ចិន​ប្តេជ្ញា ជួយ​កម្ពុជា​ក្នុង​ការជំរុញ​ការនាំចេញ​ស្រូវ​អង្ករ​

15-05-2018 3:42 pm
  ស្តាប់
ស្តាប់ជាសំឡេង

​ប្រទេស​ចិន ជា​ប្រទេស ដែលមាន​ការរីកចម្រើន​ផ្នែក​កសិកម្ម ជាពិសេស​ផលិតកម្ម​ស្រូវ​អង្ករ​ដ៏​ល្បីល្បាញ​លើ​ពិភពលោក​។  ក្នុងនោះ​ចិន បាន​សន្យាថា និង​ជួយ​កម្ពុជា​លើ​វិស័យ​កសិកម្ម ជាពិសេស​ក្នុង​ការផលិត​ពូជស្រូវ​ហាយ​ប្រី​ដ ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ក្នុង​ការជំរុញ​ការនាំចេញ​ស្រូវ​អង្ករ ។

​ក្នុងជំនួប​រវាង លោក Xu Dazhe អភិបាលខេត្ត​ហ៊ូ​ណាន និង​លោក វេង សុខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម  នៅ​ទីក្រុង​ឆាង​សា នៃ​ខេត្ត​ហ៊ូ​ណាន  លោក Xu Dazhe បាន​លើកឡើងថា ក្នុងនាម​ជា​ប្រទេស​មហាមិត្ត រវាង​ចិន និង​កម្ពុជា ជាង​៦០​ឆ្នាំ​មកនេះ អាច​បង្កើន និង​ពង្រឹង​ថែមទៀត អោយ​កាន់តែ​រឹងមាំ នៃ​ដៃគូ​កិច្ចសហប្រតិបត្តិការ  រវាង​ប្រទេស​ទាំងពីរ ហើយ​ខេត្ត​ហ៊ូ​ណាន ក៏បាន​សន្យា និង​ផ្តល់​កិច្ចសហការ​យ៉ាង​ពេញលេញ​ជាមួយ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លើ​វិស័យ​ផលិតកម្ម​ពូជស្រូវ​ហាយ​ប្រី​ដ ដ៏​មាន​សារៈសំខាន់​។​

​ក្នុងនោះ​លោក Yuan Longping ជា​ស្ថាបនិក​ពូជស្រូវ​ហាយ​ប្រិដ បាន​ឲ្យដឹងពី​គោលបំណងច​ម្បងដំបូង​របស់ រដ្ឋាភិបាល​ចិន ក្នុង​ការបង្កើត​ពូជស្រូវ​ហាយ​ប្រិដ គឺ​ដើម្បី​ធានា​ដល់​ស្ថិរភាព​ស្បៀងអាហារ​ក្នុងប្រទេស​។

លោក​បាន​បន្តថា  ដោយ​ប្រទេស​កម្ពុជា មាន​សក្តានុពល​ខ្ពស់ និង​ធនធានធម្មជាតិ​ល្អ​ប្រពៃ ដែល​រំពឹងថា​បាន​ទិន្នផល​ខ្ពស់ ដូច្នេះ​លោក សន្យា​នឹង​ផ្តល់​មន្ត្រី​ជំនាញ និង​បច្ចេកវិទ្យា​ទំនើប​មក​កម្ពុជា ឲ្យជួយ​សហការ និង​ជំរុញ​ការដាំដុះ​ពូជស្រូវ​ហាយ​ប្រិ​ដឲ្យបាន ពី​៣០ ទៅ​៤០ ម៉ឺន​ហិកតា ដើម្បី​ធានា​ដល់​សន្តិសុខ និង​ស្ថិរភាព​ស្បៀងអាហារ​ពិភពលោក ជាពិសេស​ជំរុញ​ការនាំចេញ​អង្ករ​ពី​កម្ពុជា​ឲ្យទទួល​កម្រិត​ខ្ពស់ នៅក្នុង​តំបន់​អាស៊ី​នាពេលខាងមុខ​។​

​លោក​វេង សុខុន ហៅ​ការខិតខំ​ជួយ​ដល់​កម្ពុជា​ពី​សំណាក់​ភាគី​ចិន​ពេលនេះ   គឺ​អាចធ្វើឲ្យ​វិស័យ​កសិកម្ម​នៅ​កម្ពុជា​កាន់តែ​ប្រសើរ តាមរយៈ​ការជំរុញ​គម្រោង​ផលិតកម្ម​ពូជស្រូវ​ហា​ប្រិដ ធ្វើ​ការដាំដុះ និង​នាំចេញ​ឲ្យទទួល​បាន​ជោគជ័យ ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ក្នុង​ជំរុញ​ការនាំចេញ​ស្រូវ​អង្ករ​ផងដែរ​។

​តាម​របាយការណ៍​របស់​ក្រុមហ៊ុន  Jiangsu Lianfa Group Co., Ltd បាន​បញ្ជាក់ថា បច្ចុប្បន្ន​ផែនការ​វិនិយោគ​របស់​ក្រុមហ៊ុន​ក្នុង​វិស័យ​ស្រូវ​អង្ករ ជាពិសេស​លើ​ពូជស្រូវ​ហាយ​ប្រិដ និង​ពូជស្រូវ​អង្ករ​កណ្តុល​នៅ​កម្ពុជា បាននិងកំពុង​អនុវត្ត​លើ​ផ្ទៃដី​ប្រមាណ​ជា ២០០​ហិកតា នៅ​ខេត្តពោធិ៍សាត់​៕

ព័ត៌មានផ្សេងទៀត