គណបក្ស​មួយទៀត​​ប្រកាស​​មិន​ទទួលស្គាល់​​លទ្ធផល​បោះឆ្នោត​​

16-05-2018 1:46 pm 2286
  ស្តាប់
ស្តាប់ជាសំឡេង

​បន្ទាប់ពី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ពេលនេះ​មាន​គណបក្ស​មួយទៀត​ដែល​តាំងខ្លួន​ជា​អ្នកប្រឆាំង​ដែរ បានប្រកាស​មិន​ទទួលស្គាល់​លទ្ធផល​បោះឆ្នោត និង​មិន​ចូលរួម​ឈរឈ្មោះ​បោះឆ្នោត នា​ខែកក្កដា​ខាងមុខនេះ​ទេ នោះ​គឺ​គណបក្ស​អំណាច​ខ្មែរ ដែល​ដឹកនាំ​ដោយ​ប្រធាន​ថ្មី​លោក​សួង សុភ័ណ្ឌ ខណៈ​ស្ថាបនិក​លោក​សួន សេរី​រដ្ឋា ត្រូវបាន​រដ្ឋាភិបាល​ចាប់ខ្លួន​ដាក់ពន្ធនាគា ពីបទ​ប្រមាថ​ដល់​កងទ័ព ដែល​ទើបនឹង​ផ្ញើលិខិត​មួយច្បាប់​ទទួលស្គាល់​កំហុស​របស់ខ្លួន និង​បាន​សុំឲ្យ​លោក​ហ៊ុន សែន ជួយ​អន្តរាគមន៍​ដោះលែង​ឲ្យមាន​សេរីភាព​ឡើងវិញ​។​

តាមរយៈ​សេចក្ដីថ្លែងការណ៍​របស់​ខ្លួន​កាល​ថ្ងៃទី​១៥ ឧសភា គណបក្ស​អំណាច​ខ្មែរ​ដែល​ធ្លាប់​ប្រកាស​មិន​ចូលរួម​ការបោះឆ្នោត ដោយ​លើក​ហេតុផល​ពី​ស្ថានភាព​នយោបាយ​នោះ បានចេញ​សេចក្ដី​ថ្លែង​ការ ណ៍​ថា នឹង «​មិន​ទទួលស្គាល់​លទ្ធផល​» នៃ​ការបោះឆ្នោត​នាពេលខាងមុខ​ឡើយ​។ គណបក្ស​នេះ​បានចាត់ទុក គ​.​ជ​.​ប​. បច្ចុប្បន្ន​ថា «​គ្មាន​ភាព​ឯករាជ្យ អព្យាក្រឹត និង​ត្រឹមត្រូវ​»​។​

​លោក​សួង សុភ័ណ្ឌ បញ្ជាក់​ក្នុង​សេចក្តីថ្លែងការណ៍​ថា ការរៀបចំ​បោះឆ្នោត​នេះ គឺ​មិន​ឆ្លុះបញ្ចាំង​ពី​ឆន្ទៈ​ប្រជាពលរដ្ឋ​ខ្មែរ គឺ​គ្រាន់តែ​ជា​ការរៀបចំ​បោះឆ្នោត​មួយ ដើម្បី​ប្រគល់​អំណាច​បន្ត​ឲ្យ គណបក្ស​ប្រជាជន​តែប៉ុណ្ណោះ​។​

​មុនដំបូង​គេ អតីត​គណបក្ស​សង្គ្រោះ​ជាតិ​បាន​អំពាវនាវ​ឲ្យ​សហគមន៍​អន្តរជាតិ​ពិសេស​ប្រទេស​ជប៉ុន កុំឲ្យ​ទទួលស្គាល់​លទ្ធផ​ល​បោះឆ្នោត និង​បញ្ឈប់​ជំនួយ​ដល់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​។​ប៉ុន្តែ​យ៉ាងណា​ការបដិសេធ​លទ្ធផល​នេះ នឹង​គ្មាន​ទម្ងន់​អ្វី​ដល់​រដ្ឋាភិបាល ឬ​ប៉ះពាល់​ដល់​លទ្ធផល​នៃ​ការបោះឆ្នោត​ខាង​មុន​ទេ​។ ប្រមុខ​គណបក្សកាន់អំណាច​លោក​ហ៊ុន សែន ធ្លាប់​បានបញ្ជាក់​ច្រើនលើកច្រើនសា​មកហើយ​ថា ការបដិសេធ​លទ្ធផល ក៏ដូចជា​ការអំពាវនាវ​ឲ្យ​សហគមន៍​អន្តរជាតិ កុំ​ទទួលស្គាល់​លទ្ធផល​នៃ​ការបោះឆ្នោត មិនមែនជា​រឿង​សំខាន់​ដែល​ត្រូវ​ឈឺក្បាល​នោះឡើយ​។ តែ​អ្វីដែល​សំខាន់ គឺ​ការបោះឆ្នោត​មួយ ប្រព្រឹទ្ធទៅតាម​កាលកំណត់ ត្រឹមត្រូវ មាន​គណបក្ស​ច្រើន​ចូលរួម និង​គោរព​ទៅតាម​ឆន្ទៈ​ម្ចាស់ឆ្នោត​។​

​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​រំលាយ​ដោយ​តុលាការ​កំពូល បាន​ថ្កោលទោស​រដ្ឋាភិបាល​លោក​ហ៊ុន សែន និង គ​.​ជ​.​ប ដោយ​អះអាងថា បាន​ដក​ជម្រើស​ពលរដ្ឋ​ម្ចាស់ឆ្នោត​តាមរយៈ​ការមិន​អនុញ្ញាតឲ្យត​គណបក្ស​របស់ខ្លួន​ចូលរួម​ប្រកួតប្រជែង​នា​ខែកក្កដា ខាងមុខនេះ​។​

​ស្ថានភាព​នយោបាយ​ពេលនេះ ត្រូវបាន​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ មើលឃើញថា អតីត​គណបក្ស​សង្គ្រោះ​ជាតិ ជា​អ្នករងគ្រោះ​ធ្ងន់ធ្ងរ​បំផុត​។ រងគ្រោះ​ដោយសារ ខ្លួន​មិនបាន​ចូលរួម​បោះឆ្នោត និង​អតីត​ប្រធាន​បក្ស​នេះ​គឺ​លោក​កឹម សុខា កំពុង​ជាប់​ក្នុង​ពន្ធនាគារ​ត្រពាំងផ្លុង​ជិត​ព្រំដែន​កម្ពុជា​-​វៀតណាម​។​មន្តី​ជាន់ខ្ពស់​របស់ខ្លួន​១១៨​នាក់ ត្រូវបាន​បិទ​សិទ្ធិ​ធ្វើ​នយោបាយ​។ ឯ​សកម្មជន និង​មន្ត្រី​សំខាន់​របស់ខ្លួន ជាច្រើន​នាក់ ក៏​កំពុងស្ថិត​ក្នង​ពន្ធនាគារ គ្មាន​សង្ឃឹមថា នឹង​ត្រូវបាន​ដោះលែង​ឲ្យមាន​សេរីភាព​ឡើយ​។ ដោយ​បែបនេះ ទើប​អតីត​គណបក្ស​មួយ​នេះ ធ្វើ​ការអំពាវនាវ​ដោយ​បើកចំហ​កុំឲ្យ​ពលរដ្ឋ​ម្ចាស់ឆ្នោត​ទៅ​បោះឆ្នោត​។​ដោយ​អះអាងថា ការមិន​ទៅ​បោះឆ្នោត គឺ​មានន័យថា​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​ចិត្ត ហើយ​ចង់ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ មក​ដឹកនាំ​ប្រទេស ដើម្បី​មាន​ការផ្លាស់ប្ដូរ​ជា​វិជ្ជមាន​។​

​លោក​គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា ធ្លាប់បាន​លើកឡើងថា ការបោះឆ្នោត​សេរី​ត្រឹមត្រូវ​មួយ អាច​ដំណើរការ​ទៅបាន មិនចាំបាច់​ទាល់តែ​មាន​ការចូលរួម​ពី​គណបក្ស​សង្គ្រោះ​ជាតិ ការទទួលស្គាល់​ពី​គណបក្ស​ណាមួយ ឬ​សហគមន៍​អន្តរជាតិ ណាមួយ​ឡើយ​។ លោក​ថា ការលើកឡើង​បែបនេះ វា​ហាក់ដូចជា​ឲ្យ​តម្លៃទាប​ពេក​ទៅលើ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ខណៈដែល​ការបោះឆ្នោត​ខាងមុខ អាចមាន​គណបក្សនយោបាយ​ចូលរួម​មិនតិចជាង​២១​គណបក្ស​នោះ​។ ដូច្នេះ រាល់​ការអំពាវនាវ កុំឲ្យ​សហគមន៍​អន្តរជាទ​ទួលស្គាល់ល​ទ្ធ​ផល និង​ការបដិសេធ​លទ្ធផល​គឺ​ក៏​គ្មាន​ប្រយោជន៍ និង​ប្រសិទ្ធភាព​ទេ​៕

ព័ត៌មានផ្សេងទៀត