គណបក្ស​មួយ​ទៀត​ហើយ​ធ្វើពហិកា​មិន​ចូលរួម​បោះឆ្នោត​

12-05-2018 10:58 am
  ស្តាប់
ស្លាកនិមិត្តសញ្ញាគណបក្សជាតិនិយម និងសេចក្តីប្រកាសព័ត៌មានរបស់បក្ស ធ្វើឡើងនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨ ។
ស្តាប់ជាសំឡេង

​គណបក្ស​ជាតិ​និយម ប្រកាសថា នឹង​មិន​ចូលរួម​ការបោះឆ្នោត ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ខាងមុខ​នេះ​ទេ និង​បាន​ហៅ​ការបោះឆ្នោត​នៅ​ថ្ងៃ​ខាងមុខនេះ ជា​ការបោះឆ្នោត​ក្លែងក្លាយ ។ ក្លែងក្លាយ ព្រោះ ការបោះឆ្នោត​ដែល​គ្រប់ភាគី​គណបក្សនយោបាយ​មិន​អាច​ទទួលយកបាន និង​គ្មាន​លក្ខណៈ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ។ 

​សេចក្តីប្រកាស​ព័ត៌មាន​ដែល​ធ្វើឡើង​នៅ​ថ្ងៃ​ទី​១១ ខែ​ឧសភា បានបញ្ជាក់​ថា ការបោះឆ្នោត​ដែល​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ លុះត្រា​គណបក្ស​ប្រឆាំង​ដែល​មាន​អាសនៈ​ភាគតិច នៅក្នុង​រដ្ឋសភា​បាន​ចូលរួម​ការបោះឆ្នោត និង​មាន​គ​.​ជ​.​ប ឯករាជ្យ ។​

​គណបក្ស​ជាតិ​និយម ទាមទារ​ឱ្យ​មាន​ការពិនិត្យ​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្តិ ដែលជា​ឧបករណ៍​បម្រើ​ការបោះឆ្នោត តាម​គោលការណ៍​ប្រជាធិបតេយ្យ សេរី​ពហុបក្ស ធានា​ឱ្យ​មាន​ភាពស្មើគ្នា​ចំពោះ​មុខ​ច្បាប់ និង​ទាមទារ​ឱ្យមាន​ការដោះស្រាយ​វិបត្តិ​នយោបាយ​រវាង​ភាគី​ពាក់ព័ន្ធ សំដៅ​ឱ្យមាន​ការបោះឆ្នោត ប្រកបដោយ​សេរី ត្រឹមត្រូវ យុត្តិធម៌ និង​អាច​ជឿ​ទុកចិត្តបាន ដែល​ឆ្លុះបញ្ចាំង​ពី​ឆន្ទៈ​ប្រជា​ពលរដ្ឋ​ពិតប្រាកដ ។​

​គណបក្ស​ជាតិ​និយម ធ្លាប់បាន​ចូលរួម​បោះឆ្នោត​អាណត្តិ​កន្លងមក និង​បាន​ទទួល​អាសនៈ​រដ្ឋសភា ឆ្នាំ​២០០៨ ក្រុមប្រឹក្សា​រាជធានី​ខេត្ត ក្រុង ស្រុក ខណ្ឌ ឆ្នាំ​២០០៩ និង​ក្រុមប្រឹក្សា​ឃុំ សង្កាត់ ឆ្នាំ​២០០៧ និង​ឆ្នាំ​២០១២ ។ នេះ​បើ​តាម​ការបញ្ជាក់​របស់​គណបក្ស​ជាតិ​និយម ។ 

​គិត​មក​ទល់​នឹង​ពេលនេះ មាន​គណបក្ស​ចំនួន​៥​ហើយ ដែល​បាន​ប្រកាស​ធ្វើពហិការ​មិន​ចូលរួម​ប្រកួតប្រជែង​ក្នុង​ការបោះឆ្នោត ជ្រើសតាំង​សភាតំណាងរាស្ត្រ នៃ​នីតិកាល​ទី​៦ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​ខាងមុខនេះ ។ ក្នុងនោះ​រួមមាន គណបក្ស​ភ្លើងទៀន​, គណបក្ស​អំណាច​ខ្មែរ​, គណបក្ស​សិទ្ធិមនុស្ស​, គណបក្ស​មហា​សាមគ្គី​ជាតិខ្មែរ និង​គណបក្ស​ជាតិ​និយម ។​

​ការប្រកាស​ធ្វើពហិការ​មិន​ចូលរួម​បោះឆ្នោត​របស់​គណបក្ស​ទាំងនេះ ធ្វើឡើង​ស្របពេល អតីត​មេដឹកនាំ​គណបក្សប្រឆាំង លោក សម រង្ស៊ី បាន​អំពាវនាវ​ដល់​ពលរដ្ឋ​អ្នកបោះឆ្នោត ធ្វើពហិការ កុំទៅ​បោះឆ្នោត បើ​គ្មាន​វត្ត​មាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​អាជ្ញាធរ​បាន​ដកសិទ្ធិ​ចូលរួម​បោះឆ្នោត ។ 

​យ៉ាងណា​ក៏ដោយ​នៅ​ដើម​ខែ​ឧសភា​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស​ស្វាគមន៍​ដល់​គណបក្ស​ទាំងអស់ ដែល​បាន​ចុះបញ្ជី​គណបក្ស ដើម្បី​ឈរឈ្មោះ​បោះឆ្នោត​ថ្នាក់​ជាតិ​នាពេលខាងមុខ ។ លោកនាយក​រដ្ឋមន្ត្រី​លើកឡើងថា កម្ពុជា​កំពុង​គោរព និង​អនុវត្ត​នូវ​ប្រជាធិបតេយ្យ ដែល​គណបក្ស​នយោបាយ​តូច​ធំ​ទាំង​អស់​ក្នុងប្រទេស មាន​សិទ្ធិ និង​ឱកាស​ចូលរួម​ប្រកួតប្រជែង នៅក្នុង​ការបោះឆ្នោត​ដោយ​សេរី ។ ជាងនេះទៅទៀត ប្រមុខ​រាជរដ្ឋាភិបាល​រូប​នេះ​នៅ​តែ​បញ្ជាក់​ថា ការបោះឆ្នោត​នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ នឹង​ប្រព្រឹត្ត​ទៅ​តាម​ការគ្រោងទុក ទោះ​មាន​ការចូលរួម​ពី​គណបក្ស​ប្រឆាំង ឬ​មិន​មានក្តី ។​

​បើតាម​សេចក្តីប្រកាស​របស់​គណៈ​កម្មាធិការជាតិ​រៀបចំ​ការបោះឆ្នោត កាលពី​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​២០១៨ បានបញ្ជាក់​ថា ការចុះបញ្ជី​គណបក្ស​នយោបាយ​ឈរឈ្មោះ​បោះឆ្នោត និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត នឹង​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​៣០ ខែ​មេសា រួច​បញ្ចប់​នៅ​ថ្ងៃទី​១៤ ខែ​ឧសភា ឆ្នាំ​២០១៨ វេលា​ម៉ោង ១៧:៣០​នាទី ។ 

​គិត​ត្រឹម​ថ្ងៃទី​១១ ខែ​ឧសភា ឆ្នាំ​២០១៨ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត បានដាក់ និង​ទទួលបាន​ការចុះបញ្ជី​គណបក្សនយោបាយ និង​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត បាន​រយៈពេល​១២​ថ្ងៃ​ហើយ ដោយ​មាន​គណបក្សនយោបាយ​សរុប​ចំនួន​២៣ បាន និង​កំពុង​បំពេញបែបបទ ។​

​កាលពី​ថ្ងៃ​ទី​០៧ ខែ​ឧសភា ឆ្នាំ​២០១៨ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត បាន​ចេញ​សេចក្តីសម្រេច​ប្រកាស​ទទួលស្គាល់​ការចុះបញ្ជី​ជា​ផ្លូវការ ចំពោះ​គណបក្ស​ចំនួន​៣​គឺ គណបក្ស​ប្រជាជន​កម្ពុជា ឈរ​ឈ្មោះ​នៅ​២៥​រាជធានី​ខេត្ត​, គណបក្ស​សញ្ជាតិ​កម្ពុជា ឈរ​ឈ្មោះ​នៅ​១៧​រាជធានី​ខេត្ត និង​គណបក្ស​យុវជន​កម្ពុជា ឈរ​ឈ្មោះ​នៅ​២៥ រាជធានី​ខេត្ត ។ 

​មកទល់​នឹង​ពេលនេះ គណបក្សនយោបាយ​ចំនួន​៦​ទៀត បាន​ដាក់​ពាក្យ​រួចរាល់ រួមមាន គណបក្ស​ខ្មែរ​រួបរួម​ជាតិ​, គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​, គណបក្ស​ខ្មែរ​តែមួយ​, គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​, គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ និង​គណបក្ស​ពន្លឺ​ថ្មី ។ 

​ដោយឡែក គណបក្សនយោបាយ​ចំនួន​៨​ទៀត បាននិងកំពុង​បំពេញ​លក្ខខណ្ឌ​តម្កល់​ប្រាក់ ១៥​លាន​រៀល នៅ​រតនាគារ​ជាតិ រួមមាន គណបក្ស​ប្រជាធិបតេយ្យ​ថ្មី​, គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​, គណបក្ស​ខ្មែរ​ឈប់​ក្រ​, គណបក្ស​ធម្មាធិបតេយ្យ​, គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​, គណបក្ស​ខ្មែរ​ក្រោក​, គណបក្ស​សាធារណរដ្ឋ​ខ្មែរ​ប្រជាធិបតេយ្យ​, គណបក្ស​មាតុភូមិ​យើង ។ ចំណែក​ឯ​គណបក្ស​នយោបាយ​ចំនួន​៦​ទៀត បាន​ទទួល​ទម្រង់ ១០០៨ ពាក្យ​សុំ​ចុះបញ្ជី​ពី គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត រួមមាន គណបក្ស​កសិករ​, គណបក្ស​ខ្មែរ​សាធារណរដ្ឋ​, គណបក្ស​ជនជាតិដើម​ប្រជាធិបតេយ្យ​កម្ពុជា​, គណបក្ស​រស្មី​ខេមរា​, គណបក្ស​ឆន្ទៈ​ខ្មែរ​, និង​គណបក្ស​ចលនា​ប្រជាធិបតេយ្យ ៕ (​ដោយ​៖ គង់ ឧត្តម​)

ព័ត៌មានផ្សេងទៀត