជាក់ថា គិត​ត្រឹម​ខែ​ធ្នូ ឆ្នាំ​២០១៧ ផ្ទៃដី​ទំហំ ១.៧០០​គីឡូម៉ែត្រ​ក្រឡា ត្រូវបាន​បោសសម្អាត​សម្រាប់​យក​ទៅ​ប្រើប្រាស់ និង​បង្កបង្កើនផល ។ គ្រាប់​មីន​ចំនួន​ប្រមាណ ១,២៥​លាន​គ្រាប់ និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ចំនួន​ប្រមាណ ២,៧​លាន​គ្រាប់ ត្រូវបាន​រកឃើញ និង​កម្ទេច​ចោល ។ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ប៉ាន់ប្រមាណ​ថា ផ្ទៃដី​ប្រមាណ ២.០០០​គីឡូម៉ែត្រ​ក្រឡា​ផ្សេងទៀត នៅ​មាន​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​នៅ​ឡើយ ៕ (​ដោយ​៖ គង់ ឧត្តម​)

ព័ត៌មានផ្សេងទៀត