ប្រធានាធិបតី​ឥណ្ឌូនេស៊ីបញ្ជា​ឲ្យ​ស៊ើបអង្កេត​ស៊ីជម្រៅក្នុងករណី​បំផ្ទុះ​គ្រាប់បែក​

14-05-2018 9:37 am 1461
គ្រួសារដែលធ្វើសកម្មភាពបំផ្ទុះគ្រាប់បែក (ប្រភពពីABC​​ News)

​ប្រធានាធិបតី​ឥណ្ឌូនេស៊ី​លោក​ចូកូ វី​ដូ​ដូ បានចេញ​បញ្ជា​ឲ្យ​បើ​កការស៊ើបអង្កេត ឲ្យបាន​ស៊ីជម្រៅ ស្វែងរក​ឫសគល់ នៃ​ការ​បំផ្ទុះ​គ្រាប់បែក ដែល​បង្កឡើង​ដោយ មនុស្ស​មួយ​គ្រួសារ ជា​ជនជាតិ​ឥណ្ឌូនេស៊ី​។ លោក​វី​ដូ​ដូ ដែល​បាន​ធ្វើដំណើរ​ទៅកាន់​កន្លែងកើតហេតុ បាន​ហៅ​ការវាយប្រហារ​ដោយ​បំផ្ទុះ​គ្រាប់បែក នោះ​ថា ជា​ទង្វើ​ព្រៃផ្សៃ​និង​អមនុស្សធម៌​។ លោក​អំពាវនាវ​ឲ្យ​មនុស្សទាំ​ង​អស់ ចូលរួមជាមួយគ្នា​ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​អំពើ​ភេរវកម្ម​។ លោក​ប្រធានាធិបតី​ថា ខណៈ​នេះ​លោក​គ្មាន​ពាក្យ​អ្វី​ដើម្បី​ពណ៌នា​បាន ក្រៅតែពី​ការចូលរួម​រំលែក​ទុក្ខ ចំពោះ​ជនរងគ្រោះ ដែល​បាន​ស្លាប់​បាត់បង់​នោះទេ​។​

​សូមបញ្ជាក់ថា នៅក្នុង​ប្រទេស​ឥណ្ឌូនេស៊ី មាន​ការវាយប្រហារ​បំផ្ទុះ​គ្រាប់បែក លើ​ព្រះវិហារ​បី​កន្លែង ស្ថិតក្នុង​ក្រុង​Surabaya ជា​ទីក្រុង​ធំ​ទី​ពីរ របស់​ប្រទេស​ឥណ្ឌូនេស៊ី កាលពី​ថ្ងៃទី​១២​ខែ​សភា ឆ្នាំ​២០១៨​បណ្តា​លឲ្យមនុស្ស​១៣​នាក់​ស្លាប់ និង​ជាង​៤០​នាក់​រងរបួស​។ ការ​បំផ្ទុះ​គ្រាប់បែក​នេះ បង្កឡើង​ដោយ ជនជាតិ​ឥណ្ឌូនេស៊ី​មួយ​គ្រួសារ​មាន​គ្នា​៦​នាក់​។ ពួកគេ​ស្ថិតក្នុង​ចំណោម​គ្រួសារ​មួយ ក្នុងចំណោម​គ្រួសារ​រាប់រយ​ទៀត ដែល​បាន​ធ្វើដំណើរ​ចេញពី​ប្រទេស ឆ្ពោះទៅកាន់​ប្រទេស​ស៊ី​រី ជា​កន្លែង​ដែល​ក្រុម IS ប្រយុទ្ធ​ជាមួយ​ទា​ហ៊ាន​រដ្ឋាភិបាល ដើម្បី​ដណ្តើមយក​ទឹកដី និង​បាន​ត្រឡប់​ចូល​ប្រទេស​កំណើត​វិញ​។ ប្រធាន​ប៉ូលិស​ជាតិ​លោក​Tito Karnavian​បាន​និយាយថា មនុស្ស​មួយ​គ្រួសារ​នេះ ជា​សមាជិក​ក្រុម​ជ្រុលនិយម​ក្នុងស្រុក​ឈ្មោះ Jamaah Ansharut Daulah (JAD) ដែល​គាំទ្រ​ក្រុម​IS​។ ចំណែកឯ​ក្រុម​សកម្ម​ប្រយុទ្ធ​IS ក៏បាន​ចេញមុខ​ប្រកាសថា ការវាយប្រហារ​ដោយ​បំផ្ទុះ​គ្រាប់បែក ក្នុងប្រទេស​ឥណ្ឌូនេស៊ី​កាលពី​ថ្ងៃ​សៅរ៍ ជា​ថ្វីដៃ​របស់​ពួកគេ​ផងដែរ​៕ 

ព័ត៌មានផ្សេងទៀត