នាយក​សាលា​​ដែល​បង្ហោះ​សារ​​ប្រមាថ​ព្រះមហាក្សត្រ​​ត្រូវបាន​​ឃុំខ្លួន​​

14-05-2018 11:21 am
  ស្តាប់
លោក​ឃាង ណាវី (រូបកណ្តាល)ជាប់ចោទពីបទប្រមាថព្រះមហាក្សត្រ
ស្តាប់ជាសំឡេង

​សមត្ថកិច្ច​ខេត្តកំពង់ធំ បានឲ្យដឹងថា គ្រូបង្រៀន​ម្នាក់​ដែលមាន​តួនាទី​ជា​នាយក​សាលា ត្រូវបាន​សាលាដំបូង​ខេត្ត​កំពង់ធំ សម្រេច​ឃុំខ្លួន​ជា​បណ្តោះអាសន្ន​ហើយ កាលពី​ល្ងាច​ថ្ងៃទី​១៣ ឧសភា ក្រោយ​ការឃាត់ខ្លួន​មួយថ្ងៃ បន្ទាប់ពី​បង្ហោះ​ខ្លឹមសារ​មួយ ប្រមាថ​ដល់​ព្រះ​ចេស្តា​ព្រះមហាក្សត្រ នៅលើ​បណ្ដាញ​សង្គម​Facebook ដែល​នេះ​គឺជា​ការបង្ក្រាប​ជា​លើកដំបូង​ទៅលើ​អ្នក​រិះគន់​ព្រះមហាក្សត្រ បន្ទាប់ពី​រដ្ឋាភិបាល​បាន​កែ​ច្បាប់​ដាក់ទោស​ទៅលើ​អ្នក​ប្រមាថ​ស្ថាប័ន​ព្រះមហាក្សត្រ​។​

​ជនសង្ស័យ​ជា​នាយក​សាលាបឋមសិក្សា​ព្រៃ​តា​ហ៊ូ ឈ្មោះ​ឃាង ណាវី អាយុ ៥០​ឆ្នាំ រស់​ភូមិ​កំពង់​ក្របៅ ឃុំ​កំពង់​ក្រ​បៅ បាន​ប្រើប្រាស់​គណនី​ហ្វេ​សប៊ុក​ឈ្មោះ «​គ្រូ​ប្រពន្ធ​ស​» សរសេរ​សារ​ប្រមាថ​ព្រះមហាក្សត្រ ជុំវិញ​ការរំលាយ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​។​

​ជា​ការកត់សម្គាល់ នេះ​គឺជា​ការបង្ក្រាប​ជា​លើកដំបូង​ហើយ បន្ទាប់ពី​រដ្ឋាភិបាល​បាន​កែ​ក្រមព្រហ្មទណ្ឌ ដោយ​កំណត់​ការដាក់ទោស​អ្នក​ប្រមាថ​រាជវង្ស​កាលពី​ខែមីនា​កន្លងមក ខណៈដែល​វិសោធនកម្ម​ច្បាប់​នេះ ក៏​រង​ការរិះគន់ ពី​ក្រុមមន្ត្រី​សិទ្ធិមនុស្ស​មិនតិច​ដែរ ដោយ​ចាត់ទុកថា​វិសោធនកម្ម​ច្បាប់​នេះ ធ្វើឡើង​ដើម្បី​បំបិទ​សំឡេង​រិះគន់ និង​ក្រុម​អ្នកប្រឆាំង​តែប៉ុណ្ណោះ​។​

​បើតាម​ដីកា​បង្គាប់​ឱ្យ​ឃុំខ្លួន​បណ្តោះអាសន្ន របស់ លោក​ឃ​ន កុសល ប្រធាន និង​ជា​ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​ខេត្ត​កំពង់ធំ បានឱ្យដឹងថា តុលាការ​បានសម្រេច​ចោទប្រកាន់ បុគ្គល​រូបនេះ​ពីបទ ប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ នៅក្នុង​មាត្រា​៤៣៧ (​ស្ទួន​) នៃ​ច្បាប់​ស្តីពី​វិសោធនកម្ម​ក្រមព្រហ្មទណ្ឌ​។​

​យោងតាម ក្រមព្រហ្មទណ្ឌ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ទើបនឹង​ត្រូវបាន​វិសោធនកម្ម​ថ្មីៗ​នេះ បាន​បន្ថែម​មាត្រា​កំណត់​ទោស​ប្រមាថ​អង្គ​ព្រះមហាក្សត្រ ត្រង់​ជំពូក​ទី​១ មាតិកា​ទី​១ នៃ​គន្ថី​ទី​៤ មាត្រា​ស្ទូន​៤៣៧​ថ្មី ដោយបាន​ចែងថា «​ការប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី​០១​ឆ្នាំ ទៅ​០៥​ឆ្នាំ និង​ពិន័យ​ជា​ទឹកប្រាក់​ពី ២​លាន​រៀល ទៅ​១០​លាន​រៀល​»​។​

ចំពោះ​នីតីបុគ្គល​ក៏​អាច​ត្រូវបាន​ផ្តនា្ទទោស ពិន័យ​ជា​ប្រាក់ ១០​លាន​រៀល ទៅ​៥០​លាន​រៀល ព្រមទាំង​ទោស​បន្ថែម​មួយ ឬ​ច្រើន ក្នុងករណី​ដែល​តុលាការ​រកឃើញថា មាន​ពិរុទ្ធភាព​ពាក់ព័ន្ធ​នឹង​ការប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ​៕

ព័ត៌មានផ្សេងទៀត