លោក​​នេត​ ​សាវឿន​ ​សរសើរ​​នគរបាល​ជាតិ​ ​ដែល​​បាន​​ទប់​ស្កាត់​​ចលនា​​បដិវត្ត​​ពណ៌

16-05-2018 10:08 am
  ស្តាប់
ស្តាប់ជាសំឡេង

​ក្នុងឱកាស​ខួប​៧៣​ឆ្នាំ នៃ​ការបង្កើត​កងកម្លាំង​នគរបាលជាតិ​កម្ពុជា លោក​នេត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បានចេញ​សារលិខិត​ជូនពរ​ដល់​កងកម្លាំង​នគរបាល​ទូទាំងប្រទេស ចំពោះ​បេសកកម្ម​ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ​បាន​ល្អប្រសើរ​។ ជាមួយនេះ តំណាងឲ្យ​អគ្គស្នងការ​នគរបាលជាតិ​ទាំងមូល លោក​នេត សាវឿន សរសើរ​សមត្ថកិច្ច​ដែល​បាន​បង្ក្រាប និង​ទប់ស្កាត់​ទាន់ពេល​នូវ​សកម្មភាព​បដិវត្ត​ពណ៌​ផងដែរ​។

​សារលិខិត​ដែល​ផ្ញើជូន​កងកម្លាំង​នគរបាលជាតិ​កម្ពុជា​នៅ​ទូទាំងប្រទេស ក្នុងឱកាស​ខួប​៧៣​ឆ្នាំ នៃ​ការបង្កើត​កងកម្លាំង​នគរបាលជាតិ របស់លោ​កនេត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​លើក​បង្ហាញ​គុណសម្បត្តិ​របស់​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់ ដែល​ខិតខំ​បំពេញភារកិច្ច​ប្រកបដោយ​ប្រសិទ្ធភាព​។ ក្នុងនោះ​បទល្មើស​ព្រហ្មទណ្ឌ​ត្រូវបាន​បញ្ជាក់ថា ថយចុះ​ប្រមាណ​១៤% ជនល្មើស​ប្រមាណ​៨៦%​ត្រូវបាន​បង្ក្រាប ហើយ​ស្ថានភាព​ជួញដូរ​គ្រឿងញៀន​ត្រូវបាន​ទប់ស្កាត់ ដោយ​ជនល្មើស​ជាង​១​ម៉ឺន​នាក់​ត្រូវបាន​ចាប់ខ្លួន​។​

​ដោយឡែក សកម្មភាព​រួមចំណែក​ធ្វើឲ្យ​ប្រទេសជា​តិមាន​សន្តិភាព ស្ថិរភាព​នយោបាយ សន្តិសុខ សណ្ដាប់ធ្នាប់ ការថែរក្សា​បូរណភាព អធិបតេយ្យភាព​ទឹកដី ការបង្ក្រាប​មិនឲ្យ​កើតមាន​អំពើ​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន ក៏​ត្រូវបាន​លើកយក​មកជា​គុណសម្បត្តិ​របស់​នគរបាល​ជាតិ ក្នុង​បេសកកម្ម​ការងារ​ពេញ​មួយ​ឆ្នាំកន្លងមក​ផងដែរ​។​

យ៉ាងណាក៏ដោយ អគ្គស្នងការ​នគរបាល​ជាតិ​សរសើរ និង​ចាត់ទុកថា​ការស្រាវជ្រាវ ស៊ើបអង្កេត ដើម្បី​វែកមុខ និង​ចំណាត់ការ​តាម​ផ្លូវច្បាប់​ចំពោះ​ឧបាយកល​ខ្មៅ​កខ្វក់​របស់​គណបក្សប្រឆាំង ដែល​ឃុបឃិត​ជាមួយ​បរទេស ប៉ុនប៉ង​ធ្វើ​សកម្មភាព​បដិវត្ត​ពណ៌​ផ្ដួលរំលំ​រដ្ឋអំណាច​ស្រប់ច្បាប់ ខុសពី​គោលការណ៍​ប្រជាធិបតេយ្យ​នោះ គឺជា​ស្នាដៃ​លេចធ្លោ​ជាងគេ​របស់​នគរបាល​ជាតិ​។ 

​ក្រៅពី​អួត​សរសើរ​ពី​សកម្មភាព​មន្ត្រីក្រោមឱវាទ អគ្គស្នងការ​នគរបាល​ជាតិ​ក៏បាន​អំពាវនាវ​ឲ្យ​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់​ព្យាយាម​ហ្វឹកហ្វឺន​លើកកម្ពស់​សមត្ថភាព​ជំនាញ និង​ការលុបបំបាត់​ភាព​អសកម្ម ព្រមទាំង​កែប្រែ​អត្តចរិត​របស់ខ្លួន ដើម្បី​បម្រើ​ប្រជាពលរដ្ឋ​ឲ្យអស់​ពីចិត្ត​ពី​ថ្លើម ឲ្យ​ស័ក្តិ​សមជា​អ្នកបម្រើ​ប្រជាពលរដ្ឋ​ប្រកបដោយ​ភាពស្មោះត្រង់​។​

​សូមបញ្ជាក់ថា នគរបាលជាតិ​កម្ពុជា​ត្រូវបាន​បង្កើតឡើង​កាលពី​ថ្ងៃទី​១៦ ខែ​ឧសភា ឆ្នាំ​១៩៤៥ ដោយ​អតីតព្រះមហាក្សត្រ​ខ្មែរ ព្រះករុណា សម្ដេចព្រះ​នរោត្តម សីហនុ ព្រះ​បរម​រតន​កោដ្ឋ ហើយ​ថ្ងៃនេះ​គឺជា​ខួប​លើក​ទី​៧៣​ឆ្នាំ​ហើយ​៕

 ដោយ៖ ធុច ធារ៉ា

ព័ត៌មានផ្សេងទៀត