លោក​Mahathir ចេញមុខ​ប្រឆាំង​អាមេរិកដែល​តាំង​ស្ថានទូត​ក្នុង​ក្រុង​យេ​រូ​សា​ឡឹម​

15-05-2018 10:38 am 1759
លោក​នាយករដ្ឋមន្ត្រីថ្មីម៉ាឡេស៊ី​Mahathir Mohamad

​រដ្ឋបាល​ថ្មី​របស់​ម៉ាឡេស៊ី ដែល​ដឹកនាំ​ដោយ​លោក​នាយករដ្ឋមន្ត្រី​Mahathir Mohamad និយាយថា ខ្លួន​ប្រឆាំង​យ៉ាង​ដាច់អហង្ការ ចំពោះ​អាមេរិក​ដែល​ផ្លាស់ប្តូរ​ស្ថានទូត មក​តាំង​នៅក្នុង​ទីក្រុង​យេ​រូ​សា​ឡឹម​។ ក្រសួងការបរទេស​ម៉ា​ឡេស៊ី ដែល​មិនទាន់​តែងតាំង​រដ្ឋមន្ត្រី​ថ្មី​នៅឡើយ បានចេញ​សេចក្តីថ្លែងការណ៍​របស់​ខ្លួន​លើកដំបូង ដោយ​អះអាងថា ទង្វើ​នេះ​ធ្វើឲ្យប៉ះពាល់​ដល់​សន្តិសុខ និង​ស្ថេរភាព​ក្នុង​តំបន់ ដែល​បញ្ហា​នេះ​នឹង​ធ្វើឲ្យប៉ះពាល់​ដល់​កិច្ចខិតខំ​ប្រឹងប្រែ​ង ឆ្ពោះទៅរក​ដំណោះស្រាយ​ដ៏​ទូលំទូលាយ និង​យូរអង្វែង​ចំពោះ​ជម្លោះ​រវាង​ប៉ាឡេ​ស្ទី​ននិង​អ៊ីស្រាអែល​ផងដែរ​។ 

​ក្រសួងការបរទេស​ម៉ាឡេស៊ី បានបញ្ជាក់​ជំហរ​រឹងមាំ​របស់ខ្លួន​ឡើងវិញ​ថា ដំណោះស្រាយ​រដ្ឋ​ពីរ​ដែល​ផ្អែកលើ​ព្រំដែន​មុន​ឆ្នាំ ១៩៦៧ ជាមួយ​ក្រុង​យេ​រូ​សា​ឡឹម​ខាងកើត ជា​រដ្ឋធានី​នៃ​ប៉ាឡេ​ស្ទីន គឺជា​ដំណោះស្រាយ​តែមួយគត់ សម្រាប់ ជម្លោះ​រវាង​ប៉ាឡេ​ស្ទី​ននិង​អ៊ីស្រាអែល​។  ជំហរ​របស់​ម៉ាឡេស៊ី ស្របទៅតាម​អ្វីដែល​ប៉ាឡេ​ស្ទីន​ចង់​បានគឺ ការរៀបចំយេ​រូ​សាឡឹម​ខាង​កើតជារ​ដ្ឋ​ធានី​របស់​ពួកគេ​នៅ​ថ្ងៃ​អនាគត​។​

​សេចក្តីថ្លែងការណ៍​របស់​រដ្ឋបាល​ថ្មី​ម៉ាឡេស៊ី ធ្វើឡើង​បន្ទាប់ពី​មាន​អំពើហិង្សា​ផ្ទុះឡើង រវាង​អ៊ីស្រាអែល​និង​ប៉ាឡេ​ស្ទីន​កាលពី​ថ្ងៃ​ចន្ទ បណ្តាលឲ្យ​ក្រុមបាតុក​រប៉ា​ឡេ​ស្ទីន​៥៥​នាក់​ស្លាប់​និង​ជិត​៣​ពានា់​នាក់​របួស​។ ជម្លោះ​បង្ហូរឈាម​នេះ ផ្ទុះឡើង​នៅពេល​ក្រុមបាតុករ​ប៉ាឡេ​ស្ទីន ប្រមូលផ្តុំ​ធ្វើបាតុកម្ម ប្រឆាំងនឹង​ការរៀបចំ​ពិធី​បើក​ស្ថានទូត​អាមេរិក ក្នុង​ក្រុងយេ​រូ​សា​ឡឹម ទៅតាម​ការប្រកាស​រប​ស់លោក​ដូណាល់ ត្រាំ​ប្រធានាធិបតី​អាមេរិក​កាលពី​ឆ្នាំមុន ដែល​សម្រេច​ផ្លាស់ប្តូរ​ស្ថានទូត​អាមេរិក ប្រចាំ​ប្រទេស​អ៊ីស្រាអែល ក្នុង​ក្រុង​តាល់​អាវីវ មកកាន់​ក្រុង​យេ​រូ​សា​ឡឹម​វិញ​៕

ព័ត៌មានផ្សេងទៀត