​ពុល​​ស្លាប់​​នៅ​ខេត្ត​ក្រចេះ​​ជា​សញ្ញា​​អាសន្ន​នៃ​​សុខភាព​សាធារណៈ​​របស់​​សង្គម​​ខ្មែរ​?​

11-05-2018 8:59 am 496
  ស្តាប់
ពលរដ្ឋពុលនៅខេត្តក្រសួង។
ស្តាប់ជាសំឡេង

​ករណី​ពុល​ស្លាប់​នៅក្នុង​ខេត្តក្រចេះ ជា​ព្រឹត្តិការណ៍​ថ្មី​មួយទៀត សម្រាប់​សង្គម​ខ្មែរ​។​ករណី​ពុល​ស្លាប់​នេះ គឺ​បណ្តាលមកពី​ពុល​ស្រា ដែលមាន​ផ្ទុក​ជាតិ​មេ​តា​ណុល​ខ្ពស់ ខណៈ​មូលហេតុ​ដែល​បណ្តាលមកពី​ការពុល​ទឹក ក្រសួង​នៅ​មិនទាន់​ច្បាស់លាស់​នៅឡើយ​។ ទោះជា​នៅ​មិនទាន់មាន​ការសន្និដ្ឋាន​ជាក់លាក់​ណាមួយ អំពី​មូលហេតុ​ក៏ដោយ ក៏​ព្រឹត្តិការណ៍​ទាំងនេះ ជា​សញ្ញា​ប្រាប់ថា សុខភាព​សាធារណៈ​នៃ​សង្គម​ខ្មែរ កំពុង​ប្រឈម​នឹង​គ្រោះថ្នាក់​គួរឱ្យ​ព្រួយបារម្ភ ហើយ​ទាមទារ​ឱ្យ​ដោះស្រាយ​ជាបន្ទាន់​។

​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ មាន​សេចក្តីរាយការណ៍​អំពី​មនុស្ស​ស្លាប់ និង រងគ្រោះ រាប់រយ​នាក់​នៅក្នុង​ខេត្ត​ក្រចេះ ដោយមាន​អា​ការៈឈឺ​ពោះ​, ក្អួតចង្អោរ​,​អស់កម្លាំង​, ទន់ដៃទន់ជើង​, វិលមុខ និង ថប់ដង្ហើម ដោយសារ​ពុល​ស្រាស ពុល​ទឹក និង ពលរដ្ឋ​ផ្សេងទៀត ពុល​នំ​អន្សមអាំង​។​ក្រសួង​សុខាភិបាល សង្ស័យថា បណ្តាលមកពី​ពុល​ស្រា ដែលមាន​ផ្ទុក​ជាតិ​មេ​តា​ណុល​ខ្ពស់ ដែល​ធ្វើឱ្យពុល ហើយ​ទឹក​មាន​សារ​ធាតុគីមី​។ ចំណែក​ការពុល​នំ​អន្សមអាំង ក្រសួង​ថា ដោយសារតែ​ការ​ទុកដាក់​គ្មាន​អនាម័យ​។ ប៉ុន្តែ​សេចក្តីពន្យល់​លំអិត មិនទាន់មាន​នៅឡើយ​ទេ​។​

​ការពុល​របស់​ហ្វូងមនុស្ស​រាប់រយ​នាក់ ដែល​កើតមាន​ក្នុងសង្គម​ខ្មែរ វា​លែង​ជា​រឿង​ចម្លែក​ទៀតហើយ​នៅពេលនេះ​។ មិន​ចម្លែក​ព្រោះថា ករណី​ពុល​ស្រដៀង​គ្នា​នេះ ធ្លាប់​កើតមាន​កាលពី​ឆ្នាំ​២០១៦ លើ​ពលរដ្ឋ​ខេត្ត​កំពង់ឆ្នាំង ពុល​ស្រាស ស្លាប់​មនុស្ស ១៣​នាក់​។ ករណី​ពុល​ផ្អក​កូន​ត្រី​ប្រៃ នៅ​ខេត្តសៀមរាប ដែល​បណ្ដាលឱ្យ ពលរដ្ឋ ៣០​នាក់ និង​ព្រះសង្ឃ ៦​អង្គ មាន​អាការៈ​ក្អួតចង្អោរ​ធ្ងន់ធ្ងរ ហើយ​បាន​បញ្ជូនទៅ​ជួយសង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប​។​

​ដោយឡែក កាលពី ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០១៦ សិស្សានុសិស្ស​តូចៗ នៃ​សាលាបឋមសិក្សា​តា​តៃ ស្រុក​ត្រាំកក់ ខេត្តតាកែវ ប្រមាណ ៨០​នាក់ មាន​អា​ការៈពុល ក្អួតចង្អោរ រហូត​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ បន្ទាប់ពី​មាន​វិទ្យាស្ថាន​មួយ បាន​ទៅ​ចែក​ម្ហូបអាហារ ដូចជា បាយ​ឆា​កញ្ចប់ សាច់ក្រក និង ទឹកដោះគោ​នៅ​ទីនោះ​។ នេះ​នៅ​មិនទាន់​រាប់បញ្ចូល​ករណី​ដួលសន្លប់​របស់​កម្មករ​រោងចក្រ​ផង​។​

​ម្លោះ​ហើយ​បានជា ក្រសួងសុខាភិបាល​កម្ពុ​ជា តែងតែ​ធ្វើការ​ក្រើនរំលឹក ជូន​ដល់​ប្រជាជន​ទាំងអស់ ឱ្យមាន​ការប្រុងប្រយ័ត្ន​ការ​ពិសារ​ស្រា និង​ចំនីអាហារ ដែល​បាន​ផលិត ឬ​បាន​បិទ​ដោយ​មិនមាន​លក្ខណៈ​បច្ចេកទេស​ត្រឹមត្រូវ រួមទាំង​ការការពារ​ផ្ទាល់ខ្លួន និង ក្រុមគ្រួសារ​របស់ខ្លួន ដើម្បីឱ្យ​ជៀស​ផុតពី​ករណី​ពុល​។ ការ​ក្រើនរំលឹក​នេះ ជា​រើសៗ​ធ្វើឡើង​នៅ​ជិត​ដល់​បុណ្យជាតិ​ធំៗ​ចូល​មកដល់​។​

​ព្រឹត្តិការណ៍​ទាំងនេះ ត្រូវបាន​គេ​មើលឃើញថា ជា​សញ្ញា​ប្រាប់​ពី​គ្រោះអាសន្ន នៃ​សុខភាព​សាធារណៈ​របស់​កម្ពុជា ដែល​កំពុង​ប្រឈម​នឹង​គ្រោះថ្នាក់​គួរឱ្យ​ព្រួយបារម្ភ ហើយ​ត្រូវ​ពិនិត្យមើល​ឡើងវិញ​ជាបន្ទាន់ មិនអាច​បង្អង់​យូរ​។ សុខភាព​សាធារណៈ គឺ​សំដៅលើ​ការបម្រើ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា នៅពេល​មាន​គ្រោះអាសន្ន​ណាមួយ​កើតឡើង​។​

​ទទួលស្គាល់ថា បញ្ហា​ទាំងអស់នេះ ជា​ការងារ​បច្ចេកទេស​ដែល​ទាមទារ ឱ្យមាន​អ្នកជំនាញ​ស្រាវជ្រាវ និង ត្រួតពិនិត្យ ដើម្បី​ចុះជួយ​ដល់​ប្រជាពលរដ្ឋ​ទាន់ពេលវេលា​។ ប៉ុន្តែ​នៅពេល មាន​ករណី​ពុល ឬ​ដួលសន្លប់​ម្តងៗ ការចុះទៅ​ជួយសង្គ្រោះ​របស់​ក្រុម​អ្នកជំនាញ ហាក់​មាន ភាព​យឹត​យ៉ាវ និង​ទុកឱ្យ​ពលរដ្ឋ​ពុល​ស្លាប់​ជា​បន្តបន្ទាប់ ដូច​ករណី​ពុល​នៅ​ខេត្តក្រចេះ​សព្វថ្ងៃ​។​

​បើ​គេ​ពិនិត្យ​ឃើញជាក់ស្តែង ការពុល​របស់​ពលរដ្ឋ អាចមកពី​ការបរិភោគ ខ្វះ​គុណភាព ខូច​គុណភាព និង ខ្វះ​អនាម័យ ហើយ​ចំណីអាហារ​ដែល​បរិភោគ​មិនដឹង​ជា​បង្កប់​ដោយសារ​ធាតុគីមី​ពុល​អ្វីខ្លះ​ទេ​? ម្យ៉ាងវិញទៀត បរិយាកាស​នៃ​ភពផែនដី​កាន់តែ​អាប់អួ​ទៅៗ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​ដោយសារតែ​ការបំផ្លិចបំផ្លាញ​របស់​មនុស្ស រួមទាំង​ការកើនឡើង​នៃ​ការប្រើប្រាស់​ជីគីមី លើ​ផលដំណាំ​កសិកម្ម បង្ក​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នក​ហួបចុក​ទូទៅ​។ ហើយ​ថ្នាំ​គីមី​ទាំងនោះ បាន​ហូ​ជ្រោះ​ចូលទៅក្នុង​បឹងបួរ​ផ្សេង ពុល​ដល់​ជីវៈជម្រុះ ព្រមទាំង​មនុស្ស​ផង​។​

​ជា​ការគិតគូ​បន្ថែម​នៅ​ពេលខាងមុខ អាជ្ញាធរ​សុខាភិបាល និង​សមត្ថកិច្ច​ផ្សេងទៀត  គួរតែ​បង្កើន​ការយកចិត្តទុកដាក់​ឱ្យ​បាន​ខ្លាំងក្លា​ជាង​នេះ ជាពិសេស ការត្រួតពិនិត្យ​គុណភាព និង​សុវត្ថិភាព​ចំណីអាហារ ព្រោះថា ការងារ​ចាំបាច់​មិនអាច​ខ្វះ​បាន ដើម្បី​ធានាថា ចំណីអាហារ​ដែល​គ្រប់គ្នា​បរិភោគ​មាន ថាមពល​សម្រាប់​ទ្រទ្រង់​រាងកាយ តែ​មិនមែនជា​ថ្នាំពុល​ដែល​បំផ្លាញ​សុខភាព​នោះឡើយ​។

​បង្កើន​ការយកចិត្តទុកដាក់ សំដៅលើ​ការអប់រំ​នៅតាម​មូលដ្ឋាន ដើម្បី​បញ្ជ្រាប់​ចំណេះដឹង​បន្ថែម​ដល់​ប្រជាពលរដ្ឋ​ស្តីពី សុវត្ថិភាព​ចំណីអាហារ និង ផលប៉ះពាល់ នៃ​ការប្រើ​ថ្នាំ​គីមី​លើ​ដំណាំ​កសិកម្ម​។ ជាមួយគ្នានេះ អាជ្ញាធរ​គួរតែ​ពន្យល់​លំអិត អំពី​ឬ​សគល់​នៃ​ការពុល​ស្លាប់​របស់​ពល​រដ្ឋ​នា​ពេលកន្លងមក ដើម្បី​ទុកជា​មេរៀន​។ ប្រសិនបើ បញ្ហា​នេះ​មិន​ត្រូវបាន​យកចិត្ត​ទុក​ខ្លាំង​ទេ វា​នឹង​បង្ក​ជា​គ្រោះអាសន្ន​កាន់តែ​ធំ​ឡើងដល់​សង្គម​ខ្មែរ​នៅ​ពេលអនាគត​ក៏​ថា​បាន​៕

 

ព័ត៌មានផ្សេងទៀត