លោក​Mahathir​ថា ​ធ្វើ​នាយករដ្ឋមន្ត្រីតែ​១​ឬ​២​ឆ្នាំ​ប៉ុណ្ណោះ​

15-05-2018 3:27 pm 601
  ស្តាប់
លោកMahathir Mohamad
ស្តាប់ជាសំឡេង

​លោក Mahathir Mohamad ដែល​ទើប​ទទួល​ជ័យជម្នះ នៅក្នុង​ការបោះឆ្នោត​នាយករដ្ឋមន្ត្រី នៃ​ប្រទេស​ម៉ាឡេស៊ី កាលពី​ថ្ងៃទី​៩​ខែ​ឧសភា ឆ្នាំ​២០១៨ និយាយថា លោកប្រហែល​ធ្វើ​នាយករដ្ឋមន្ត្រី​តែ​១​ឆ្នាំ​ឬ​២​ឆ្នាំ​ប៉ុណ្ណោះ បន្ទាប់ពីនោះ លោក​នឹង​ចុះ​ចេញពី​តំណែង​។ លោក Mahathir Mohamad ស្ថិតក្នុង​វ័យ​៩២​ឆ្នាំ ជាប់​ឈ្មោះ​ជា​នាយករដ្ឋមន្ត្រី មាន​វ័យ​ចំណាស់​បំផុត​ក្នុង​លោក បាន​និយាយទៀតថា ក្រោយ ចុះ​ចេញពី​តំណែង​ឈប់​ធ្វើ​នាយករដ្ឋមន្ត្រី លោក​នៅ​ពី​ក្រោយខ្នង​ចាំ​ជួយ​កិច្ចការងារ​ខ្លះៗ​របស់​នាយ​រដ្ឋមន្ត្រី ដែល​កាន់តំណែង​បន្ត​ពី​លោក​។ នេះ​បើតាម​លោក Mahathir Mohamad បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​របស់​ការ​សែត Wall Street Journal នៅ​ថ្ងៃទី​១៥​ខែឧសភា​ឆ្នាំ​២០១៨​នេះ​។​

​លោក Mahathir Mohamad ដែល​ទើប​ស្បថ​ចូល​កាន់តំណែង​នាយករដ្ឋមន្ដ្រី​ជា​ផ្លូវការ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ធ្លាប់​សន្យាថា​នឹង​ប្រគល់​តំណែង​នាយករដ្ឋមន្ដ្រី​ទៅ​លោក​Anwar Ibrahim អតីត​ឧបនាយករដ្ឋមន្ដ្រី កំពុង​ជាប់ពន្ធនាគារ ដោយសារ​ស្រឡាញ់​ភេទ​ដូចគ្នា​។ យោងតាម​ការចុះផ្សាយ ដោយ​សារព័ត៌មាន​រ៉​យ​ទ័រ នៅ​ថ្ងៃទី​១៥​ខែឧសភា​នេះ ឲ្យដឹងថា លោក Anwar Ibrahim​នឹងត្រូវ​ដោះលែង ពី​ពន្ធនាគារ ឲ្យមាន​សេរីភាព​វិញ​នៅ​ថ្ងៃ​ពុធ ទី​១៦​ខែ​ឧសភា ឆ្នាំ​២០១៨​នេះ បន្ទាប់ពី​ព្រះមហាក្សត្រ​ព្រះរាជទាន​លើកលែងទោស​។ ក្រោយ​មាន​សេរីភាព ដំបូង លោក​Anwar Ibrahim ត្រូវ​រៀបចំ​ធ្វើយ៉ាងណា អាចឲ្យ​លោក​ក្លាយជា​សមាជិក​រដ្ឋស​ភា​ម៉ាឡេស៊ី​។​

​សូមញ្ជាក់ថា លោក Mahathir Mohamad ធ្លាប់​ធ្វើជា​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​ចំនួន​២២​ឆ្នាំ ពី​ឆ្នាំ​១៩៨១​ដល់​២០០៣​។ លោក​បាន សម្រេច​ចូលរួម​បោះឆ្នោត​នាយ​រដ្ឋមន្ត្រី​ម្តងទៀត នៅក្នុង​ឆ្នាំ​២០១៨​នេះ ដោយ​បានទទួល​ជ័យជម្នះ​យ៉ាង​គគ្រឹកគគ្រេង លើ​គណបក្សកាន់អំណាច របស់លោក​ណា​ជីព រ៉ាស្សាក់​៕


ព័ត៌មានផ្សេងទៀត