គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវបាន​ផាត់​ចេញពី​ការបោះឆ្នោត​ស្នើឲ្យ​ជប៉ុន​ផ្តាច់​ជំនួយ គជប​

15-05-2018 11:02 am 3372
  ស្តាប់
ស្តាប់ជាសំឡេង

​វា​ជា​ប្រវត្តិ​នយោបាយ​មិន​ធ្លាប់មាន​ពីមុនមក ដែល​គណបក្ស​សង្គ្រោះ​ជាតិ ជា​គណបក្សប្រឆាំង​ដ៏​ធំ មាន​អ្នកគាំទ្រ​ជិត​ពាក់កណ្តាល​ប្រទេស ត្រូវបាន​ចាកចេញ​ពី​ទំព័រ​ប្រវត្តិ​នយោបាយ នៅ​អាណត្តិ​ទី​៦​នេះ​។ គណបក្ស​នេះ បាន​ចេញមក​ថ្កោលទោស​រដ្ឋាភិបាល​របស់​លោក​ហ៊ុន សែន និង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​យ៉ាង​ចាស់ដៃ ហើយក៏​បានស្នើ​ប្រទេស​ជប៉ុន​ដែលជា​អ្នកផ្តល់ជំនួយ​ដ៏​ធំ​ដល់ គ​.​ជ​.​ប នា​ពេលកន្លងមក ឲ្យ​ផ្តាច់ជំនួយ​វិញ​ជាបន្ទាន់ និង​អំពាវនាវ ឲ្យ​សហគមន៍​អន្តរជាតិ កុំ​ទទួលស្គាល់​លទ្ធផល​បោះឆ្នោត​។ 

​ការចុះបញ្ជី​គណបក្សនយោបាយ និង​បេក្ខជន​ឈរឈ្មោះ សម្រាប់​ការបោះឆ្នោតជាតិ​អាណត្តិ​ទី​៦ បាន បិទ​បញ្ចប់​ហើយ ដោយ​គ្មាន​វត្តមាន​គណបក្ស​សង្គ្រោះ​ជាតិ​ទេ​។ ភ្លាមៗ​ក្រោយ​ការបិទ​បញ្ចប់​ការចុះ បញ្ជី​នេះ អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ធ្លាប់ជា​បក្សប្រឆាំង​ដ៏​ធំ មាន​អ្នកគាំទ្រ ស្ទើរ​ពាក់កណ្តាល ប្រទេស បានចេញ​សេចក្តីថ្លែងការណ៍​មួយ​ថ្កោលទោស​រដ្ឋាភិបាក​កម្ពុជា និង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​។​
​គណបក្ស​សង្គ្រោះ​ជាតិ ស្នើឲ្យ​ប្រទេស​ជប៉ុន​ផ្តាច់ជំនួយ​ដល់ គជប និង​អំពាវនាវ​ឲ្យ​សហគមន៍​អន្តរជាតិ កុំ​ទទួលស្គាល់​លទ្ធផល​បោះឆ្នោតជាតិ នា​ថ្ងៃទី ២៩ ខែ កក្កដា ខាងមុខនេះ ដោយសារ​គ្មាន​វត្តមាន​របស់ខ្លួន​ចូលរួម​ក្នុង​ការបោះឆ្នោត​។​

​ក្រៅពី​ស្នើឲ្យ​ប្រទេស​ជប៉ុន​ផ្តាច់ជំនួយ និង​អំពាវនាវ ឲ្យ​សហគមន៍​អន្តរជាតិ កុំ​ទទួលស្គាល់​លទ្ធផល​បោះឆ្នោត​នោះ គណបក្ស​សង្គ្រោះ​ជាតិ ដែលមាន​អាសនៈ​ស្របច្បាប់​ក្នុង​រដ្ឋសភា និង​មាន​ប្រជាពលរដ្ឋ​គាំទ្រ​ជាង ៣ លាន់​នាក់ ក៏បាន​អំពាវនាវ ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ ធ្វើពហិការ កុំ​ចូលរួម​ការបោះឆ្នោត នៅ​ថ្ងៃទី​២៩ កក្កដា ខាងមុខនេះ​។​

​ការចុះបញ្ជី​គណបក្សនយោបាយ សម្រាប់​ចូលរួម​ប្រកួតប្រជែង ការបោះឆ្នោត​នៅ​ថ្ងៃទី​២៩ ខែកក្កដា ត្រូវបាន​បិទ​បញ្ចប់​នៅ​ថ្ងៃទី ១៤ ខែឧសភា​ម្សិលមិញ​នេះ វេលា​ម៉ោង ៥:៣០ ល្ងាច បន្ទាប់ពី​បាន​បើកទទួល​ពាក្យ​អស់​រយៈពេល ១៥ ថ្ងៃ គិត​ចាប់តាំងពី​ថ្ងៃទី ៣០ ខែ​មេសា មក​។​

​ចំនួន​គណបក្ស​ដែល​បាន​ចុះបញ្ជី នៅ គ​.​ជ​.​ប ក្នុង​រយៈពេល​១៥​ថ្ងៃនេះ គឺ​មិនតិចជាង​២១​គណបក្ស​នោះទេ​។​ប៉ុន្តែ​មកដល់ពេលនេះ គណបក្ស ៤ ដែល​ត្រូវបាន​ប្រកាស​ទទួលស្គាល់​ជា​ផ្លូវការ ដោយ គ​.​ជ​.​ប​. ក្នុងនោះ​រួមមាន គណបក្ស​ប្រជាជន​កម្ពុជា របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន គណបក្ស​យុវជន​កម្ពុជា គណបក្ស​សញ្ជាតិ​កម្ពុជា និង​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​របស់លោក ញឹក ប៊ុនឆៃ ដែល​ទើប​ត្រូវបាន​ដោះលែង​ពី​ពន្ធនាគារ​ប៉ុន្មាន​ថ្ងៃ កន្លងទៅនេះ​។​ឯ​គណបក្ស​ផ្សេងទៀត គ​.​ជ​.​ប កំពុង​ពិនិត្យ និង​អាច​ប្រកាស​ទទួលស្គាល់​នៅ​ថ្ងៃទី​២១​ឧសភា​ខាងមុខ បើ​ពិនិត្យ​ទៅ​ឃើញថា​ត្រឹមត្រូវ​តាម​នីតិវិធី​។ ដូច្នេះ ចំនួន​នេះ គឺ​អាចមាន​គណបក្ស​ច្រើន ទ្វេដង ជាង​អាណត្តិ​ទី​៥ កន្លងទៅ​ដែល​មានតែ​៨​គណបក្ស​ប៉ុណ្ណោះ​។​

​គួរ​បញ្ជាក់ថា ភាគី​ជប៉ុន ម្តង​ហើយ​ម្តងទៀត តែង​ជំរុញ​ឲ្យ​កម្ពុជា​រៀបចំ​ការបោះឆ្នោត​មួយ​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ប៉ុន្តែ អ្នកនាំពាក្យ​បន្ត​កាន់អំណាច​ចាត់ទុកថា​នេះ គ្រាន់តែ​ជា​រឿង​ធម្មតា និង​មិនមែន​ជាការ​លូកលាន់​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា​នោះទេ​។​

​គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្កោលទោស​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន និង គណៈកម្មាធិការ​ជាតិ រៀបចំ​ការបោះឆ្នោត (​គជប​) ថា​បាន​ដក​ជម្រើស​របស់​ពលរដ្ឋ​ខ្មែរ​ម្ចាស់ឆ្នោត និង បង្ហាញ​ច្បាស់ ថា​ការបោះឆ្នោតជាតិ នៅ​ថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ ២០១៨ នោះ គឺជា​ការបោះឆ្នោត​ក្លែងក្លាយ មិន​ឆ្លុះបញ្ចាំង​ឆន្ទៈ របស់​ប្រជាពលរដ្ឋ​ខ្មែរ និង ជា​ការសម្លាប់​លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា​។​

ជា​ការកត់សម្គាល ក្រៅពី​គណបក្ស​សង្គ្រោះ​ជាតិ មាន​គណបក្សនយោបាយ​ចំនួន ៥ ផ្សេងទៀត បានប្រកាស​ធ្វើពហិការ មិន​ចូលរួម​ការបោះ​ខាងមុខ​នេះដែរ រួមមាន គណបក្ស​អំណាច​ខ្មែរ​, គណបក្ស​ភ្លើងទៀន (​ដែល​កើតចេញពី​គណបក្ស សម រង្ស៊ី​) គណបក្ស​មហា​សាមគ្គី​ជាតិខ្មែរ​,  គណបក្ស​សិទ្ធិមនុស្ស (​របស់លោក កឹម សុខា​កាលពីមុន​) និង គណបក្ស​ជាតិនិយម​។ មូលហេតុ​នៃ​ការប្រកាស​ធ្វើពហិកា​នេះ រួមមាន ការចោទប្រកាន់ ថា គ​.​ជ​.​ប​ថា មិន​ឯករាជ្យ ហើយ ធ្វើការ​មិន​បានល្អ និង​ស្ថានភាព នយោបាយ​ច្របូកច្របល់ គ្មាន​ការដោះស្រាយ ឬ បើ​ចូលរួម​បោះឆ្នោត គឺ​គ្រាន់តែ​មក លម្អ​ឆាកល្ខោន ឲ្យ​របប​ផ្តាច់ការ​រៀបចំ​ការ បោះឆ្នោត​ក្លែងក្លាយ ដើម្បី​បន្ត​កាន់អំណាច របស់ខ្លួន​តែប៉ុណ្ណោះ ជាដើម​៕

ព័ត៌មានផ្សេងទៀត