មនុស្ស​ស្លាប់​កើន​ដល់​១១​នាក់និង​របួស​ជាង​៤០​នាក់ក្នុងការ​បំផ្ទុះ​គ្រាប់បែកនៅ​ឥណ្ឌូនេស៊ី​

13-05-2018 4:00 pm 1045
ទីតាំងរងការវាយប្រហារដោយបំផ្ទុះគ្រាប់បែក

​មនុស្ស​ស្លាប់ក្នុងករណីបំផ្ទុះគ្រាប់បែក បីកន្លែងផ្សេងគ្នា នៅវិហារអ៊ីស្លាមចំនួន៣ នៃក្រុង Surabaya ដែលជា​ទីក្រុង​ធំ​ទី​ពីរ របស់​ប្រទេស​ឥណ្ឌូនេស៊ី កាលពី​ថ្ងៃ​សៅរ៍​ បានកើនដល់១១នាក់ និងរបួសជាង៤០នាក់ ហើយចំនួនអ្នកស្លាប់អាចនឹងមានការកើនឡើងបន្ថែមទៀតផងដែរ។ នេះ​បើតាម​អ្នក​នាំ​ពាក្យប៉ូលិ​សលោក​Frans Barung Mangera បាន​និយាយ​។ ការ​បំផ្ទុះ​ចំនួន​៣​កន្លែង​នេះ កើតឡើង​មុន​ក្រោយ​គ្នា​តែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ​។ មន្ត្រី​ភ្នាក់ងារ​ស៊ើបការណ៍​ឥណ្ឌូនេស៊ី និយាយថា ការ​បំផ្ទុះ​នេះ សង្ស័យ​ប្រព្រឹត្តិ​ដោយ​ក្រុម​សកម្ម​ប្រយុទ្ធ Islamic State-inspired​។ 

​សមត្ថកិច្ច​ក៏បាន​ស្រាវជ្រាវ និង​រារាំង​ការ​ផែនការ​ប៉ុនប៉ង​វាយប្រហារ​លើ​ព្រះវិហារ​ទី​បួន ដោយ​ជោគជ័យ​ផងដែរ​។ បន្ថែម​លើ​នេះ ប៉ូលិស​ក៏បាន​បញ្ជា ឲ្យ​បិទទ្វា​រព្រះវិហារ​ទាំងអស់​នៅ​ក្រុង Surabaya បណ្តោះអាសន្ន​សិន ហើយ​ពិធីបុណ្យ​សាសនា​ដ៏​ធំ ដែល​ត្រូវ​ប្រារព្ធ​ធ្វើ​នៅក្នុង​ក្រុង​នេះ ត្រូវបាន​លុបចោល​ផងដែរ ដើម្បី​ការពារ​សុវត្ថិភាព​។​

​ឥណ្ឌូនេស៊ី ដែលជា​ប្រទេស មាន​ប្រជាជន​ជាង​៩០​ភាគរយ​កាន់សាសនា​អ៊ីស្លាម ត្រូវបាន​គេ​មើលឃើញ​មាន​សញ្ញា​លេចចេញ​ជាថ្មី នៃ​ពួក​សកម្មប្រយុទ្ធ​អ៊ីស្លាម នៅក្នុង​ប៉ុន្មាខែ​ចុងក្រោយ​នេះ​។ ការវាយប្រហារ​ពេលនេះ បាន​កើតឡើង​ជាង​មួយ​សប្តាហ៍ ដែល​សមាជិក​សន្តិសុខ ត្រូវ​បានសម្លាប់​ក្នុង​ការប្រឈមមុខ​ដាក់​គ្នា​៣៦​ម៉ោង ជាមួយ​អ្នកទោស​សកម្មប្រយុទ្ធ​អ៊ីស្លាម  នៅ​ពន្ធនាគារ​ស្ថិតនៅ​ជាយក្រុង​ចា​កាតា​។​

​ឥណ្ឌូនេស៊ី​ធ្លាប់​រង​ការវាយប្រហារ​អាក្រក់​បំផុត​កាលពី​ឆ្នាំ​២០០២ គឺ​ក្រុម​សកម្មប្រយុទ្ធ​បាន​បំផ្ទុះ គ្រាប់បែក នៅ​កោះ​បាលី​បណ្តា​លឲ្យមនុស្ស​២០២​នាក់​ស្លាប់បាត់​បង់ជីវិត ហើយ​កាលនោះ​អាជ្ញាធរ​បាន​បើក​ការបង្ក្រាប​លើ​ក្រុម​ជ្រុលនិយម​។ ប៉ុន្តែ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ ការវាយប្រហារ កើតឡើង​រប៉េះរប៉ោះ ក្នុងប្រទេស​ឥណ្ឌូនេស៊ី ត្រូវ​ក្រុម​IS​អះអាងថា​ពួកគេ​ជា​អ្នកធ្វើ​៕ ដោយ ៈ អ៊ុន សុខឡា

ព័ត៌មានផ្សេងទៀត