ប្រជាជន​អ៊ីរ៉ង់​​នាំគ្នា​​តវ៉ា​​និង​ដុត​ទង់ជាតិ​​អាមេរិក​​ប្រឆាំង​លោក​ត្រាំ​​ដើរ​ចេញពី​​កិច្ចព្រមព្រៀង​

12-05-2018 10:31 am 625
រូបភាព​ការតវ់ា​និងដុតទង់ជាតិ​អាមេរិក

​ប្រជាជន​អ៊ីរ៉ង់​រាប់ពាន់នាក់​កាលពី​ថ្ងៃ​សុក្រ បាននាំគ្នា​ចេញមក​តវ៉ា​តាម​ដងផ្លូវ​និង​បាន​ដុត​ទង់ជាតិ​អាមេរិក​ប្រឆាំងនឹង​លោក​ដូណាល់ ត្រាំ ដែល​ដើរ​ចេញពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​។ ការប្រមូលផ្ដុំ​របស់​ប្រជាជន​អ៊ីរ៉ង់​ពេលនេះ ធ្វើឲ្យ​នឹកឃើញ​ដល់​ការប្រមូលផ្ដុំ​កាល​ពី​ឆ្នាំ​២០១៥ ប៉ុន្ដែ​ស្ថិតក្នុង​ទិដ្ឋភាព​ពីរ​ដាច់ដោយឡែក​ពីគ្នា​។ កាលពី​ឆ្នាំ​២០១៥​ប្រជាជន​អ៊ីរ៉ង់​នាំគ្នា​ប្រមូលផ្ដុំ​ដើម្បី​អបអរ​នឹង​ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ដែល​ចំណាយពេល​ជាង​១០​ឆ្នាំ​ទើប​អាច​សម្រេច​ជោគជ័យ​បាន​។ 

​ស្របពេល​មាន​ការតវ៉ា​រដ្ឋមន្ដ្រីការបរទេស​អ៊ីរ៉ង់​បាន​និយាយ​ក្នុង​សេចក្ដីថ្លែងការណ៍​ថា អ៊ីរ៉ង់​បាន​ត្រៀម​រួចជាស្រេច​នឹង​ចាប់ផ្ដើម​កម្មវិធី​នុយក្លេអ៊ែរ​ឡើងវិញ​បើ​កិច្ចព្រមព្រៀង​ត្រូវ​ដួលរលំ​។ លោក​ថា​ក្នុងពេល​ដំណាលគ្នា​លោក​នឹង​ចាប់ផ្ដើម​សកម្មភាព​ការទូត​អន្ដរជាតិ​ផងដែរ ដើម្បី​ដោះស្រាយ​កិច្ចព្រមព្រៀង​នេះ​។ សូមបញ្ជាក់ថា កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​បាន​ចុះហត្ថលេខា​កាលពី​ឆ្នាំ​២០១៥​។ កិច្ចព្រមព្រៀង​នេះហើយ​ដែល​ហាមឃាត់​មិនឲ្យ​អ៊ីរ៉ង់​បន្ដ​កម្មវិធី​នុយក្លេអ៊ែរ ជា​ថ្នូរ​នឹង​ការដក​ទណ្ឌកម្មសេដ្ឋកិច្ច​៕

ព័ត៌មានផ្សេងទៀត