ទស្សនវិស័យ​​​​និង​មហិច្ឆតា​​របស់លោក​ពូ​ទីន​​សម្រាប់​ដឹកនាំ​​ប្រទេស​រុស្ស៊ី​​ក្នុង​អាណត្ដិ​ថ្មី​

08-05-2018 3:09 pm 974
ប្រធានាធិបតី​រុ​ស្ស៊ី​លោកវ្លាឌីមៀ ពូទីន

​លោក​វ្លា​ឌី​មៀ ពូ​ទីន​បានបង្ហាញ​ទស្សនវិស័យ​ប្រកបដោយ​មហិច្ឆតា សម្រាប់​ដឹកនាំ​ប្រទេស​រុស្ស៊ី​ក្នុង​អាណា​ត្ដិ​ថ្មី​៦​ឆ្នាំ​បន្ដទៀត​។ នេះ​ជា​អាណត្ដិ​ទីបួន​ហើយ​នៃ​ការគ្រប់​គ្រង​ប្រទេស​រុស្ស៊ី ដែល​លោកពូ​ទីន​ទើបតែ​ស្បថ​ចូល​កាន់តំណែង​ផ្លូវការ​កាលពី​ថ្ងៃទី​០៧​ឧសភា​។ ថ្លែង​ក្នុង​ពិធី​លោកពូ​ទីន​បានលើកឡើង​ពី​គោលនយោបាយ​សំខាន់ៗ ដើម្បី​ធ្វើឲ្យ​រុស្ស៊ី​រីកចម្រើន​ទៅមុខ​។ ចង់ដឹងថា​គោលនយោបាយ​ឬ​ទស្សនវិស័យ​សំខាន់ៗ​របស់​លោកពូ​ទីន​មាន​អ្វីខ្លះ ជា​បន្ដ​សូម​ស្ដាប់​សេចក្ដីរាយការណ៍​ពី​ពេញ ផេង​ដូចតទៅ​៖

សំឡេង៖

​លោកពូ​ទីន​បាន​ប្ដេជ្ញា​ថា ក្នុង​អាណត្ដិ​ថ្មី​នេះ​លោកនឹង​ខិតខំប​ន្ដ​បម្រើប្រជាជន​ឲ្យ​បានល្អ​បំផុត ហើយ​មាន​ទស្សនវិស័យ​សំខាន់ៗ​ជាច្រើន ដែល​ត្រូវ​សម្រេច​ឲ្យបាន​ក្នុងរយៈពេល​៦​ឆ្នាំក្រោយ ក្នុងនោះ​មានដូចជា​៖

​ការចូលរួម​ជាមួយ​ប្រទេស​ធំ​ទាំង​៥

​បើ​យោងតាម​ឯកសារ រុស្ស៊ី​នឹង​ក្លាយជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស​មាន​សេដ្ឋកិច្ច​ធំ​បំផុត​ទាំង​៥​នៅក្នុង​ពិភពលោក ដោយ​រក្សា​កំណើន​ផលិតផល​ក្នុងស្រុក​សរុប​(GDP) លើសពី​មធ្យមភាគ​សកលលោក ហើយ​អាច​រក្សា​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច​បាន​ទៀត​។ តាមរយៈ​ការវាស់ស្ទង់​ផលិតផល​ក្នុងស្រុក​សរុប​(GDP) រុស្ស៊ី​ស្ថិតនៅ​ក្រៅ​ចង្កោម​ប្រទេស​ទាំង​១០​ដែលមាន​សេដ្ឋកិច្ច​ធំ​បំផុត​។ រុស្ស៊ី​ត្រូវ​បង្កើន​កំណើន​ជិត​ពីរ​ខ្ទង់​ដើម្បី​ចាប់យក​ឱកាស​ក្នុង​រយៈពេល​៦​ឆ្នាំ​ខាងមុខ​។ 

​យ៉ាងណាក៏ដោយ​ការប្រើប្រាស់​ផលិតផល​ក្នុងស្រុក​សរុប ដែលជា​វិធានការ​ល្អ​បំផុត​នៃ​តម្លៃ​សេដ្ឋកិច្ច​ពិតប្រាកដ រុស្ស៊ី​ស្ថិតនៅ​លំដាប់​ទី​៦​ពីក្រោយ​អាល្លឺម៉ង់ ដូច្នេះ​គោលដៅ​រុញច្រាន​កំណើនសេដ្ឋកិច្ច​របស់​រុស្ស៊ី​ពិតជា​អាចទៅរួច ហើយ​រុស្ស៊ី​ពិតជា​អាច​កាត់បន្ថយ​ភាពក្រីក្រ​បាន​។ ការផ្លាស់ប្ដូរ​កំណើន​GDP​ពិភពលោក​គឺជា​រឿង​លំបាក​។ សេដ្ឋកិច្ចពិភពលោក​បាន​កើនឡើង​៣,៥​ភាគរយ​កាលពី​ឆ្នាំមុន ខណៈ​រុស្ស៊ី​បាន​កើនឡើង​១,៥​ភាគរយ​។ ក្នុងឆ្នាំនេះ​គេ​សន្និដ្ឋានថា​រុស្ស៊ី​អាច​ស្ថិតក្រោម​មធ្យម​ភាគ​សេដ្ឋកិច្ចពិភពលោក​ម្ដង​ទៀត​។ ទោះជា​យ៉ាងនេះ​ក្ដី​រុស្ស៊ី​មាន​សុទិដ្ឋិនិយម​ថា អាច​សម្រេច​គោលដៅ​របស់ខ្លួន​បាន​។​

​ធ្វើឲ្យ​ប្រជាជនមាន​អាយុវែង​រហូតដល់​៧៨​ឆ្នាំ​

​តាម​ស្ថិតិ​កាលពី​ឆ្នាំមុន​អាយុកាល​រស់នៅ​របស់​ប្រជាជន​រុស្ស៊ី បាន​កើនឡើង​ដល់​កម្រិត​ខ្ពស់បំផុត​ក្នុង​ឆ្នាំ​២០១៧ រហូតដល់​អាយុ​ជិត​៧៣​ឆ្នាំ​។ ចំណែក​អាយុ​កាលដែល​ស្ដ្រី​អាចរស់នៅ​បាន​គឺមាន​រួចទៅហើយ​ដល់​ទៅ​ជាង​៧៨​ឆ្នាំ​ឯណោះ​។ ការសម្រេច​ឲ្យបាន​គោល​ដៅ​ថ្មី​នឹង​តម្រូវឲ្យ​កាត់បន្ថយ​ភាពខុសគ្នា​នៃ​អត្រា​មរណភាព​រវាង​បុរស​និង​ស្ដ្រី​។ វា​ជា​រឿង​សំខាន់បំផុត​ដែល​ពិភពលោក​កំពុង​ជួបប្រទះ​។ នៅ​ប្រទេស​រុស្ស៊ី​មនុស្ស​ប្រុស​ស្លាប់​នៅ​អាយុ​ក្មេង​ជាង​មនុស្ស​ស្រី​ប្រមាណ​ជា​១០​ឆ្នាំ​។ តែ​យ៉ាងណាមិញ​លោកពូ​ទីន​មាន​ទស្សនវិស័យ​ចង់ឲ្យ​ប្រជាជន​រុស្ស៊ី​មាន​អាយុវែង​។​

​បន្ដ​រក្សា​កំណើនប្រជាជន​

​រុស្ស៊ី​គឺជា​ប្រទេស​ដែលមាន​ផ្ទៃដី​ធំជាងគេ​បំផុត​ក្នុង​លោក តែបើ​គិតពី​ចំនួន​ប្រជាជន​វិញ​មាន​ប្រមាណ​១៤៧​លាន​នាក់​ប៉ុណ្ណោះ​គិត​ត្រឹម​ឆ្នាំ​២០១៧​។ បើ​គិតពី​ឆ្នាំ​២០០៩​មានតែ​១៤២​លាន​នាក់​ទេ ដូច្នេះ​ការកើនឡើង​នៃ​ចំនួន​ប្រជាជន​រុស្ស៊ី ត្រូវ​អរគុណ​ដល់​ប្រជាជន​នៅ​តំបន់​គ្រីមេ​ប្រមាណ​២​លាន​នាក់​។ តំបន់​គ្រី​មេត្រូវ​រុស្ស៊ី​បោះឆ្នោត​ប្រជាមតិ​បញ្ចូល​ជា​ឧបសម្ព័ន្ធ​ក្នុង​ឆ្នាំ​២០១៤​។​

​គោលដៅ​នេះ​នឹង​ធ្វើឲ្យ​អត្រាកំណើត​កើនឡើង​ដល់​១,៧​ភាគរយ ជា​ចំនួន​ច្រើនជាង​ពីរ​ឆ្នាំមុន​ដោយសារ​មាន​ការលើក​ទឹកចិត្ដ​ផ្នែក​ហិរញ្ញវត្ថុ​សម្រាប់​ឪពុក​ម្ដាយ​ថ្មីថ្មោង ផ្ដល់​សេវា​ថែរក្សា​សុខភាព​បាន​ល្អប្រសើ​រ និង​ផ្ដល់​ការងារ​ល្អប្រសើរ​ដល់​ស្ដ្រីជា​ម្ដាយ​។ ជាមួយនឹង​គោលដៅ​ដែលមាន​ស្រាប់​ក្នុង​ការរក្សា​កំណើន​ប្រជាជន រុស្ស៊ី​មាន​យុទ្ធសាស្ដ្រ​ថ្មី​បន្ថែម គឺ​កាត់បន្ថយ​អត្រា​មរណភាព មិនមែន​ត្រឹមតែ​លើក​ទឹកចិត្ដ​ឲ្យ​ប្រជាជន​រស់នៅ​មានសុខ​ភាពល្អ​និង​មានជីវិត​រីករា​យ​នោះទេ​។​

​កែលម្អ​លំនៅស្ថាន​សម្រាប់​ប្រជាជន​រាប់លាន​នាក់​

​យោងតាម​សេចក្ដីសម្រេច​មួយ​របស់​រុស្ស៊ី ប្រជាជន​ប្រមាណ​៥​លាន​គ្រួសារ​ក្នុង​មួយឆ្នាំ​ត្រូវ​រំពឹងថា​នឹងមាន​ជីវភាព​រស់នៅ​ល្អប្រសើរ​ជាង​មុន​។ លំនៅស្ថាន​សរុប​ទំហំ​១២០​លាន​ម៉ែត្រការ៉េ​ត្រូវបាន​សាងសង់​ជា​រៀងរាល់ឆ្នាំ​។ ស្របពេល​ដែល​កិច្ចព្រមព្រៀង​ខ្ចីប្រាក់​នៅ​រុស្ស៊ី​កំពុង​កើនឡើង​ច្រើន រដ្ឋាភិបាល​ចង់ឲ្យ​សេវា​​ប្រាក់កម្ចី​​ក្លាយជា​អ្នក​ផ្លាស់ប្ដូរ​លំនៅស្ថាន​របស់​ប្រជាជន ដោយ​ការផ្ដល់​ប្រាក់កម្ចី​មិនឲ្យ​យកការប្រាក់​លើសពី​៨​ភាគរយ​ឡើយ​ក្នុង​មួយឆ្នាំ ស្របតាម​អត្រា​កាត់បន្ថយ​នៃ​អតិផរណា​។ ដូច្នេះ​ប្រជាជន​មានលទ្ធភាព​ក្នុង​ការសាងសង់​លំនៅស្ថាន​រស់នៅ​សមរម្យ​។​

​ធ្វើឲ្យ​រុស្ស៊ី​ក្លាយជា​ប្រទេ​សកាន់តែ​ល្អប្រសើរ​សម្រាប់​ការរស់នៅ​

​រុស្ស៊ី​កំពុង​ពង្រីក​ការថែទាំង​ផ្ទៃដី​និង​អភិរក្ស​តំបន់​ធម្មជាតិ​មាន​ទំហំ​រាប់លាន​ហិកតា ដើម្បី​ងាយស្រួល​ដល់​ការរស់នៅ​របស់​ជីវិត​មនុស្ស​សត្វ​គ្រប់​ប្រភេទ និង​ការពារ​ទ្រព្យសម្បត្ដិ​ធម្មជាតិឲ្យបាន​យូរអ​ង្វែង​។ រុស្ស៊ី​កំពុង​កាត់បន្ថយ​ការបំពុល​បរិស្ថាន​បង្ក​ដោយសារ​ការធ្វើ​ឧស្សាហកម្ម​។ ប៉ុន្ដែ​ជារឿយៗ​នៅតាម​បណ្ដា​ទីក្រុង​មួយចំនួន​របស់​រុស្ស៊ី នៅតែ​បន្ដ​គំរាមកំហែង​ដោយសារ​បញ្ហា​នេះ រំខាន​ដល់​ការរស់នៅ​មិន​ថា​មនុស្ស​និង​សត្វ​។ លោកពូ​ទីន​ក៏​បានស្នើ​ធ្វើឲ្យ​ប្រសើរឡើង​នូវ​ប្រភពទឹក ត្រូវ​ធានាថា​មាន​ទឹកស្អាត​សម្រាប់​ប្រើប្រាស់​។ បញ្ហា​ទឹកស្អាត​ជា​ឧបសគ្គ​មួយ​រាំងស្ទះ​ដល់​ការរស់នៅ​របស់​ប្រជាជន​រុស្ស៊ី​មួយផ្នែក​។ ក៏មាន​ការជំរុញឲ្យ​ប្រជាជន​ចូលរួម​ទាំងអស់គ្នា​ថែរក្សា​ទីតាំង​ដែល​ពួកគេ​រស់នៅ ឲ្យមាន​ផាសុខភាព​។​

​អ្វីដែល​បានលើកឡើង​ទាំងអស់នេះ សុទ្ធ​ជា​ការយកចិត្ដទុកដាក់​របស់​លោកពូ​ទីនប្រធា​នា​ធិបតី​រុស្ស៊ី ដើម្បី​អនុវត្ដ​តាម​ដំណាក់កាល អភិវឌ្ឍ​ប្រទេស​រុស្ស៊ី​ឲ្យ​បោះជំហាន​ទៅមុខ​កាន់តែ​លឿន​។ នៅមាន​គោលនយោបាយ​សំខាន់ៗ​ជាច្រើន​ទៀត ដែល​លោក​នឹង​ផ្ដោត​សំខាន់​។ ជាក់ស្ដែង​មានការ​បម្រើប្រជាជន​ឲ្យអស់​ពី​លទ្ធភាព លុបបំបាត់​វិសមភាព​ក្នុងសង្គម និង​ការការពារ​ដែន​អធិបតេយ្យ​រុស្ស៊ី​មិន​ឲ្យមាន​ការរំលោភ​បំពាន​ជាដើម​៕

ព័ត៌មានផ្សេងទៀត