មេដឹកនាំ​រុស្ស៊ី​​និង​ជប៉ុន​​គ្រោង​បើក​កិច្ចប្រជុំ​​កំពូល​​នៅ​ថ្ងៃទី​២៦​ឧសភា​

12-05-2018 10:43 am 305
  ស្តាប់
នាយករដ្ឋមន្ដ្រីជប៉ុន(ឆ្វេង)​និងប្រធានាធិបតីរុស្ស៊ី
ស្តាប់ជាសំឡេង

​ការិយាល័យ​ប្រធានាធិបតី​រុស្ស៊ី​បានប្រកាស​កាលពី​ថ្ងៃ​សុក្រ​ថា លោក​ប្រធានាធិបតី​វ្លា​ឌី​មៀ ពូ​ទីន​នឹង​ជួបពិភាក្សា​ការងារ​ជាមួយ​នាយករដ្ឋមន្ដ្រី​ជប៉ុន​លោក​ស៊ីន​ហ្ស៊ូ អាបេ នៅ​ថ្ងៃទី​២៦​ឧសភា​ក្នុង​ទីក្រុង​ម៉ូស្គូ​។ ជំនួយការ​វិមាន​ក្រឹម​ឡាំង​បាន​បង្ហើប​ឲ្យដឹងថា លោក​អាបេ​នឹងចូលរួម​ក្នុង​វេទិកា​សេដ្ឋកិច្ចអន្ដរជា​តិ​មួយ​នៅ​ទីក្រុង​Petersburg មួយ​ថ្ងៃមុន​កិច្ចប្រជុំ​ជាមួយ​លោកពូ​ទីន​។​

​នៅក្នុង​កិច្ចប្រជុំ​មេដឹកនាំ​ទាំងពីរ​ត្រូវបាន​គេ​រំពឹងថា នឹង​ពិភាក្សា​ពី​សកម្មភាព​សេដ្ឋកិច្ច​រួមគ្នា​នៅលើ​កោះ​៤ ដែល​គ្រប់គ្រង​ដោយ​រុស្ស៊ី​ប៉ុន្ដែ​ទាមទារ​កាន់កាប់​ដោយ​ជប៉ុន​។ ក្រៅពីនេះ​ទំនង​នឹងមាន​កិច្ចពិភាក្សា​ពី​ការសម្រេច​ឲ្យបាន​នូវ​គម្រោងការ​អាទិភា​ព​ចំនួន​៥ ក្នុងនោះ​រួមបញ្ចូល​ការធ្វើ​កសិកម្ម អាហារ​សមុទ្រ និង​ការដាំដុះ​បន្លែ​បៃតង​។ របៀបវារៈ​ដែល​គេ​រំពឹងទុក​មួយទៀត​អាច​រួមបញ្ចូល​វិធានការ​មនុស្សធម៌ ដូចជា​ការអនុញ្ញាតឲ្យ​អតីត​អ្នករស់នៅ​លើកោះ អាច​ធ្វើដំណើរ​ទៅ​គោរព​ផ្នូរ​បុព្វបុរស​របស់​ពួកគេ​នៅលើ​កោះ​បាន​ផងដែរ​។​

​គួរ​បញ្ជាក់ថា រដ្ឋាភិបាល​ជប៉ុន​បាន​អះអាង​កាន់កាប់​កោះ​ចំនួន​៤ ជា​ផ្នែក​មួយ​នៃ​ដែន​អធិបតេយ្យ​របស់គេ​។ ជប៉ុន​ថា​កោះ​ទាំងនោះ​ត្រូវ​រុស្ស៊ី​កាន់កាប់​ដោយ​ខុសច្បាប់​បន្ទាប់ពី​សង្គ្រាមលោក​លើក​ទី​២​។ ដោយឡែក​វិមាន​ក្រឹម​ឡាំង​បញ្ជាក់​បន្ថែមថា មុន​ជួប​លោក​អាបេ​លោកពូ​ទីននឹង​ជួប​ប្រធានាធិបតី​បារាំង​លោក​អេ​ម៉ានូ​អ៊ែល ម៉ា​ក្រុង​នៅ​ថ្ងៃទី​២៤​ឧសភា​។ ក្នុង​កិច្ច​ជំនួប​អាចមាន​ការពិភាក្សា​ពី​បញ្ហា​នុយក្លេអ៊ែរ​អ៊ីរ៉ង់ និង​ស្ថានភាព​នៅ​ក្នុងប្រទេស​ស៊ី​រី​៕

ព័ត៌មានផ្សេងទៀត