របាយការណ៍​​អង្គការ​​តម្លាភាព​​បង្ហាញថា​​ ​ពលរដ្ឋ​ខ្មែរ​យល់​ដឹង​​តិច​តួច​ពី​​«​ថវិកាជាតិ​»​

09-05-2018 4:16 pm 1038
  ស្តាប់
ការប្រកាសលទ្ធផលនៃ​ការ​ស្ទង​មតិ​ថ្នាក់ជាតិ​ស្តីពី «​គណនេយ្យភាព និង តម្លាភាព​នៃ​ដំណើរការ​ថវិកា​»​​ របស់អង្គការតម្លាភាពកម្ពុជា នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៨។
ស្តាប់ជាសំឡេង

​អង្គការ​តម្លាភាព​កម្ពុ​ជា នៅ​ថ្ងៃទី​០៩ ខែឧសភា​នេះ បាន​ចេញផ្សាយ​នូវ​របាយការណ៍​ស្រាវជ្រាវ​នៃ​ការ​ស្ទង​មតិ​ថ្នាក់ជាតិ​ស្តីពី «​គណនេយ្យភាព និង តម្លាភាព​នៃ​ដំណើរការ​ថវិកា​»​។ ការស្ទង់មតិ នេះ មាន​គោលដៅ​ស្វែងយល់ និង ប៉ាន​ប្រមាណ​ពី​ការយល់ឃើញ និង ឥរិយាបថ​របស់​ប្រជាជន​កម្ពុជា ចំពោះ​តម្លាភាព និង គណនេយ្យភាព ថវិកា​ក្នុងប្រទេស​កម្ពុជា​។ របាយការណ៍ បាន​រកឃើញថា ចំណេះដឹង​ពី​ដំណើរការ​ថវិកា របស់​ប្រជាពលរដ្ឋ​ខ្មែរ នៅមានកម្រិត​ទាប គួរឱ្យ​ព្រួយបារម្ភ​យ៉ាងខ្លាំង​។ រដ្ឋាភិបាល​យល់ថា បញ្ហា​នេះ​បណ្តាល​មក ពី​ប្រជាពលរដ្ឋ​ខ្លួនឯង ហើយ​សម្រាប់​រដ្ឋាភិបាល បើក​ជំហ​សម្រាប់​ផ្តល់ព័ត៌មាន​ពី​ដំណើរការ​ថវិកាជាតិ​។ ដោយ គួន សំបូរ​

​ក្នុង​របាយការណ៍​នៃ​ការស្ទង់មតិ​ថ្នាក់ជាតិ របស់​អង្គការ​តម្លាភាព​កម្ពុជា​ស្តីពី «​គណនេយ្យភាព និង តម្លាភាព​នៃ​ដំណើរការ​ថវិកា​» មាន​កម្រាស់​២០​ទំព័រ​ជា​ភាសា​ខ្មែរ និង ភាសា​អង់គ្លេស បាន​រកឃើញថា ការយល់ដឹង​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ពី​ដំណើរការ​ថវិកា នៅមានកម្រិត​ទាប ដែលជា​សញ្ញា​ព្រួយបារម្ភ​យ៉ាងខ្លាំង​។​

​បើតាម​របាយការណ៍​បានឱ្យដឹងថា មាន​ប្រជាពលរដ្ឋ​ខ្មែរ​ត្រឹមតែ​០.៣​ភាគរយ ប៉ុណ្ណោះ ដែល​អាច​ប្រាប់​ត្រឹមត្រូវ ពី​ទំហំ​ថវិកាជាតិ​ឆ្នាំ​២០១៧​។ ចំពោះ​ការយល់ដឹង​ពី​ចំណូល និង ចំណាយ​ថវិកាជាតិ​វិញ មាន​ប្រជាពលរដ្ឋ​ប្រមាណ​៣៣.៤​ភាគរយ ពុំ​ដឹងថា ប្រភព​ចំណូល​របស់​រាជរដ្ឋាភិបាល​កម្ពុជា បាន​មកពីណា​ឡើយ ខណៈដែល​៤៦.៤​ភាគរយ មិនដឹងថា រដ្ឋាភិបាល​ចំណាយ​ថវិកាជាតិ​ទៅលើ​វិស័យ​អ្វីខ្លះ​?

​ការ​មិនដឹង​ពី​ចំណូល និង ចំណាយ​ថវិកាជាតិ​នេះ គឺ​ដោយសារតែ​ភាព​កង្វះ​នៃ​ការទទួលបាន​ព័ត៌មាន​ស្តីពី ថវិកាជាតិ និង​ជាពិសេស បង្កឡើង​ដោយ​ប្រជាពលរដ្ឋ​ខ្លួនឯង មិនបាន​ចាប់អារម្មណ៍​លើ​ការងារ​នេះ ។ តាម​របាយការណ៍​ដដែល មាន​ប្រជាពលរដ្ឋ​ត្រឹមតែ​០.១​ភាគរយ​ប៉ុណ្ណោះ ធ្លាប់បាន​ឃើញ​ឯកសារ​ផ្លូវការ​របស់​រដ្ឋាភិបាល​ស្តីពី ថវិកាជាតិ និង​មានតែ​១.១​ភាគរយ ធ្លាប់​ព្យាយាម​ស្វែងរក​មើល​ឯកសារ​ថវិកាជាតិ​។​

​លោក ព្រាប កុល នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា គូសបញ្ជាក់ថា ការសិក្សា​ស្រាវជ្រាវ​នេះ បាន​បង្ហាញថា ការយល់ដឹង​ស្តីពី​ដំណើរការ​ថវិកាជាតិ ពី​ប្រជាជន​ខ្មែរ នៅមានកម្រិត​ទាប ហើយ​លោក​ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា ត្រូវ​បង្កើន​ការផ្សព្វផ្សាយ​បន្ថែមទៀត លើ​ការចាយវាយ​ថវិកាជាតិ​ប្រចាំឆ្នាំ​។​

​ចំពោះ​ក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បាន​មើលឃើញថា ការដែល​ពលរដ្ឋ​មិនសូវ​ដឹង​ពី ដំណើរការ​ថវិកាជាតិ ដោយសារតែ​ប្រជាពលរដ្ឋ​ខ្លួនឯង មិន​ចង់ដឹង​។ លោក​ច​ន ជី​វ័ន្ត មន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​អះអាងថា ក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បើក​ជំហ​ទូលាយ​ជូន​សាធារណៈជន​ដែល​ចង់ដឹង ពី​ដំណើរការ​ថវិកាជាតិ​។ លោក​បាន​បដិសេធ​របា​យ​ការណ៍​ថា ប្រជាពលរដ្ឋ​ខ្វះ​ចំណេះដឹង​រឿង​ថវិកាជាតិ​។​សម្រាប់​មន្ត្រី​ក្រសួង​សេដ្ឋកិច្ច  ជាទូទៅ​ពលរដ្ឋ បានដឹង បានលឺ និង​មាន​សិទ្ធិ​ចូលរួម​ស្តាប់ ប៉ុន្តែ​ដោយសារតែ​ប្រជាពលរដ្ឋ​គាត់​រវល់ រឿង​ជីវភាព​គ្មាន​ពេល​អង្គុយ​ស្តាប់ ពី​ដំណើរការ​ថវិកា​។​

​គួរ​បញ្ជាក់ថា នេះ​ជា​លើកទីមួយ​ហើយ ដែល​អង្គការ​តម្លាភាព​កម្ពុជា បើ​ការស្រាវជ្រាវ​ពី​ការស្ទង់មតិ​ស្តីពី «​គណនេយ្យភាព និង តម្លាភាព​នៃ​ដំណើរការ​ថវិកា​» សម្រាប់​ឆ្នាំ​២០១៧​។ ការសិក្សា​ធ្វើឡើង​តាំងពី​ខែតុលា ឆ្នាំ​២០១៧ ដោយ​ធ្វើ​ការសម្ភាសន៍​ជាមួយ​ប្រជាពលរដ្ឋ ជាង​១​ពាន់​៥​រយ​នាក់ ក្នុងភូមិ​ចំនួន​២​រយ ស្ថិតក្នុង​ឃុំ​ចំនួន​១​រយ នៅក្នុង​រាជធានី ខេត្ត​ទាំង​២៥​ទូទៅ​ប្រទេស​កម្ពុជា​។​ជា​ការកត់សម្គាល់ ការសម្ភាសន៍​នេះ ភាគច្រើន​ទៅលើ​ប្រជាជន​សិក្សារ​មិនទាន់​ចប់​ថ្នាក់បឋមសិក្សា ខណៈដែល​រឿង​ថវិកាជាតិ ជា​រឿង​បច្ចេកទេស និង​ស្មុកស្មាញ​ច្រើន​។​

​តែ​យ៉ាងណា លោក ព្រាប កុល បានផ្តល់​ជា​អនុសាសន៍ ដល់​រាជរដ្ឋាភិបាល​សម្រាប់ ថ្ងៃ​អនាគត គួរ​មាន​យន្តការ​ត្រួតពិនិត្យ​ប្រកបដោយ​តម្លាភាព លើ​ការប្រើប្រាស់​ថវិការ​ឱ្យ​កាន់តែ​ល្អ​ជាង​នេះ​។ ចំណែក​ថវិកា​ថ្នាក់​ក្រោយ​ជាតិ រដ្ឋាភិបាល​គួរ​បើកឱ្យមាន​ការចូលរួ​មពី​សំណាក់​ប្រជាពលរដ្ឋ ក្នុង​ការដឹងលឺ ការសម្រេចចិត្ត និង ចូលរួម​ឃ្លា​មមើ​លពី​ការអនុវត្តន៍ ចាយវាយ​ថវិការដ្ឋ​លើ​គម្រោង​ណាមួយ​៕

ព័ត៌មានផ្សេងទៀត