សិង្ហ​បុរី​ថា​​មាន​កិត្ដិយ​សណាស់​​ដែល​បានធ្វើជា​​ម្ចាស់ផ្ទះ​​នៃ​កិច្ចប្រជុំ​​អាមេរិក​-​កូរ៉េខាងជើង​

12-05-2018 10:50 am
  ស្តាប់
នាយករដ្ឋមន្ដ្រីសិង្ហបុរី
ស្តាប់ជាសំឡេង

​កិច្ចប្រជុំ​រវាង​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុង​អ៊ុន នឹង​ប្រារព្ធ​ធ្វើឡើង​ជា​លើកដំបូង​ក្នុង​ប្រវត្ដិសាស្ដ្រ នៅ​ថ្ងៃទី​១២​មិថុនា​ខាងមុខ​នៅក្នុង​ប្រទេស​សិង្ហ​បុរី​។ ក្រោយពី​អាមេរិក​បានប្រកាស​កាល​បរិច្ឆេទ​និង​ទីតាំង​ច្បាស់លាស់ សិង្ហ​បុរី​ដែលជា​ប្រទេស​ត្រូវ​បានជ្រើសរើស​ធ្វើជា​កន្លែង​សម្រាប់​កិច្ចប្រជុំ​កំពូល​នេះ បានបង្ហាញ​ក្ដី​រីករាយ​យ៉ាងខ្លាំង​។​

​នាយករដ្ឋមន្ដ្រី​សិង្ហ​បុរី​លោក​លី សៀន​ឡុង បាន​ប្រាប់​លោក​ដូណាល់ ត្រាំ​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃ​សុក្រ​ថា កិច្ចប្រជុំ​នៅ​ពេលខាងមុខ​នឹង​ក្លាយជា​ព្រឹត្ដិការណ៍​ដែល​សំខាន់​មួយ​ក្នុង​ប្រវត្ដិសាស្ដ្រ​។ លោក​នាយករដ្ឋមន្ដ្រី​ថា លោក​ទន្ទឹងរង់ចាំ​ស្វាគមន៍​លោក​ត្រាំ​ធ្វើដំណើរ​ទៅ​ប្រទេស​សិង្ហ​បុរី សម្រាប់​កិច្ចប្រជុំ​កំពូល​ជាមួយ​លោក​គីម ហើយ​សិង្ហ​បុរី​ពិតជា​មាន​កិត្ដិយ​សណាស់​ដែល​បានធ្វើជា​ម្ចាស់ផ្ទះ​។ សិង្ហ​បុរី​នឹង​ប្រឹងប្រែង​ឲ្យអស់​ពី​លទ្ធភាព ដើម្បី​សម្របសម្រួល​កិច្ចប្រជុំ​ឲ្យ​ដំណើរការដោយ​រលូន​និង​ជោគជ័យ​។​

ចំណែក​លោក​ដូណាល់ ត្រាំ​បាន​ថ្លែងអំណរគុណ​ដល់​លោក​លី ចំពោះ​ការរៀបចំ​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​។ លោក​ថា​មាន​ការរីកចម្រើន​គួរឲ្យកត់សម្គាល់ ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ ហើយ​សង្ឃឹមថា​កិច្ចប្រជុំ​កំពូល​នឹង​រួមចំណែក​ដោះស្រាយ​បញ្ហា​នៅ​សេសសល់​ពីមុន​។ លោក​ថា​នឹង​ព្យាយាម​ដោះស្រាយ​បញ្ហា​។​

​ក្រសួងការបរទេ​សសិ​ង្ហ​បុរី​បានបញ្ជាក់​ក្នុង​សេចក្ដីថ្លែងការណ៍​ថា កិច្ចប្រជុំ​នេះ​នឹង​ក្លាយជា​ជំហាន​ដំបូង​និង​សំខាន់បំផុត ក្នុង​ដំណើរការ​រក្សា​សន្ដិភាព​និង​ស្ថិរភាព​យូរអង្វែង​នៅលើ​ឧបទ្វីប​កូរ៉េ​។ គួរ​បញ្ជាក់ថា លោក​លី​នឹង​អញ្ជើញលោក​ត្រាំ​ទៅ​សិង្ហ​បុរី​ជាថ្មី​ម្ដងទៀត​ក្នុង​ខែវិច្ឆិកា​ឆ្នាំ​២០១៨​នេះ ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​អាមេរិក​លើក​ទី​៦ និង​កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា​លើក​ទី​១៣៕ 

ព័ត៌មានផ្សេងទៀត