លោក​ហ៊ុន សែន ស្នើ​លើក​កម្រិត​សហប្រតិបត្តិការ​មេគង្គ​កូរ៉េ ពី​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី ទៅ​ជា​ថ្នាក់​កំពូល

15-05-2018 3:05 pm 268
  ស្តាប់
ស្តាប់ជាសំឡេង

ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​ស្នើ​ឱ្យ​សាធារណរដ្ឋ​កូរ៉េ លើក​កម្រិត នៃ​កិច្ចសហប្រតិបត្តិការ មេគង្គ​-​កូរ៉េ ពី​ក្របខ័ណ្ឌ​នៃ​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ការបរទេស ឱ្យទៅ​ជា​ការ​ប្រជុំ​ថ្នាក់​កំពូល គឺ​ថ្នាក់​ប្រមុខ​រដ្ឋាភិបាល​។​ការស្នើសុំ​នេះ ធ្វើឡើង​ក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ អាគារ​មិត្តភាព កម្ពុជា​-​កូរ៉េ នៃ​មន្ទីរពេទ្យ​កុមារ​ជាតិ កាលពី​ថ្ងៃ​ទី​១៤ ខែ​ឧសភា​។​

​លោកនាយក​រដ្ឋមន្ត្រី​បញ្ជាក់ថា មូលហេតុ​នៃ​ការលើក​កម្រិត​នៃ​កិច្ចសហប្រតិបត្តិការ មេគង្គ​-​កូរ៉េ​នេះ គឺ​គាប់​ជួន​គ្នា​ជាមួយ​នឹង​គោលនយោបាយ​ឆ្ពោះ​មក​ទិស​ខាងត្បូង របស់​ប្រធានាធិបតី​កូរ៉េខាងត្បូង​ផងដែរ ហើយ​វា​សក្ដិសម​ណាស់​ដែល​មិត្ត​កូរ៉េ​អាច​ពិចារណា​អំពី​បញ្ហា​នេះ ក្នុង​ការលើក  កម្រិត​នៃ​ទំនាក់ទំនង​រវាង​មេគង្គ និង​កូរ៉េ​។

​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​បន្ថែមថា ដោយសារ​តែ​កិច្ចប្រជុំ​ឡាន​ឆាង​-​មេគង្គ​និង​មេគង្គ​-​ជប៉ុន បាន​ឡើង​កម្រិត​កំពូល​ហើយ​នោះ កូរ៉េខាងត្បូង​ក៏​គួរ​ដើរ ដល់​កម្រិត​កំពូល​មេគង្គ​-​កូរ៉េ​ផង​ដែរ​។​លោក​បន្តថា បើ​ទោះ បីជា​យើង​មិន​បាន​ប្រជុំ​ប្រចាំឆ្នាំ ក៏ប៉ុន្តែ​យើង​អាច ប្រជុំ​ពីរ ឬ​បី​ឆ្នាំ​ម្ដង ដែល​អាច​ធ្វើឱ្យ​កម្រិត​នៃ​កិច្ចសហប្រតិបត្តិការ​នេះ​វា​ដើរ​ទៅ​មុខ​។ ទន្ទឹមនឹងនេះ ក្រៅ​ពី​ទំនាក់ទំនង​ទ្វេភាគី កម្ពុជា​ក៏​នឹង​ទទួល​ផល ប្រយោជន៍​ដែល ទទួលបាន​ពី​កិច្ចសហប្រតិបត្តិកា​ររ​វាង​មេគង្គ និង​សាធារណរដ្ឋ​កូរ៉េ​។

​សូម​បញ្ជាក់​ដែរ​ថា ក្រៅពី​ស្នើឱ្យ​សាធារណរដ្ឋ​កូរ៉េ លើក​កម្រិត ពី​ក្របខ័ណ្ឌ​នៃ​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ការបរទេស ឱ្យទៅ​ជា​ការ​ប្រជុំ​ថ្នាក់​កំពូល លោកនាយក​រដ្ឋមន្ត្រី ក៏បាន​លើកឡើង​ថា  កម្ពុជា​កំពុង​រង់ចាំ​មើល នៅ​ជំនួប​ជា​ប្រវត្តិសាស្ត្រ ដែល​នឹង អាច​កើតមាន រវាង​ប្រធានា​ធិ​តី​សហរដ្ឋអាមេរិក ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង​ផងដែរ​៕

 

 

 

 

 

ព័ត៌មានផ្សេងទៀត