បំផ្ទុះ​គ្រាប់បែក​សម្លាប់​មនុស្ស​១៣​នាក់បង្កឡើងដោយមនុស្សមួយ​គ្រួសារ​ជាជនជាតិឥណ្ឌូនេស៊ី

14-05-2018 8:31 am 1167
  ស្តាប់
ទីតាំងដែលរងការបំផ្ទុះគ្រាប់បែក
ស្តាប់ជាសំឡេង

ការវាយប្រហារ​ដោយ​បំផ្ទុះ​គ្រាប់បែក នៅ​ព្រះវិហារ​អ៊ីស្លាម​ចំនួនបីកន្លែងស្ថិតក្នុង​ក្រុង Surabaya ប្រទេស​ឥណ្ឌូនេស៊ី កាលពី​ថ្ងៃ​សៅរ៍ បណ្តា​លឲ្យមនុស្ស​១៣​នាក់​ស្លាប់បាត់​បង់ជីវិត និង​ជាង​៤០​នាក់​រងរបួស បង្កឡើង​ដោយ​ជនជាតិ​ឥណ្ឌូនេស៊ី​មួយ​គ្រួសារ​មាន​គ្នា​៦​នាក់​។ គ្រួសារ​មួយ​នេះ បាន​ធ្វើដំណើរ​ត្រឡប់​មកពី ប្រទេស​ស៊ី​រី​។ យោងតាម​ការចុះផ្សាយ ដោយ​សារព័ត៌មាន​BBC សមាជិកគ្រួសារ​នេះ បាន​បែងចែក​គ្នា​ជា​ក្រុម ដើម្បី​បំផ្ទុះ​គ្រាប់បែក​ក្នុង​ក្រុង Surabaya​។​

​នៅ​ក្នុងនោះ ម្តាយ មានអាយុ៤២ឆ្នាំ និង​កូនស្រី​ពីរ​នាក់ ដែល​ម្នាក់​មាន​អាយុ​៩​ឆ្នាំ និង​ម្នាក់ទៀត​មាន​អាយុ​១២​ឆ្នាំ សុទ្ធតែ​ចង​ផ្អោប​គ្រាប់បែក​ជាប់​នឹង​ខ្លួន​ដូចគ្នា បានធ្វើ​សកម្មភាព​បំផ្ទុះ​គ្រាប់បែក​អត្ថ​ឃាត នៅ​ព្រះវិហារ Diponegoro ស្ថិតក្នុង​ក្រុង Surabaya បណ្តាលឲ្យ​ស្លាប់ទាំង​បីនាក់​ម្តាយ​កូន​។ ចំណែក​បុរស​ជា​ឪពុក មានអាយុ៤៦ឆ្នាំ បាន​បើករថយន្ត​ដឹកទំនិញ តែមាន​ផ្ទុះ​សុទ្ធតែ​គ្រឿងផ្ទុះ ធ្វើដំណើរ​ទៅ​បំបុក​លើ​ហ្វូងមនុស្ស ខណៈដែល​កូនប្រុស​ពីរ​នាក់​ទៀត ដែលមាន​អាយុ​១៦​ឆ្នាំ​ម្នាក់​និង​១៨​ឆ្នាំ​ម្នាក់ បាន​ជិះ​ម៉ូតូ​ទៅ​បំផ្ទុះ​គ្រាប់បែក​នៅ​ព្រះវិហារ Santa Maria Catholic នៅ​ម៉ោងជាង​៧​ព្រឹក​ថ្ងៃទី​១២​ខែ​ឧសភា​។ ហេតុការណ៍​បំផ្ទុះ​គ្រប់​បែក​នៅ​ព្រះវិហារ​បី​កន្លែង​នេះ កើតឡើង​មុន​ក្រោយ​គ្នា​ប្រហែល​៥​នាទី​ប៉ុណ្ណោះ​។​

​ក្រុម​សកម្មប្រយុទ្ធ​IS ក៏បាន​ចេញមុខ​ប្រកាសថា ការវាយប្រហារ​ដោយ​បំផ្ទុះ​គ្រាប់បែក ក្នុងប្រទេស​ឥណ្ឌូនេស៊ី​កាលពី​ថ្ងៃ​សៅរ៍ ជា​ថ្វីដៃ​របស់​ពួកគេ​។ ប៉ូលិស​និយាយថា គ្រួសារ​នេះ ស្ថិតក្នុង​ចំណោម​រាប់រយ​គ្រួសារ​ទៀត ដែល​បាន​ត្រឡប់មក​ពី​ប្រទេស​ស៊ី​រី ជា​កន្លែង​ដែល​ក្រុម IS ប្រយុទ្ធ​ជាមួយ​ទា​ហ៊ាន​រដ្ឋាភិបាល ដើម្បី​ដណ្តើមយក​ទឹកដី​។ មនុស្ស​មួយ​គ្រួសារ​នេះ ជា​សមាជិក​ក្រុម​ជ្រុលនិយម​ក្នុងស្រុក​ឈ្មោះ Jamaah Ansharut Daulah (JAD) ដែល​គាំទ្រ​ក្រុម​IS​។ នេះ​បើតាម​ប្រធាន​ប៉ូលិស​ជាតិ​លោក​Tito Karnavian​បាន​និយាយ​៕


ព័ត៌មានផ្សេងទៀត