លោក​ហ៊ុន សែន ​ចាត់ទុក​​អ្នក​រារាំង​​ពលរដ្ឋ​កុំ​​ឱ្យទៅ​​បោះឆ្នោត​ជា​​«​ជន​អគតិ​»​

16-05-2018 9:57 am 2049
  ស្តាប់
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពេលទៅបោះឆ្នោតកន្លងទៅ។
ស្តាប់ជាសំឡេង

​នៅតែ​ជាង​២​ខែ​ទៀត​ទេ ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ នឹង​ចូល​មកដល់​។ អ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា កំពុង​ធ្វើ​យុទ្ធនាការ​តាម​បណ្តាញ​សង្គម​ហ្វេ​សប៊ុក គៀងគរ​ឱ្យ​ប្រជាពលរដ្ឋ​កម្ពុជា ចេញទៅ​បោះឆ្នោត ខណៈដែល​តីត​គណបក្ស​សង្គ្រោះ​ជាតិ បន្ត​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ធ្វើពហិការ ដោយសារតែ​គ្មាន​វត្ត​មានខ្លួន​។ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ហៅ ការរារាំង​ពលរដ្ឋ​កុំឱ្យ​ទៅ​បោះឆ្នោត​នេះ​ជា​«​ជន​អគតិ​»​។

​តាមរយៈ​បណ្តា​ញសង្គម​ហ្វេ​សប៊ុក​ផ្លូវកា​ររបស់​លោកនា​យក​រដ្ឋមន្ត្រី ហ៊ុន សែន​នៅ​ថ្ងៃ​ពុធ​នេះ លោក ហ៊ុន សែន បាន​វាយតម្លៃថា ចំពោះ​កម្ពុជា គឺមាន​ពលរដ្ឋ​ជាង​៦៩​ភាគរយ​ទៅ​ចូលរួម​បោះឆ្នោត​។​លោក​ថា ចំនួន​ភាគរយ​នេះ  បង្ហាញ​យ៉ាងច្បាស់​អំពី​ការរីកចម្រើន​នៃ​លទ្ឋិប្រជាធិបតេយ្យ​ពិត​ប្រាកដ​នៅ​ក្នុងប្រទេស ដែល​មិន​ដូច​ការបកស្រាយ​ដោយ​ជន​អគតិ​មួយចំនួន​ឡើយ​។​

​លោក​បាន​ប្រៀបធៀប​ភាគរយ​នៃ​ការចូលរួម​បោះឆ្នោត​ពី​សំណាក់​ប្រជាពលរដ្ឋ​រវាង ប្រទេស​កម្ពុជា ជាមួយ និង សហគមន៍​អ៊ឺរ៉ុប សហរដ្ឋអាមេរិក គឺ​អ៊ឺរ៉ុប មាន​ប្រជាពលរដ្ឋ​ទៅ​បោះឆ្នោត​ក្នុង​រង្វង់​ត្រឹមតែ ៣០​ភាគរយ ក៏​អាច​ទទួល​យកជាការបាន​។ រីឯ​សហរដ្ឋអាមេរិក គឺមាន​ពលរដ្ឋ​ទៅ​បោះឆ្នោត​តែ​ក្នុង​រង្វង់​៤០​ភាគរយ​ប៉ុណ្ណោះ​។ លោក​បាន​សង្កត់ធ្ងន់ថា​«​គ្មាន​មេដឹកនាំ​ណាមួយ ណែនាំ​ពលរដ្ឋ​ខ្លួន​មិន​ឱ្យទៅ​បោះឆ្នោត​ទេ មានតែ​ជន​អគតិ ដែល​មានបំណង​បំផ្លិចបំផ្លាញ​លទ្ឋិប្រជាធិបតេយ្យ និង ឆន្ទៈ​ប្រជាពលរដ្ឋ​ទេ ទើប​ពួកគេ​អាចធ្វើ​ដូច្នេះ​»​។​

​គួរ​បញ្ជាក់ថា  ប្រទេស​កម្ពុជា នឹង​រៀបចំ​ការបោះឆ្នោតជាតិ​នីតិកាល​ទី​៦ នៅ​ថ្ងៃអាទិត្យ​ទី​២៩ ខែកក្កដា​ខាងមុខ​។ មកទល់​ថ្ងៃទី ១៦​ឧសភា​នេះ គឺមាន​គណបក្សនយោបាយ​ចំនួន​២០​បាន​ទៅ​ចុះបញ្ជី​ឈ្មោះ​នៅ គ​.​ជ​.​ប កាលពី​ថ្ងៃទី​១៤ ឧសភា ប៉ុន្តែ​មិន​មានឈ្មោះ​គណបក្ស​សង្គ្រោះ​ជាតិ​នោះទេ​។ អតីត​បក្ស​សង្គ្រោះ​ជាតិ បានចេញ​សេចក្តីថ្លែងការណ៍​ថ្កោលទោស​ចំពោះ​រដ្ឋាភិបាល​របស់ លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន និង គ​.​ជ​.​ប ដែល​មិន​អនុញ្ញាតឱ្យ​ខ្លួន បាន​ចូលរួម​ការបោះឆ្នោត និង បាន​អំពាវនាវ កុំឱ្យ​ប្រជាពលរដ្ឋ​ចេញទៅ​បោះឆ្នោត ដោយ​អះអាងថា ជា​ការបោះឆ្នោត​ក្លែងក្លាយ​។​

​ចំណែកឯ អ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​វិញ បានចាប់ផ្តើម​ធ្វើ​យុទ្ធនាការ​តាម​បណ្តាញ​សង្គម​ហ្វេ​សប៊ុក គៀងគរ​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា​ចេញទៅ​បោះឆ្នោត នៅ​ថ្ងៃទី​២៩ ខែកក្កដា ខាងមុខ បើទោះបីជា​គ្មាន​គណបក្សប្រឆាំង​ក៏ដោយ​។ សម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា អះអាងថា ការបន្ត​បោះឆ្នោតឱ្យ​គណបក្ស​ខ្លូន គឺ​ដើម្បីឱ្យ​ប្រទេស​កម្ពុជា ធានាបាន​នូវ​សុខសន្តិភាព និង ការអភិវឌ្ឍ​គង់វង្ស យូរអង្វែង​៕

ព័ត៌មានផ្សេងទៀត