អាមេរិក​ថា ​នឹង​ដក​ទណ្ឌកម្ម​ចេញបើ​កូរ៉េខាងជើង​លុបចោល​កម្មវិធី​នុយក្លេអ៊ែរទាំងស្រុង​

14-05-2018 11:42 am 1531
  ស្តាប់
​លោកMike Pompeoនៅខាងឆ្វេងលោកគីម ជុងអ៊ុន
ស្តាប់ជាសំឡេង

​អាមេរិក​តាមរយៈ​រដ្ឋ​មន្ត្រី​ក្រសួងការបរទេស​លោក Mike Pompeo បាន​ថ្លែងថា អាមេរិក​នឹង​ដក​ទណ្ឌកម្មសេដ្ឋកិច្ច​ចេញ បើ​ទីក្រុង​ព្យុងយ៉ាង​លុបចោល​កម្មវិធី​នុយក្លេអ៊ែរ​ទាំងស្រុង​។ លោក​Mike Pompeo​និយាយទៀតថា ការដក​ទណ្ឌកម្ម​នេះ នឹង​ជួយ​ត្រួសត្រាយ​ផ្លូវ ឲ្យ​អាមេរិក​អាចធ្វើ​ការវិនិយោគ​ដោយផ្ទាល់ នៅក្នុង​ប្រទេស​កូរ៉េខាងជើង ដែល​មានដូចជា ការវិនិយោគ​ផ្នែក​ថាមពល អេឡិចត្រូនិច កសិកម្ម និង​ហេដ្ឋារចនាសម្ព័ន្ធ​។ 

​លោក​Pompeo ដែល​បាន​ធ្វើដំណើរ​ទៅ​ជួប​លោក​គីម ដល់​ទៅ​ពីរដង ដោយ​លើកទីមួយ​ទៅ​កាលពី​ខែ​មេសា និង​លើក​ទី​ពីរ​កាលពី​សប្តាហ៍​មុន​នោះ បានដឹង​យ៉ាងច្បាស់​ពី​តម្រូវការ​របស់​កូរ៉េខាងជើង​។ លោក​ថា កូរ៉េខាងជើង ត្រូវការ​ជា​ចាំបាច់​នូវ​ថាមពល សម្រាប់​បម្រើឲ្យ​ប្រជាជន រួមទាំង​គ្រឿង​បរិក្ខារ និង​បច្ចេកវិទ្យា​កសិកម្ម​ផងដែរ​។ ដូច្នេះ លោក​ថា នឹង​បង្កើត​លក្ខខណ្ឌ សម្រាប់​ភាពរុងរឿង​សេដ្ឋកិច្ច​ពិតប្រាកដ សម្រាប់​ប្រជាជន​កូរ៉េខាងជើង​។​

​គួរ​ជម្រាបជូន​ថា រហូត​មកដល់ពេលនេះ បើទោះបី​កូរ៉េខាងជើង បង្ហាញ​ការប្តេជ្ញាចិត្ត​លុបចោល​កម្មវិធី​នុយក្លេអ៊ែរ និង​បានកំណត់​ថ្ងៃ​ជួបពិភាក្សា រវាង​លោក​គីម ជុង​អ៊ុន​ប្រធានាធិបតី​កូរ៉េខាងជើង និង​លោក​ដូណាល់ ត្រាំ​ប្រធានាធិបតី​អាមេរិក អំពី ការលុបបំបាត់​នុយក្លេអ៊ែ​រ​ក៏ដោយ ប៉ុន្តែ​អាមេរិក​មិនទាន់​ដក​ទណ្ឌកម្ម​ចេញ​ពីកូរ៉េខាងជើង​នៅឡើយ​ទេ​។ 

​លោក​ត្រាំ​និង​លោក​គីម នឹង​ជួបពិភាក្សា​តទល់​មុខ​គ្នា ស្តីពី ការលុបបំបាត់​កម្មវិធី​នុយក្លេអ៊ែរ​កូរ៉េខាងជើង នៅ​ថ្ងៃទី​១២​ខែមិថុនា ឆ្នាំ​២០១៨​នៅ​ប្រទេស​សិង្ហ​បុរី​។ មុន​ផ្តើម​កិច្ចប្រជុំ​កំពូល​មួយ​នេះ កូរ៉េខាងជើង​បានដាក់​ថ្ងៃ​ជាក់លាក់ ដើម្បី​រុះរើ​ទីតាំង​ធ្វើតេស្ត​នុយក្លេអ៊ែរ​ដ៏​ល្បីល្បាញ​របស់ខ្លួន នៅ​ចន្លោះ​ថ្ងៃទី​២៣​ដល់​ថ្ងៃទី​២៥​ខែឧសភា​ឆ្នាំ​២០១៨​នេះ​។ លោកត្រាំ​បាន​សាទរ​ចំពោះ​ដំណឹង​ថ្មី​នេះ និងហៅថា​ ជាកាយវិការាក់ទាក់មុនចាប់ផ្តើមកិច្ចប្រជុំ ចំណែក​ឯលោក​Pompeo​បានបន្ទរតាមក្រោយ ថា​វា​ជា​ដំណឹង​ល្អ សម្រាប់​ប្រជាជន​អាមេរិក​និង​ពិភពលោក​ទាំងមូល​៕

ព័ត៌មានផ្សេងទៀត