បាតុករ​ប៉ាឡេ​ស្ទីន​៥៥​នាក់​ស្លាប់និង​របួស​ជិត​៣​ពាន់​នាក់ក្នុង​ការប៉ះទង្គិច​គ្នាជាមួយ​អ៊ីស្រាអែល

15-05-2018 8:59 am 1360
  ស្តាប់
ប្រជាជនប៉ាឡេស្ទីនកំពុងសែងជនរងគ្រោះដែលជាក្រុមបាតុករប៉ាឡេស្ទីន
ស្តាប់ជាសំឡេង

​ក្រុមបាតុករ​ប៉ាឡេ​ស្ទីន​ចំនួន​៥៥​នាក់​ស្លាប់ និង​២ ៩០០​នាក់​បាន​រងរបួស នៅក្នុង​ការប៉ះទង្គិច​គ្នា​ជាមួយ​ទាហាន​អ៊ីស្រាអែល នៅ​ព្រំដែន Gaza កាលពី​ថ្ងៃ​ចន្ទ​ទី​១៤​ឧសភា​ឆ្នាំ​២០១៨​។ ជម្លោះ​បង្ហូរឈាម​នេះ បាន​ផ្ទុះឡើង​នៅពេល​ក្រុមបាតុករ​ប៉ាឡេ​ស្ទីន​ប្រមូល​ផ្តុំគ្នា​ធ្វើបាតុកម្ម ដើម្បី​ប្រឆាំ​នឹង​ការរៀបចំ បើក​ស្ថានទូត​អាមេរិក​នៅ​ទីក្រុង​យេ​រូ​សា​ឡឹម​នៅ​ថ្ងៃ​ចន្ទ​។ 

​បាតុកម្ម​​នេះ មាន​ក្រុមបាតុករ​ប្រហែល​៤​ម៉ឺន​នាក់​ចូលរួម ដោយ​ពូកគេ​បាន​បែងចែក​គ្នា​ជា​ក្រុម ទៅ​ប្រមូលផ្តុំ​នៅ​១៣​ទីតាំង​ផ្សេងគ្នា ស្ថិតនៅតាម​បណ្តោយ​ខ្សែបន្ទាត់​ព្រំដែន Gaza​។ ក្រុមបាតុករ បាន​គប់​ដុំថ្ម និង​ដុំ​ភ្លើង​ដាក់រ​បងខ​ណ្ឌ​ចែក​ដែនដី​ភាគី​ទាំងពីរ ដែលមាន​ទា​ហាន​អ៊ីស្រាអែល ប្រដាប់​ដោយ​កាំភ្លើង​ប្រចាំការ​នៅក្បែរនោះ​។ អ៊ីស្រាអែល​ចាប់ផ្តើម​ប្រើ​វិធានការ​បង្ក្រាប ដោយ​ប្រើ​ឧស្ម័ន​បង្ហូរទឹកភ្នែក​បាញ់​ដាក់​ក្រុម​បាតុករ ហើយ​ទាហាន​អ៊ីស្រាអែល​ក៏បាន​ប្រើ​កាំភ្លើង​បាញ់​តប​វិញ​ផងដែរ ដែល​ធ្វើឲ្យ​ក្រុមបាតុក​រខ្លះ​របួស និង​ខ្លះ​ធ្លាក់ខ្លួន​ស្លាប់​ជា​បន្តបន្ទាប់​។ ការប៉ះទង្គិច​គ្នា​ដោយ​ហិង្សា រវាង​អ៊ីស្រាអែល​និង​ប៉ាឡេ​ស្ទី​ននៅពេលនេះ ជា​អំពើហិង្សា​ដ៏​អាក្រក់​បំផុត មិន​ធ្លាប់មាន​ចាប់តាំងពី​ឆ្នាំ​២០១៤​មក​។​

​អ្នកនាំពាក្យ​របស់​កង​កម្លាំង​ការពារ​អ៊ីស្រាអែល​និយាយថា ទាហាន​បាន​បាញ់កាំភ្លើង​សំដៅ លើ​តែ​ក្រុម​ភេរ​វករ​ប៉ុណ្ណោះ ចំណែកឯ​ពលរដ្ឋ​ដែល​ចូលរួម​ធ្វើបាតុកម្ម​ធម្មតា ពួកគេ​គ្រាន់តែ​បំបែកដោយ​ប្រើ​ឧស្ម័ន​បង្ហូរទឹកភ្នែក​។ នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក​បែន យ៉ា​មីន​នេ​តាន់​យ៉ា​ហ៊ូ និយាយថា ក្រុមបាតុករ បានធ្វើ​សកម្មភាព​រំលោភ​ព្រំដែន ឈ្លានពាន​ចូល​ប្រទេស​អ៊ីស្រាអែល ក្រោម​ការរៀបចំ​របស់​ក្រុម​សកម្មប្រយុទ្ធ​ហា​ម៉ាស ដើម្បីបំផ្លាញប្រទេសអ៊ីស្រាអែល ដូច្នេះ​អ៊ីស្រាអែល​ត្រូវតែ​ប្រើ​វិធានការ ដើម្បី​ការពារ​អធិបតេយ្យភាព​និង​ពលរដ្ឋ​អ៊ីស្រាអែល ។​

​សម្រាប់​លោក​Mahmoud Abbas​មេដឹកនាំ​ប៉ាឡេ​ស្ទីន​វិញ បាន​ហៅ​សកម្មភាព​របស់​អ៊ីស្រាអែល​ពេលនេះ ថា ជាការសម្លាប់​រង្គាល​ប្រជាជន​ប៉ាឡេ​ស្ទីន​ជាថ្មី​។​

​អំពើហិង្សា​ជាថ្មី​នេះ បាន​រើ​ឡើងវិញ នៅពេល​លោក​ដូណាល់ ត្រាំ​ប្រធានាធិបតី​អាមេរិក ប្រកាស​ផ្លាស់ប្តូរ​ស្ថានទូត​អាមេរិក ប្រចាំ​ប្រទេស​អ៊ីស្រាអែល ក្នុង​ទីក្រុង​តាល់​អាវីវ មក​តាំងនៅ​ក្រុង​យេ​រូ​សា​ឡឹម​វិញ​។ ប៉ាឡេ​ស្ទីន​មិន​ពេញចិត្ត​នឹង​សកម្មភាព​របស់លោក​ត្រាំ​ដែល​សម្រេច​ធ្វើបែបនេះ​ឡើយ ហើយ​ពួកគេ​បាន​ធ្វើបាតុកម្ម​ប្រឆាំងជាច្រើនលើក​ច្រើនសា​ផងដែរ។ ប៉ាឡេ​ស្ទីន​ដឹង​ច្បាស់ ពី​ចេតនា​របស់​អ៊ីស្រាអែល ចង់​គ្រប់គ្រង​ទីក្រុង​យេ​រូ​សា​ឡឹម​ទាំងមូល ខណៈ​ប៉ាឡេ​ស្ទីន​បានចាត់ទុក​ទីក្រុង​យេ​រូ​សា​ឡឹម​ភាគ​ខាងកើត ជា​រដ្ឋធានី​របស់​ពួកគេ​នៅ​ថ្ងៃ​អនាគត​៕
​​

ព័ត៌មានផ្សេងទៀត