លោក សួន សេរី​រដ្ឋា ផ្ញើ​​លិ​ខិត​​ពី​​ពន្ធ​នា​គារ​​សុំ​​លោក ហ៊ុន សែន​​លើក​លែង​ទោស​

15-05-2018 8:08 pm 2678
  ស្តាប់
ស្តាប់ជាសំឡេង

​អតីត​ប្រធាន​គណបក្ស​អំណាច​ខ្មែរ លោក សួន សេរី​រដ្ឋា ដែល​កំពុង​ជាប់ពន្ធនាគារ ពី​បទ​ប្រមាថ​ដល់​កងទ័ព បាន​ផ្ញើលិខិត​មួយ​ច្បាប់​ទទួលស្គាល់​កំហុស​របស់ខ្លួន និង​បាន​សុំឲ្យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជួយ​អន្តរាគមន៍​ដោះលែង​រូបលោក ឲ្យមាន​សេរីភាព​ឡើងវិញ​។

​ការសរសេរ​លិខិត​សុំ​ទោស​របស់​លោក សួន សេរី​រដ្ឋា នៅពេល​នេះ​ធ្វើឡើង​បន្ទាប់ពី​រូបលោក ត្រូវបាន​ចាប់ខ្លួន​អស់​រយៈពេល​៩​ខែ​មក​ហើយ ក្រោយ​បាន​សរសេរ​សារ​នៅលើ​បណ្ដាញ​សង្គម ដែល​ត្រូវបាន​គេ​ចោទ​ថា ជា​ការប្រមាថ​ដល់​កង​ទ័ព​ជាតិ​។​

​នៅក្នុង​លិខិត​ចុះ​ថ្ងៃ​ទី​៣០ ខែ​មេសា ឆ្នាំ​២០១៨ ដែល​ទើប​ត្រូវបាន​ផ្សព្វផ្សាយ​ជា​សារ​ធា​រណៈ នៅ​ថ្ងៃ​អង្គារ​នេះ លោក សួន សេរី​រដ្ឋា បាន​សម្ដែង​ការសោកស្ដាយ ចំពោះ​ការសរសេ​សារ​នយោបាយ របស់លោក ដែល​ធ្វើឲ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ញរ​ដល់​កិត្តិ​យសលោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​កងទ័ព​ជាតិ​ផងដែរ​។​

​លិខិត​ដដែល​បានសរសេរថា​៖ «​ខ្ញុំបាទ​សុំទោស​ជា​សាធារណៈ ដោយ​សុច្ច​ចិត្ត សុំទោស​ចំពោះ​សម្ដេច​តេជោ​នាយ​ឧត្តមសេនីយ៍ផុត​លេខ​ផ្កាយ​មាស​៥ សុំទោស​នាយ​ឧត្តមសេនីយ៍ ឧត្តមសេនីយ៍ អគ្គមេបញ្ជាការ អគ្គមេបញ្ជាការ​រង នាយទាហាន និង​នាយទាហានរង​នៃ​កងទ័ព​ជាតិ​ទាំងអស់​»​។​

​ក្រៅ​តែ​ពី​ការ​សុំ​ទោស​បែប​នេះ លោក សួន សេរី​រដ្ឋា បាន​ស្នើសុំ​ទៅ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឲ្យជួយ​អន្តរាគមន៍​លើកលែង​ទោស​ចំពោះ​លោក ដើម្បី​មាន​ឱកាស​ទៅ​ជួបជុំ​ក្រុមគ្រួសារ និង​ថែរក្សា​ម្ដាយ​ចាស់ជរា​។​

​គួរ​រម្លឹក​ជូន​ថា លោក សួន សេរី​រដ្ឋា អតីត​ប្រធាន​គណបក្ស​អំណាច​ខ្មែរ ត្រូវបាន​ចាប់ខ្លួន​កាលពី ខែ​សីហា ឆ្នាំ​២០១៧​។ ការចាប់ខ្លួន​នេះ​គឺ​បន្ទាប់ពី​លោក សួន សេរី​រដ្ឋា បាន​សរសេរ​សារ​ដែល​មាន​ខ្លឹមសារ​ថា​៖ «​សាម​កុក​របស់លោក ហ៊ុន សែន កំពុង បែក​កុក​! សេនាប្រមុខ ដាក់​បញ្ជា​ឲ្យ​កងទ័ព​ត្រៀមប្រយុទ្ធ ដាក់​ឱសានវាទ​ឲ្យ​សត្រូវ​... តែ​ឱនក្បាល​ចូល​បន្ទាយ​សត្រូវ​ដើម្បី​សុំ​ចរចា​! ពេល​សង្គ្រាម​កើត​ឡើង​ជាមួយ​នឹង​ប្រទេស​ឡាវ​នោះ លទ្ធផល​វា​ហ្នឹង​មិន​ខុស​ពី​សង្គ្រាម​ដែល​កើត​ឡើង​ជាមួយ​នឹង​ប្រទេស​សៀម​ទេ​! គឺ​កូន​ខ្មែរ កងទ័ព​ជាតិ នឹង​ស្លាប់​ក្នុង​សមរភូមិ​យ៉ាង​វេទនា ... ហើយ​មេទ័ព​ចោរ នឹង​ឡើងបុណ្យស័ក្ដិ ប្រមូល​បាន​លុយកាក់ សប្បាយ​ជាមួយ​ស្រី​ញី​យ៉ាង​គគ្រឹកគគ្រេង​! តែ​ទោះបីយ៉ាងណា និង​ទោះបីជា​យើង​ដឹង​ថា វា​ជា​សង្គ្រាម​ដើម្បី​ដំឡើង​មុខ ដំឡើង​ឋានៈ បំពាក់​ខ្លួន​ឥស្សរៈ​ចោរ បន្លំ​ឲ្យក្លាយ​ទៅ​ជា​ឥស្សរជន​បំភាន់​យើង​ក៏ដោយ​... ក៏​សូម​ពលរដ្ឋ​ខ្មែរ យុវជន​ខ្មែរ ត្រូវ​រួម​សាមគ្គី​គ្នា​លើកទឹកចិត្ត និង​ជួយ​គ្រប់យ៉ាង​ដែល​អាច​ជួយ​បាន​ដល់​កងទ័ព​ជាតិ​របស់​យើង ដែល​តែង​យក​ទ្រូង​ទៅ​ពាំង​គ្រាប់រំសេវ ដើម្បី​បុព្វហេតុ​ការពារ​ទឹកដី​ពិតប្រាកដ​»។​

​ក្រោយ​ការចាប់ខ្លួន លោក សួន សេរី​រដ្ឋា ត្រូវបានតុលាការ​ចោទប្រកាន់​ចំនួន​៣​បទល្មើស ទី​១ គឺ​បទ​ញុះញង់​កុំឲ្យ​យោធិន​ស្តាប់បង្គាប់ តាម​មាត្រា ៤៧១ នៃ​ក្រម​ព្រហ្មទណ្ឌ​កម្ពុជា ទី​២ គឺ​បទល្មើស​ធ្វើឲ្យ​ខួច​ទឹកចិត្ត​កងទ័ព តាម​មាត្រា ៤៧២ និង​ទី​៣ គឺ​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ តាម​មាត្រា ៤៩៤ និង​មាត្រា ៤៩៥ នៃ​ក្រម​ព្រហ្មទណ្ឌ​៕

ព័ត៌មានផ្សេងទៀត