លោក​ហ៊ុន​សែន​អរគុណ​កូរ៉េ ដែល​ជួយ​ជួសជុល​អគារ​មិត្តភាព​កម្ពុជា​-​កូរ៉េ នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ​

14-05-2018 10:31 am 744
  ស្តាប់
ស្តាប់ជាសំឡេង

​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​លើកឡើង​នៅក្នុង​ពិធី​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​អាគារ​មិត្តភាព​កម្ពុជា​-​កូរ៉េ កែលម្អ​ថ្មី​នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ នៅ​ថ្ងៃ​ទី​១៤ ខែ​ឧសភា​នេះ​ថា លោក​ពិតជា​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ប្រទេស​កូរ៉េ​ដែល​បាន​ផ្តល់​នូវ​ជំនួយឥតសំណង​ក្នុង​ការជួយ​ជួសជុល​ឡើងវិញ​នូវ​អគារ​មិត្តភាព​កម្ពុជា​-​កូរ៉េ​។​

​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​បន្តថា អគារ​នេះ​នឹង​បាន​ចូលរួម​ចំណែក​បម្រើ​វិស័យ សុខាភិបាល​ក្នុង មន្ទីរពេទ្យ​កុមារ​ជាតិ ហើយ​លោក​ក៏​បាន​ជំរុញ​ឲ្យ​បុគ្គលិក​ពេទ្យ​ទាំងអស់​ត្រូវ​បង្កើន​សមត្ថភាព និង​ការយកចិត្តទុកដាក់ ចំពោះ​អ្នកជំងឺ​គ្រប់​ប្រភេទ ជា​ពិសេស​ត្រូវ​គោរព​ក្រមសីលធម៌​វិជ្ជាជីវៈ​ពេទ្យ​អោយ​បាន​ត្រឹមត្រូវ​។ លោក​បន្ថែមថា ទោះបីជា​មន្ទីរពេទ្យ​មាន​បរិក្ខារ​ទំនើប តែ​មនុស្ស​អត់​ទំនើប​គឺ​នៅ​តែ​ប៉ុណ្ណឹង​ដដែល​។​

​នៅក្នុង​ពិធី​សម្ពោធ​នោះ​ដែរ​លោក​នាយករដ្ឋមន្ត្រី​បាន​ថ្លែង​ជាថ្មី​ម្តងទៀត​ថា ចំពោះ​សិស្ស​ដែល​ជាប់​បាក់​ឌុប ហើយ​ចង់​ប្រឡង​ចូល​ខាង​ផ្នែក​វេជ្ជសាស្ត្រ គឺ​អាច​ដាក់​ប្រឡង​ចូលរៀន​បាន​គ្រប់​និទ្ទេស​ទាំងអស់ មិនចាំបាច់​បាន​និទ្ទេស A, B ឬ C នោះទេ​។ ប៉ុន្តែ​សម្រាប់​ការ​សំណូមពរ​ឲ្យមាន​ការបន្ធូរបន្ថយ​វិញ្ញាសា ប្រឡង​វិញ​នោះ គឺ​មិន​អាច​ទៅរួច​នោះទេ សំខាន់​លើ​សមត្ថភាព​ពិតប្រាកដ ចេះ​ទើប​ជាប់​។​

​គួរ​បញ្ជាក់ដែរថា “​អគារ​មិត្តភាព​កម្ពុជា​-​កូរ៉េ​” ត្រូវបាន​សាងសង់ និង​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​កាលពី​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០០៧​កន្លងទៅ​។ អគារ​នេះ​មាន​កម្ពស់ ៣​ជាន់ បណ្តោយ ៦៣​ម៉ែត្រ ទទឹង ២៦​ម៉ែត្រ ដែល​បំពាក់​ដោយ​ជណ្តើរយន្ត​ទំនើប​។ ការកែលម្អ​ឡើងវិញ​នូវ “​អគារ​មិត្តភាព​កម្ពុជា​-​កូរ៉េ​” រួម​ទាំង​ការបំពាក់​គ្រឿងសង្ហារិម និង​សំភារៈ​បរិក្ខារ​ពេទ្យ​ថ្មីៗ​ទៀត​នោះ​គឺ ចំណាយ​ថវិកា​សរុប​ប្រមាណ ៧,២៨០,០០០ ដុល្លារ​អាមេរិក​។

​មួយវិញទៀត​អគារ​ដែល​កែលម្អ សារ​ជា​ថ្មី​នេះ​អាច​បម្រើ​សេវា​ដូចជា​៖​ពិគ្រោះ​ជំងឺ​ទូទៅ និង​ឯកទេស​, សង្គ្រោះបន្ទាន់​, ឱសថ​ស្ថាន​, វិទ្យុ​និង​អេកូ​សាស្ត្រ​, ព្យាបាល​ជំងឺ​ធ្ងន់ធ្ងរ​, ព្យាបាល​ជំងឺ​ទារក​, ព្យាបាល​ជំងឺ​ត្រចៀក ច្រមុះ និង​បំពង់​ក ជំងឺ​ក្រពេញ​និង​ជំងឺ​តម្រង់​នោម​, ព្យាបាល​ជំងឺ​លោហិត​វិទ្យា និង​ជំងឺមហារីក​។ អគារ​នេះ​ក៏​មាន​សេវា​ផ្នែក​មន្ទីរពិសោធន៍​ទំនើប និង​ព្យាបាល​ជំងឺគ្រុនឈាម និង​ជំងឺឆ្លង​ផងដែរ​៕

 


ព័ត៌មានផ្សេងទៀត