លោក​ត្រាំ​ហៅ​ការប្តេជ្ញា​បិទ​ទីតាំងធ្វើតេស្ត​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើងជាការ​រាក់ទាក់មុន​ផ្តើម​កិច្ចប្រជុំ​

13-05-2018 10:21 am 1974
  ស្តាប់
លោកដូណាល់ ត្រាំនៅខាងឆ្ចេងលោកគីម ជុងអ៊ុន
ស្តាប់ជាសំឡេង

​កូរ៉េខាងជើង នឹង​ចាប់ផ្តើម​រុះរើ​ទីតាំង​ធ្វើតេស្ត​នុយក្លេអ៊ែ​រ នៅ​ចន្លោះ​ថ្ងៃទី​២៣​ដល់​២៥​ខែ​ឧសភា ឆ្នាំ​២០១៨​នេះ​។ ទីក្រុង​ព្យុងយ៉ាង​និយាយថា ខ្លួន​កំពុង​ប្រើ​វិធានការ​បច្ចេកទេស ដើម្បី​អនុវត្ត​ដំណើរការ​រុះរើ​។ ការរុះរើ​ទីតាំង​ធ្វើតេស្ត​នុយក្លេអ៊ែរ​នេះ អាច​ប្រព្រឹត្តិទៅបាន អ​ស្រ័យ​លើ​ស្ថានភាព​អាកាសធាតុ ហើយ​វិធានការ​រុះរើ នឹងត្រូវ​ប្រើប្រាស់​គ្រឿង​ផ្ទុះ ដើម្បី​បំផ្ទុះ​ផ្លូវ​រូង​ក្រោម​ដី ចំណែក​សម្ភារៈ គ្រឿង​បរិក្ខារ ដែល​ប្រើប្រាស់​សម្រាប់​ត្រួតពិនិត្យ នៅក្នុង​អាគារ​ស្រាវជ្រាវ និង​ប៉ុស្តិ៍​សន្តិសុខ ត្រូវ​ដកហូត​ចេញ​ទាំងអស់​។ នេះ​បើតាម​ការចុះផ្សាយ ដោយ​សារព័ត៌មាន​រដ្ឋ​KCNA​របស់​កូរ៉េខាងជើង​។​

​ការដាក់​កាលបរិច្ឆេទ​ជាក់លាក់ នៃ​ការបិទ​ទីតាំង​ធ្វើតេស្ត​នុយក្លេអ៊ែរ​នេះ ធ្វើឡើង​ជាង​បី​សប្តាហ៍ មុន​កិច្ចប្រជុំ​រវាង​លោក​ដូណាល់ ត្រាំ​ប្រធានាធិបតី​អាមេរិក និង​លោក​គីម ជុង​អ៊ុន​ប្រធានាធិបតី​កូរ៉េខាងជើង នៅ​ថ្ងៃទី​១២​ខែមិថុនា​ឆ្នាំ​២០១៨ នៅ​ប្រទេស​សិង្ហ​បុរី​។ លោក​ដូណាល់ ត្រាំ​បាន​អរគុណ ចំពោះ​ការប្តេជ្ញា​បំផ្លាញ​ទីតាំង​ធ្វើតេស្ត​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង និង​ហៅ​ការប្តេជ្ញា​របស់​ទីក្រុង​ព្យុងយ៉ាង​របៀបនេះ ថា ជា​កាយវិកា​រាក់ទាក់ មុន​ជំនួបតទល់មុខគ្នា​ចាប់ផ្តើម​។ ជា​កិច្ចប្រជុំ​លើកដំបូង និយាយ​ពី​ការលុបបំបាត់​កម្មវិធី​នុយក្លេអ៊ែរ​កូរ៉េខាងជើង​។​

​កូរ៉េខាងជើង​បានបង្ហាញ​ពី​បំណង​បិទ​ទីតាំង​ធ្វើតេស្ត​នុយក្លេអ៊ែរ កាលពី​ខែមេសា​ឆ្នាំ​២០១៨ បន្ទាប់ពី​បាន​ជួបពិភាក្សា ជាមួយ​ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក​មូន ជែ​អ៊ីន​។ នៅក្នុង​ដំណើរការ​រុះរើ​ទីតាំង​ធ្វើតេស្ត​នុយក្លេអ៊ែរ កូរ៉េខាងជើង​នឹង​អញ្ជើញ​អ្នកសារព័ត៌មាន​បរទេស​មកពី អាមេរិក ចិន កូរ៉េខាងត្បូង រុស្ស៊ី និង​អង់គ្លេស​ឲ្យចូល​រួម​ ផ្តិតរូបភាព ផ្សព្វផ្សាយឲ្យពិភពលោកបានឃើញ​ផងដែរ​។ 

​ទីតាំង​សម្រាប់​ធ្វើតេស្ត​​នុយក្លេអ៊ែរ Punggye-ri ស្ថិតនៅក្រោម​ភ្នំ​Mantap​។ កន្លែង​ធ្វើតេស្ត​នុយក្លេអ៊ែរ​ដ៏​សំខាន់​របស់​កូរ៉េខាងជើង​មួយ​នេះ ធ្លាប់​បម្រើឲ្យ​ការធ្វើ​តេស្ត​នុយក្លេអ៊ែរ ចំនួន​៦​លើក​មកហើយ រួមមាន នៅ​ខែតុលា ឆ្នាំ​២០០៦ ខែ​ឧសភា ឆ្នាំ​២០០៩ ខែ​កុម្ភៈ ឆ្នាំ​២០១៣ ខែ​មករា ឆ្នាំ​២០១៦ ខែ​កញ្ញា ឆ្នាំ​២០១៦ និង​ខែកញ្ញា​ឆ្នាំ​២០១៧​។​

​បើតាម​អ្នកតាមដាន​ស្ថានការណ៍​ខ្លះ​ថា ដោយសារ​ទីតាំង​មាន​សភាព​ទ្រុឌទ្រោម ជា​មូលហេតុ​មួយ ដែល​ធ្វើឲ្យ​កូរ៉េ​ខាង​ខាងជើង​សម្រេច​បំផ្លាញចោល​។ អ្នកជំនាញ​ចិន​ឲ្យដឹងថា ទីតាំង​ធ្វើតេស្ដ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង បាន​បាក់​រលំ​ផ្នែក​ខ្លះ បន្ទាប់ពី​ការធ្វើ​តេស្ដ​អាវុធ​នុយក្លេអ៊ែរ លើកចុងក្រោយ​កាលពី​ឆ្នាំ​២០១៧​។​

​ការប្តេជ្ញាចិត្ត​កម្ទេច​ទីតាំង​ធ្វើតេស្ត​នុយក្លេអ៊ែរ កូរ៉េខាងជើង​បានបង្ហាញ​រួចហើយ ប៉ុន្តែ​កូរ៉េខាងជើង មិនទាន់​សម្រេចចិត្ត​ជា​សាធារណៈ ក្នុង​ការបោះបង់ចោល ឃ្លាំង​ផ្ទុក​អាវុធ រួមមាន​ផ្ទុក​ទាំង នុយក្លេអ៊ែរ​ដែលមាន​ស​ម​ត្ថភាព បាញ់​ដល់​ទឹកដី​អាមេរិក​នៅឡើយ​ទេ​៕

ព័ត៌មានផ្សេងទៀត