ព្រៃ​ឈើប្រណិត​ចុងក្រោយ​នៅ​ខេត្ត​ឧត្តរមានជ័យ​កំពុងដង្ហើយការ​គាំទ្រ​និ​ង​អភិរក្ស​

12-05-2018 10:20 am 1023
  ស្តាប់
​ព្រះ​ភិក្ខុ ប៊ុន សា​លូត មេគុណ​ខេត្ត និង​ជា​ប្រធាន​ដែនជម្រកសត្វព្រៃ​សង្ឃ​រុក្ខា​វ័ន្ត ខេត្ត​ឧត្តរមានជ័យ​ ។ រូបថតដោយ គង់ ឧត្តម ។
ស្តាប់ជាសំឡេង

​ដែនជម្រកសត្វព្រៃ​សង្ឃ​រុក្ខា​វ័ន្ត ដែល​កើតចេញ​ពី​ការផ្តួចផ្តើម​ដោយ​ព្រះសង្ឃ​មួយ​អង្គ មាន​ស្រុកកំណើត​នៅក្នុង​ខេត្ត​ឧត្តរមានជ័យ​ផ្ទាល់ ត្រូវបាន​វិវ​ដ្តខ្លួន​បន្តិចម្តងៗ ចាប់​ពី​ជា​ព្រៃ​សហគមន៍​សង្ឃ​រុក្ខាវ័ន្ត​ក្នុង​ឆ្នាំ​២០០២ រហូត​បម្លែង​ខ្លួន​ជា​ដែនជម្រកសត្វព្រៃ​សង្ឃរុ​ក្ខាវ័​ន្តក្នុង​ឆ្នាំ​២០១៨ ។ យ៉ាងណាក៏ដោយ តំបន់​អភិរក្ស​ដែល​មាន​ទំហំ​ជាង​៣​ម៉ឺន​ហិកតា​នេះ កំពុង​ទទួល​រង​នូវ​ការកាប់បំផ្លាញ​ព្រៃឈើ និង​សម្លាប់​សត្វព្រៃ​ជា​បន្តបន្ទាប់ ។ វិធីសាស្ត្រ​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី​របស់​ព្រះសង្ឃ​អង្គ​នេះ បាន​ធ្វើឡើង​ជា​បន្តបន្ទាប់ រហូត​បាន​ជោគជ័យ​តាមរយៈ​ការកាយ​ព្រំ​ដី​ព្រៃ និង​កំពុងតែ​ធ្វើ​ដល់​ប​ច្បុប​ន្ន ។​ទោះ​បែប​នេះ​ក្តី បើ​តាម​លោក ភួង លី​ណា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ឧត្តរមានជ័យ អះអាងថា អ្វី​ជា​បញ្ហា​ប្រឈម​ខ្លាំង​ដែល​កំពុង​កើតឡើង​នៅ​ទីនោះ គឺ​ការបាត់បង់​ប្រភេទ​ឈើប្រណិត ដែល​លោក​មើលឃើញថា ជា​ព្រៃឈើ​ធ្នង់​ចុងក្រោយ​គេ​នៅ​ខេត្ត​ឧត្តរមានជ័យ ។ សូមស្តាប់បទយកការណ៍ ដែលរៀបចំជូនដោយ គង់ ឧត្តម ។​

​ខេត្ត​ឧត្តរមានជ័យ គឺជា​ខេត្ត​មួយ​ដែល​មាន​ព្រំប្រទល់​ជាប់​នឹង​ប្រទេស​ថៃ ។ ខេត្ត​នេះ បាន​បង្កើតឡើង​នៅ​ក្នុង​ឆ្នាំ ១៩៦៤ តាម​ព្រះរាជក្រម​លេខ ១៩៤​ប​.​ក ចុះ ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​១៩៦៤ ដោយ​ផ្តាច់ខ្លួន​ចេញពី​ខេត្ត​សៀមរាប​។ ខេត្ត​ឧត្តរមានជ័យ មាន​ផ្ទៃដី​សរុប​ចំនួន ៦.១៥៨ គីឡូម៉ែត្រ​ក្រឡា ។​

​សព្វថ្ងៃ ទឹកដី​ដែល​ខណ្ឌ​ចែក​ព្រំប្រទល់​ជាមួយ​ប្រទេស​ថៃ​ដោយ​ភ្នំ​ដងរ៉ែក​នេះ មាន​ដែនជម្រកសត្វព្រៃ​ដ៏​ធំ​មួយកន្លែង ដែល​គ្រប់គ្រង​ដោយ​ព្រះសង្ឃ​មួយអង្គ បាន​ប្តូរផ្តាច់​ការពារ​ព្រៃឈើ​និង​សត្វព្រៃ តាំងពី​អំឡុង​ឆ្នាំ​២០០២​មកម្ល៉េះ ។ ក្នុង​តំបន់​ដែន​ជម្រក​សត្វព្រៃ​នេះ មាន​តំបន់​ទេសចរណ៍ធម្មជាតិ​ជាច្រើន​រួមមាន អាង​ទំនប់ទឹក ប្រាសាទ ច្រាប តំបន់​មើល​សត្វព្រៃ តំបន់​ព្រៃ​ឫស្សី ព្រៃ​កំបៅ ស្រែ​បុរាណ ឈើ​ពូជ និង​ឡ​ស្លដែក​បុរាណ​ជាង​១០​កន្លែង​ទៀត ដែល​បាន​លាក់ខ្លួន ពួន​អាត្មា ឆ្ងាយ​ពី​ភ្នែក​របស់​ភ្ញៀវ​ទេសចរ ។ ដោយឡែក ដែក​ជម្រក​សត្វព្រៃ​សង្ឃ​រុក្ខា​វ័ន្ត ក៏​ធ្លាប់បាន​ទទួល​ជ័យលាភី​អេក្វាទ័រ ចំណាត់ថ្នាក់​លេខ​១ នៅលើ​ពិភពលោក របស់​កម្មវិធី​អភិវឌ្ឍន៍​អង្គការសហប្រជាជាតិ​ដែរ​នា​ពេលកន្លងមក ។​

​បើ​តាម​ព្រះ​ភិក្ខុ ប៊ុន សា​លូត មេគុណ​ខេត្ត និង​ជា​ប្រធាន​ដែនជម្រកសត្វព្រៃ​សង្ឃ​រុក្ខា​វ័ន្ត ខេត្ត​ឧត្តរមានជ័យ​មានស​ង្ឃ​ដីកា​ប្រាប់ថា ដើមឡើយ​ព្រះ​តេជគុណ​បាន​ស្នើ​សុំ​ច្បាប់​គ្រប់គ្រង​ព្រៃ​សហគមន៍​សង្ឃ​រុក្ខា​វ័ន្ត នៅ​ថ្ងៃ​ទី​០៧ ខែ​កុម្ភៈ ឆ្នាំ​២០០២ ដែល​មាន​ផ្ទៃដី ១៨.២៦១​ហិកតា ក្រោម​ការទទួលខុសត្រូវ​ដោយ​ក្រសួង​កសិកម្ម លុះ​មកដល់​អំឡុង​ខែ​មីនា ឆ្នាំ​២០១៧ ព្រៃ​សហគមន៍​សង្ឃ​រុក្ខា​វ័ន្ត ក៏​បាន​បម្លែង​ទៅជា​តំបន់​របៀង ក្រោម​ការទទួលខុសត្រូវ​របស់​ក្រសួង​បរិស្ថាន​វិញ រហូត​នៅ​ថ្ងៃទី​០៥ ខែ​មេសា ឆ្នាំ​២០១៨ តំបន់​របៀង​នេះ ក៏​បាន​បម្លែង​ទៅ​ជា​ដែនជម្រកសត្វព្រៃ សង្ឃ​រុក្ខា​វ័ន្ត ដោយ​រដ្ឋាភិបាល​បាន​បន្ថែម​ផ្ទៃដី​សរុប​ចំនួន ៣០.២៥៤ ហិកតា ។ ដែនជម្រកសត្វព្រៃ​សង្ឃ​រុក្ខា​វ័ន្ត លាតសន្ធឹង​ទៅ​លើ​៣​ស្រុក​ក្នុង​ចំណោម​៥​ស្រុក​នៃ​ខេត្ត​ឧត្តរមានជ័យ ក្នុងនោះ​រួម​មាន​ស្រុក​សំរោង ស្រុក​ចុងកាល់ និង​ស្រុក​អន្លង់វែង ។​

​ព្រះសង្ឃ​ដែល​មាន​ស្រុកកំណើត​នៅក្នុង​ទឹកដី​ខេត្ត​ឧត្តរមានជ័យ​អង្គនេះ បាន​មាន​សង្ឃដីកា​ប្រាប់​ខ្ញុំ​ថា មូលហេតុ​ដែល​ព្រះ​តេជគុណ​សម្រេច​ប្តូរផ្តាច់​អភិរក្ស​ព្រៃ​នេះ ក៏​ព្រោះ​ព្រះ​តេជគុណ​ជា​កូន​ខ្មែរ និង​ជា​អ្នក​បួស​ក្នុង​ព្រះពុទ្ធសាសនា ។ ព្រះ​តេជគុណ​ថា តាម​ដំណើរ​ជីវិត​របស់​ព្រះពុទ្ធ គឺមាន​ទំនាក់ទំនង​ជាមួយ​នឹង​ធម្មជាតិ​រាប់​ចាប់ពី​ថ្ងៃ​ប្រសូត រហូត​ដល់​ថ្ងៃ​ចូល​និព្វាន ។ ម្យ៉ាង​មហិច្ឆតា​របស់​ព្រះ​តេជគុណ គឺ​មាន​បំណង​ចង់​អភិរក្ស​ព្រៃឈើ និង​សត្វព្រៃ​ឱ្យបាន​គង់វង្ស​រាប់រយ រាប់ពាន់​ឆ្នាំ​…
​សំឡេង​ព្រះ​ភិក្ខុ ប៊ុន សា​លូត ៖

​ព្រះ​តេជគុណ​អះអាងថា ផ្លូវថ្នល់ សាលារៀន​ជាដើម គឺ​មាន​អ្នកចូលរួម​អភិវឌ្ឍ​ជាមួយ​រដ្ឋាភិបាល​រួចរាល់​ហើយ​ដោយឡែក នៅឡើយ​តែ​ការងារ​អភិរក្ស​ព្រៃឈើ និង​សត្វព្រៃ​ប៉ុណ្ណោះ​ដែល​នៅ​ខ្វះ​ចន្លោះ ពិសេស​កំពុង​ឈានទៅរក​ការបំផ្លិចបំផ្លាញ​កាន់តែខ្លាំង ។​ព្រះ​តេជគុណ​បញ្ជាក់ថា បើសិន​ព្រះ​តេជគុណ​មិន​ចេញមុខ​មក​ការពារ អភិរក្ស ជាមួយ​រាជរដ្ឋាភិបាល​ទេ នោះ​ច្បាស់​ថា ព្រៃឈើ​និង​សត្វព្រៃ​នៅ​ខេត្ត​ឧត្តរមានជ័យ​ប្រាកដ​ជា​រលាយ​តែម្តង ។​

​ព្រះ​ភិក្ខុ ប៊ុន សា​លូត អះអាង​ប្រាប់​ថា កាលពី​អំឡុង​ឆ្នាំ​២០០៨ ក្នុង​ដែន​ដី​ព្រៃ​សហគមន៍​សង្ឃ​រុក្ខា​វ័ន្ត មាន​ការកាប់បំផ្លាញ​ព្រៃឈើ​យ៉ាងច្រើន​ខ្លាំង​បំផុត រហូត​មាន​ទ្រឹស្តី​មួយ​គេ​លើកឡើងថា «​កាប់​ឱ្យ​អស់​ទៅ ឈ្នះ​លោក​ហើយ​» ។ កាលពី​ឆ្នាំ​នោះ អ្នកប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​ជាច្រើន ត្រូវបាន​ឃាត់ខ្លួន និង​ចាប់​បញ្ជូន​ទៅ​ពន្ធនាគារ ។ ជនសង្ស័យ​ខ្លះ​ឈាន​ទៅ​ដល់​ចង់​កាប់​សម្លាប់​ព្រះសង្ឃ​ក៏​មាន ដោយហេតុនេះ​ហើយ រហូត​ដល់​ចាប់​ពី​ឆ្នាំ​២០១៣ ព្រះ​តេជគុណ​បានស្នើ​យក​កម្លាំង​ទា​ហ៊ាន​មក​ជួយ​អន្តរាគមន៍ ហើយ​កាលនោះ ជនសង្ស័យ​ក៏​ធ្លាប់​កើតមាន​ជម្លោះ​ជាមួយ​ទា​ហ៊ាន​ទៅទៀត ។ ព្រះ​តេជគុណ​បញ្ជាក់ថា បើសិនជា​សមត្ថកិច្ច​ចាប់បាន​ជនល្មើស​២-៣​នាក់ ពួកគេ​នឹង​លើកគ្នា​មក​តវ៉ា រំដោះ​ជាង​១០០​នាក់​ក៏​មាន ។​យ៉ាងណាក៏ដោយ ព្រះ​តេជគុណ​អះអាងថា ពុំដែល​មាន​បញ្ហា​ប្រឈម​ណាមួយ​ឈាន​ដល់​អាយុជីវិត​ទៅលើ​អ្នក​អភិរក្ស​ឡើយ ក៏​ព្រោះ​ព្រៃ​នេះ​ព្រះសង្ឃ​ជា​អ្នកគ្រប់គ្រង តែ​គ្រោះ​ថ្នាក់​ជាងគេ ក៏​ជា​ព្រះសង្ឃ​ដែរ រហូតដល់​ធ្លាប់​មាន​ការប្រមាថ​ហៅ​ព្រះសង្ឃ​ថា អា​ត្រងោល ក៏មាន ។​

​ប្រធាន​ដែនជម្រកសត្វព្រៃ​សង្ឃ​រុក្ខាវ័ន្ត​រូប​នេះ​អះអាង​ថា ជនល្មើស​ដែល​ចាប់​បាន​កន្លងមក គឺ​សុទ្ធតែ​ជា​អ្នក​នៅ​ក្នុងស្រុក ពុំ​មាន​អ្នក​ខាងក្រៅ​ទេ ។ បទល្មើស​ព្រៃឈើ​ច្រើនតែ​កើតឡើង​នៅ​ពេលយប់ ចំណែក​ឯ​ការសម្លាប់​សត្វ​ព្រៃ គឺមាន​៣​ករណី រួម​មាន​ការ​ដាក់​អន្ទាក់ បាញ់ និង​ឆក់ ។ ព្រះ​តេជគុណ​បញ្ជាក់ថា ករណី​ឆក់ គឺ​មាន​គ្រោះថ្នាក់​ជាងគេ ដែល​អាច​ធ្វើឱ្យ​វិនាស​សត្វព្រៃ​បាន​យ៉ាង​លឿន និង​ងាយ​បំផុត ។​

​បើ​តាម​លោក ភួង លី​ណា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ឧត្តរមានជ័យ ប្រាប់ថា តាំងពីដើម​មក រហូតដល់​បច្ចុប្បន្ន ការចូល​មក​កាប់​ឈើ និង​បរបាញ់​សត្វព្រៃ​នៅ​តែ​មាន តែ​យ៉ាងណាក៏ដោយ បទល្មើស​ទាំងនោះ បាន​ថយចុះ ក៏​ព្រោះ​យើង​មាន​កម្លាំង​ច្រើន​ដើម្បី​ទប់ស្កាត់ ។ ទោះ​យ៉ាងនេះក្តី លោក​បញ្ជាក់ថា អ្វី​ជា​បញ្ហា​ប្រឈម​ខ្លាំង​កំពុង​កើតឡើង​នៅ​ទីនោះ គឺ​ការបាត់បង់​ប្រភេទ​ឈើប្រណិត ។ តាម​ទស្សនៈ​របស់​លោក លោក​មើលឃើញថា ដែនជម្រកសត្វព្រៃ​សង្ឃ​រុក្ខាវ័ន្ត​នេះ អាច​ជា​ព្រៃ​ធ្នង់​ចុងក្រោយ​មួយ​នៅ​ខេត្ត​ឧត្តរមានជ័យ ។ 

​មន្ត្រី​រដ្ឋាភិបាល​រូបនេះ បញ្ញា​ក់ថា ជា​រៀងរាល់​ខែ កម្លាំង​មន្ត្រី​អនុរក្ស និង​ក្រុម​ព្រះសង្ឃ បាន​ចុះ​ល្បាត​ដក​អន្ទាក់​ដាក់​សត្វ​ចំនួន​រាប់រយ​អន្ទាក់ ។ ត្រឹម​រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ សត្វ​ទន្សោង​២​ក្បាល ត្រូវបាន​បាញ់សម្លាប់ និង​មាន​សំណាក​ឆ្អឹង​សត្វ​ផ្សេងទៀត ត្រូវបាន​រកឃើញ​…
​សំឡេង​លោក ភួង លី​ណា ៖

​យ៉ាងណា​ក៏​ដោយ​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ឧត្តរមានជ័យ​រូប​នេះ​លើកឡើង​ថា បច្ចុប្បន្ន យើង​ខ្វះ​កម្លាំង​ច្រើន ចំនួន​នៃ​អ្នក​អភិរក្ស​ទាំង​មន្ត្រី​ឧទ្យានុ​រក្ស កម្លាំង​មាន​សមត្ថកិច្ច និង​សហគមន៍​ព្រះសង្ឃ មិនទាន់​សក្ដិសម​ទៅនឹង​ទំហំ​ផ្ទៃដី ដែល​មាន​រហូត​ដល់​ទៅ​ជាង​៣​ម៉ឺន​ហិកតា​នោះទេ ។ លោក​បញ្ជាក់ថា កន្លងមក លោក​បាន​ស្នើ​សុំ​កម្លាំង​ជំនួយ​បន្ថែម​ពី​ខេត្ត ដើម្បី​បង្ក្រាប​បទល្មើស​លក្ខណៈ​ទ្រង់ទ្រាយ​ធំ និង​ក្នុង​លក្ខខណ្ឌ​ដែល​មាន​ការ​តដៃ​ពី​សំណាក់​ជនសង្ស័យ ។​

​បើ​តាម​ការបញ្ជាក់​ពី​ព្រះ​តេជគុណ ប៊ុន សា​លូត ថា បច្ចុប្បន្ន ក្រៅពី​ក្រុម​ព្រះសង្ឃ​ដែល​បាន​ដើរតួ​ជា​អ្នក​អភិរក្ស​ដែនជម្រកសត្វព្រៃ​សង្ឃ​រុក្ខា​វ័ន ក៏​មាន​ក្រសួង​បរិស្ថាន​ចូលរួម​យ៉ាង​សស្រាក់សស្រាំ​ដែរ ។ ថ្មីៗ​នេះ ព្រះ​តេជគុណ​បាន​ស្នើសុំ​ទា​ហ៊ាន​១៥​នាក់ និង​ប៉ូលីស​១៥​នាក់ ពី​អភិបាលខេត្ត​ឧត្តរមានជ័​យ ដើម្បី​ជា​កម្លាំង​ជំនួយ​បន្ថែម ។​

​បើទោះបីជា ដែនជម្រកសត្វព្រៃ​សង្ឃ​រុក្ខា​វ័ន្ត កំពុង​ប្រឈមមុខ​នឹង​ការកាប់​បំផ្លាញ​ព្រៃឈើ និង​សម្លាប់សត្វ​ខុស​ព្រៃ​ច្បាប់​យ៉ាងណាក៏ដោយ ក៏​បទល្មើស​និង​ទំនាស់​ផ្សេងៗ​បាន​កាត់បន្ថយ​ច្រើន​។ កាត់បន្ថយ​ព្រោះថា ព្រះ​តេជគុណ​បាន​រកឃើញ​នូវ​វិធី​បង្កើត​ព្រំ​ដី​ព្រៃ តាមរយៈ​ការកាយ​ដី​ជា​ប្រឡាយ​ព័ទ្ធជុំវិញ​ព្រៃ​កាលពី​ដំបូង​បាន​ប្រមាណ​៩​គីឡូម៉ែត្រ មាន​ជម្រៅ​២​ម៉ែត្រ និង​ប្រវែង​មាត់​ប្រឡាយ​៣​ម៉ែត្រ​…
​សំឡេង​ព្រះ​ភិក្ខុ ប៊ុន សា​លូត ៖

​នា​ពេលកន្លងមក ការងារ​កាយ​ព្រំ​ដី​ព្រៃ​ដើម្បី​កំណត់​និង​ការពារ គឺ​បាន​ទទួល​ការឧបត្ថម្ភ​ពី​មន្ទីរ​កសិកម្ម​ខេត្ត​ឧត្តរមានជ័យ នូវ​ប្រេង​ចំនួន​១​ម៉ឺន​លីត្រ ហើយ​រាជរដ្ឋាភិបាល​ក៏​បាន​ប្រគល់​នូវ​ឯកសារ​ពេញលេញ និង​អេ​ស្កា​កាយ​ដី ដល់​សហគមន៍​សង្ឃរ​បស់​ព្រះ​តេជ​គុណ ក៏ប៉ុន្តែ​ប្រាក់ខែ​តៃកុង គឺជា​ការ​រ៉ាប់រង​របស់​ព្រះ​តេជគុណ​ផ្ទាល់ ។ ក្រៅពីនេះ ក៏​មាន​ការជួយ​ឧបត្ថម្ភ​ពី​សហគមន៍​អន្តរជាតិ​ផង​ដែរ ។ 

​ព្រះ​តេជគុណ ប៊ុន សា​លូត បាន​ប្រើប្រាស់​យុទ្ធសាស្ត្រ​កាត់បន្ថយ​ទំនាស់ ដែល​មាន​ប្រសិទ្ធភាព​មុន​គេ​នោះ​គឺ ការកាយ​ព្រំ​ដី​ព្រៃ ។ បន្ទាប់​ទៀត គឺ​បណ្តុះបណ្តាល​ព្រះសង្ឃ​ជំនាន់​ក្រោយ ពិសេស​ប្រជាជន​ឱ្យ​ពួកគេ​បានដឹងថា ដែន​ជម្រក​សត្វព្រៃ​នេះ គឺជា​ព្រៃ​រួម​របស់​យើង ជា​ព្រៃរបស់​ពួកគាត់​ដែល​ត្រូវតែ​រួមគ្នា​ថែរក្សា និង​អភិរក្ស ។ 

​ដែនជម្រកសត្វព្រៃ​សង្ឃ​រុក្ខាវ័ន្ត​នេះ ក៏​ធ្លាប់​បាន​លក់​កាបូន​ចំនួន​២​ដង​មក​ហើយ ទៅកាន់​ក្រុមហ៊ុន​អន្តរជាតិ​របស់​សហរដ្ឋអាមេរិក ខណៈ​បច្ចុប្បន្ន កិច្ចការងារ​នេះ បាន​ផ្ទេរ​ទៅ​ក្រសួង​បរិស្ថាន​ជា​អ្នកគ្រប់គ្រង​ចាត់ចែង ។ ក្រៅពី​លក់​កាបូ​ន ព្រះ​តេជគុណ ប៊ុន សា​លូត បញ្ជាក់ថា ក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​សង្ឃ​រុក្ខា​វ័ន្ត ប្រជា​សហគមន៍​ក៏​បាន​ទទួល​ផល​ពី​អនុផល​ព្រៃឈើ និង​ដំណាំ​កសិកម្ម​ដែល​ពួកគេ​បាន​ធ្វើ​ក្នុង​តំបន់​នោះដែរ​…
​សំឡេង​ព្រះ​ភិក្ខុ ប៊ុន សា​លូត ៖

​ដោយឡែក ក្នុង​កិច្ចការងារ​អភិរក្ស​នេះ ព្រះ​តេជគុណ​ក៏​មាន​សកម្មភាព​បំបួស​ដើមឈើ​នៅក្នុង​ដែន​ជម្រក​សត្វព្រៃ ដែល​ព្រះ​តេជគុណ​គ្រប់គ្រង​ដែរ ។ ជាទូទៅ ព្រះ​តេជគុណ​ធ្វើ​ពិធី​បំបួស​ដោយ​ចាប់​យក​នូវ​ដើមឈើ​ណា​មាន​ទំហំ​ធំ​ធ្វើជា​ប្រធាន និង​ប្រើ​បាលី​សូត្រ​ដើម្បី​បំបួស​ដើមឈើ ឱ្យ​ដើមឈើ​នោះ​ក្លាយជា​ទី​សក្ការៈបូជា​សម្រាប់​មនុស្ស និង​ទេព្តា ។​

​ប្រធាន​ដែនជម្រកសត្វព្រៃ​សង្ឃ​រុក្ខាវ័ន្ត​រូប​នេះ​មាន​សង្ឃដីកា​ប្រា​ប់ប​ន្តថា បច្ចុប្បន្ន ព្រះ​តេជគុណ​កំពុង​រៀបចំ​គម្រោង ជាមួយនឹង​ក្រសួង​បរិស្ថាន ដើម្បី​អភិវឌ្ឍ​តំបន់​ព្រៃ​អភិរក្ស​នេះ ទៅជា​តំបន់​អេកូ​ទេសចរណ៍ រួម​មាន​ការដើរ​មើល​សត្វព្រៃ​ធម្មជាតិ កន្លែង​ជិះ​ខ្សែ​រ៉ក និង​មើល​ប្រភេទ​ព្រៃ​នៅ​ទីនោះ​ជាដើម​…
​សំឡេង​ព្រះ​ភិក្ខុ ប៊ុន សា​លូត ៖

​នៅក្នុង​ដែន​ជម្រក​សត្វព្រៃ​សង្ឃ​រុក្ខា​វ័ន្ត មាន​ប្រភេទ​សត្វព្រៃ​កម្រ​ជាច្រើន ដោយ​រាប់​ចាប់តាំងពី​ប្រភេទ​សត្វ​ធំ ដូចជា ប្រើ​ស ទន្សោង ខ្ទីង ឈ្លូស ជ្រូក​ព្រៃ ក្ងោក និង​ត្រ​យ៉ង​យក្ស ជាដើម ដែល​សត្វ​មួយចំនួន ព្រះ​តេជគុណ​យល់ថា បាន​ផុត​ពូជ និង​មិន​មាន​ទៀត​ទេ​នៅក្នុង​ដែន​ជម្រក​នេះ​។ ក៏ប៉ុន្តែ​វត្តមាន​នៃ​សត្វ​កម្រ​ទាំងនេះ ត្រូវបាន​បង្ហាញ​តាមរយៈ ការស្រាវជ្រាវ​រកឃើញ​ដោយ​កាមេរ៉ា​បង្កប់​ក្នុងព្រៃ ការប្រទះឃើញ​នូវ​ដានជើង និង​សម្រែក​របស់​សត្វ​ទាំងនោះ ដែល​មន្ត្រី​អនុរក្ស​ធ្លាប់បាន​ឮ ។​

​បើទោះបីជា​ជួប​ការលំបាក និង​ទទួល​បន្ទុក​អភិរក្ស​ធនធានធម្មជាតិ រហូត​ចំនួន​ជាង​៣​ម៉ឺន​ហិកតា​ក៏ដោយ ក៏​ព្រះ​តេជគុណ​លើកឡើងថា នឹង​មិន​រាថយ​ក្នុង​កិច្ចការងារ​អភិរក្ស​នេះឡើយ ។​ព្រះ​តេជគុណ​នៅតែ​អះអាងថា កត្តា​តែមួយគត់​ដែល​ព្រះ​តេជគុណ​ត្រូវធ្វើ គឺ​កាយ​ព្រំ​ដី​ព្រៃ ដើម្បី​ការពារ​ការកាប់បំផ្លាញ​ព្រៃឈើ និង​សម្លាប់​សត្វព្រៃ ។​

​ព្រះ​តេជគុណ ប៊ុន សា​លូត តែង​ដាក់​សំណួរ​ខ្លួនឯង​ថា តើ​មាន​អ្នកណា​ដូច​ព្រះ​តេជគុណ​ដែរ​ទេ ដែល​បាន​តាំងចិត្ត​បូជាជីវិត ដើម្បី​ការពារ​ធនធាន​ធម្មជាតិ ការពារ​សម្បត្តិ​រដ្ឋ តែ​ព្រះ​តេជគុណ​មិនឱ្យ​មាន​ចម្លើយ​ឡើយ ។ ព្រះ​តេជគុណ​បញ្ជាក់ថា ទោះបីជា​មាន​បញ្ហា​អ្វី​ក៏ដោយ ក៏​ព្រះ​តេជគុណ​ត្រូវតែ​តស៊ូ ត្រូវតែ​ដោះស្រាយ​បញ្ហា​ដោយ​បញ្ញា​…
​សំឡេង​ព្រះ​ភិក្ខុ ប៊ុន សា​លូត ៖

ព័ត៌មានផ្សេងទៀត