កូរ៉េខាងជើង​​ប្រកាស​លុបចោល​​កិច្ចប្រជុំ​​ជាន់ខ្ពស់​មួយ​​ជាមួយ​​កូរ៉េខាងត្បូង​

16-05-2018 8:27 am 1748
  ស្តាប់
លោកគីម ជុងអ៊ុន​(ឆ្វេង)និងលោកមូន ជែអ៊ីន
ស្តាប់ជាសំឡេង

​កូរ៉េខាងជើង​នៅ​ថ្ងៃទី​១៦​ឧសភា​នេះ បានប្រកាស​លុបចោល​កិច្ចពិភាក្សា​ជាន់ខ្ពស់​មួយ​ជាមួយ​កូរ៉េខាងត្បូង និង​កំពុង​ចោទ​ជា​សំណួរ​ចំពោះ​ការចូលរួម​ក្នុង​កិច្ចប្រជុំ​ជាមួយ​លោក​ដូណាល់ ត្រាំ​នៅ​ខែមិថុនា​។ ការប្រកាស​របស់​កូរ៉េខាងជើង ស្របពេល​សមយុទ្ធ​យោធា​រួមគ្នា​រវាង​អាមេរិក​និង​កូរ៉េខាងត្បូង​កំពុង​ធ្វើឡើង​នៅ​កូរ៉េខាងត្បូង​។ កូរ៉េខាងជើង​ចាត់ទុក​សមយុទ្ធ​នេះ​ជាការ​ញុះញង់​ដ៏​សាហាវ​និង​អាក្រក់​បំផុត​។​

​តាមរយៈ​ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ​KCNA កូរ៉េខាងជើង​បាន​សង្កត់ធ្ងន់ថា ឆន្ទៈ​និង​ឱកាស​ដែល​កូរ៉េខាងជើង​ផ្ដល់ឲ្យ​សម្រាប់​ការចរចា​មាន​ដែនកំណត់​។ សមយុទ្ធ​រវាង​ប្រទេស​សម្ព័ន្ធមិត្ដ​ទាំងពីរ គឺជា​ការហាត់​សម​សម្រាប់​ការឈ្លានពាន និង​ការ​បង្កហេតុ​ដោយ​ចេតនា​នៅពេល​ទំនាក់ទំនង​អន្ដរ​កូរ៉េ​កំពុង​ល្អប្រសើរ​។ ដូច្នេះ​អាមេរិក​ត្រូវតែ​គិត​ឡើងវិញ​ឲ្យបាន​ទ្វេដង ពី​កិច្ចប្រជុំ​រវាង​កូរ៉េខាងជើង​និង​អាមេរិក​គ្រោង​ធ្វើឡើង​នៅ​សិង្ហ​បុរី​ថ្ងៃទី​១២​មិថុនា​។​

​ជា​ការកត់សម្គាល់ កូរ៉េខាងជើង​មិនដែល​សប្បាយចិត្ដ​នឹង​ការធ្វើ​សមយុទ្ធ​រួមគ្នា​រវាង​អាមេរិក​ជាមួយ​កូរ៉េខាងត្បូង​ឡើយ​។ កូរ៉េខាងជើង​តែង​លើកឡើង​ដដែលៗ​ថា សមយុទ្ធ​ជា​ការហាត់​សម​ត្រៀម​ឈ្លានពាន​។ នៅពេល​ប្រទេស​ទាំងពីរ​ធ្វើ​សមយុទ្ធ​ម្ដងៗ កូរ៉េខាងជើង​តែងតែ​ឆ្លើយតប​ដោយ​ការបាញ់​មី​ស៊ី​ល​។ ប៉ុន្ដែ​លើក​នេះ​កូរ៉េខាងជើង​គ្រាន់តែ​ប្រកាស​លុបចោល​កិច្ចប្រជុំ​ជាមួយ​កូរ៉េខាងត្បូង និង​ព្រមាន​ពី​កិច្ចប្រជុំ​ជាមួយ​អាមេរិក​ប៉ុណ្ណោះ គ្មាន​សញ្ញា​បាញ់​មី​ស៊ី​ល​ទៀតឡើយ​។​

​យ៉ាងណាមិញ​ចំពោះ​អាមេរិក នៅតែ​ប្រកាន់​ជំហរ​គោរព​តាម​ផែនការ​គ្រោងទុក សម្រាប់​កិច្ចប្រជុំ​ជាមួយ​កូរ៉េខាងជើង​។ អ្នកនាំពាក្យ​ក្រសួងការបរទេស​អាមេរិក​និយាយថា មិនបាន​ទទួលដំណឹង​ពី​ការផ្លាស់ប្ដូរ​ចិត្ដ​ចូល​រួម​កិច្ចប្រជុំ​ពី​កូរ៉េខាងជើង​ទេ​។ ហេតុនេះ​អាមេរិក​ក៏​មិន​ផ្លាស់ប្ដូរ​អ្វី​ទាក់ទង​នឹង​កិច្ចប្រជុំ​ដែរ គឺ​នៅ​រក្សាទុក​ទាំង​ទីតាំង​និង​កាលបរិច្ឆេទ​៕

ព័ត៌មានផ្សេងទៀត