ពុល​​ស្លាប់​​នៅ​ក្រចេះ​៖​អាច​បង្ក​ពី​​ស្រា​​មាន​​ធាតុ​«​មេ​តា​ណុល​»​​ខ្ពស់ និង ​ទឹក​មាន​​សារ​​ធាតុគីមី​​

07-05-2018 4:58 pm
  ស្តាប់
ពលរដ្ឋ​ពុល​ស្រា និង​សង្ស័យ​ពុល​ទឹក នៅ​ខេត្តក្រចេះ។
ស្តាប់ជាសំឡេង

អ្នកស្លាប់​ដោយសារ​កណី​ពុល​ស្រា និង​សង្ស័យ​ពុល​ទឹក នៅ​ខេត្តក្រចេះ កើនឡើង​ជា​បន្តបន្ទាប់ និង​ផ្សេងទៀត​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​។​ការពុល​នេះ ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម បានបង្ហាញ​ពី​លទ្ធផល​ពិសោធន៍ ដោយ​រកឃើញ​សារ​ធាតុគីមី​ក្នុង​ស្រាស និង ទឹក​ព្រែក​ទេ នៅ​ខេត្តក្រចេះ ដែលជា​ហេតុផល​នាំឲ្យមាន​អ្នកស្លាប់ និង​រងគ្រោះ​រាប់សិប​នាក់ ខណៈដែល​ក្រសួងសុខាភិបាល​មិនទាន់​ច្បាស់​។ ដោយ គួន សំបូរ​

​អ្នកស្លាប់​ក្នុងករណី​ពុល​ស្រា និង សង្ស័យ​ពុល​ទឹក នៅ​ឃុំ​កន្តួ​ច ស្រុក​ចិត្រ​បុរី ខេត្ត​ក្រចេះ បាន​កើនឡើង​ដល់​១៤​នាក់​ហើយ ខណៈ​ជាង​២០០​នាក់​ផ្សេងទៀត កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​។ បើតាម​របាយការណ៍​ប​ឋ​ម​របស់​ក្រសួងសុខាភិបាល អ្នកស្លាប់​ទាំងនោះ មាន​អាយុ​ពី​២៤-៧៣​ឆ្នាំ បន្ទាប់​មាន​អា​ការៈឈឺ​ពោះ​, ក្អួតចង្អោរ​, ឈីក​, អស់កម្លាំង​, ទន់ដៃទន់ជើង​, វិលមុខ និង ថប់ដង្ហើម​។ ចំពោះ​អ្នកជំងឺ​មាន​អាការៈ​ធ្ងន់ធ្ងរ ដែល​បាន​បញ្ជូនមក មន្ទីរពេទ្យ​កាល់ម៉ែត គឺមាន​រោគសញ្ញា​ពុល​ស្រា ដែលមាន​ជាតិ​មេ​តា​ណុល​ខ្ពស់​។  

​យោ​តាម​ការស្រាវជ្រាវ លើ​សំណាក​ស្រា​មួយចំនួន​ដែល​ក្រុមការងារ បាន​ផ្ញើរ​មកពី​ភូមិ​ពាក់ព័ន្ធ បាន​បង្ហាញថា ស្រា​ទាំងនោះ​មាន​ផ្ទុក​ជាតិ​មេ​តា​ណុល​ខ្ពស់ ដែល​ធ្វើឱ្យពុល​។​ដោយឡែក​ការវិភាគ​សំណាក​ទឹក​ដែល​ផ្ញើមក​ពី​ភូមិ​ពាក់ព័ន្ធ ពុំទាន់​ទទួលបាន​លទ្ធផល​នៅឡើយ លទ្ធផល​នេះ នឹងត្រូវ​បង្ហាញ នៅ​ថ្ងៃទី ៨ ឧសភា​។​នេះ​បើតាម​លោក លី សុវណ្ណ អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល​។​

​ដោយឡែក​សម្រាប់ ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម បានបង្ហាញ​ពី​លទ្ធផល​ពិសោធន៍​របស់ខ្លួន ដោយ​រកឃើញថា មាន​សារ​ធាតុគីមី​ក្នុង​ស្រាស និង ទឹក​ព្រែក នៅ​ខេត្តក្រចេះ ដែលជា​ហេតុផល​នាំឲ្យមាន​អ្នកស្លាប់ និង រងគ្រោះ​រាប់សិប​នាក់​។​

​ដោយ​តាម​លទ្ធផល​នៃ​ការធ្វើ​តេស្ត​វិភាគ​បឋម នៅក្នុង​មន្ទីរពិសោធន៍ «​វិទ្យាស្ថាន​ស្តង់ដារ​កម្ពុជា​» របស់​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ចុះផ្សាយ​សារព័ត៌មាន​ហ្វេ​ស​ញ៉ូ​ថា គំរូ​សំណាក​ស្រាស មាន​សារធាតុ​មេ​តា​ណុល ១១,២២​ភាគរយៈ ខណៈ​កម្រិតស្តង់ដា អនុញ្ញាតឲ្យ​មាន​ខ្ពស់បំផុត​ត្រឹមតែ​០,១៥​ភាគរយ​។​

​រីឯ​ទឹក​ព្រែក មាន​សារធាតុ​ក្រូម (Chromium) រហូតដល់​១៧៣ មីក្រូ​ក្រាម​ក្នុង​ទឹក​មួយ​លីត្រ ដែល​កម្រិតស្តង់ដា អនុញ្ញាតឲ្យ​មាន​ខ្ពស់បំផុត​ត្រឹមតែ​៥០​មីក្រូ​ក្រាម​ក្នុង​ទឹក​មួយ​លីត្រ​)​និង​មាន​សារធាតុ​នី​ទ្រី​ត​រហូតដល់ ៧-២៣ មី​លី​ក្រាម​ក្នុង​ទឹក​មួយ​លីត្រ (​ដែល​កម្រិតស្តង់ដា អនុញ្ញាតឲ្យ​មាន​ខ្ពស់បំផុត​ត្រឹមតែ ៣ មី​លី​ក្រាម​ក្នុង​ទឹក​មួយ​លីត្រ​)​។​

​សូមបញ្ជាក់ថា ហេតុការណ៍​ពុល​ទឹក​ព្រែក បាន​កើតឡើង​នៅ​ក្នុងភូមិ​ស្រែ​នន ឃុំ​កន្ទួត ខេត្ត​ក្រចេះ​។ បើតាម​អភិបាលខេត្ត ក្នុងចំណោម​គ្រួសារ​សរុប​នៅ​ភូមិ​ស្រែ​នន មាន​ពលរដ្ឋ​ជាង​១០០​គ្រួសារ​កំពុង​ធ្លាក់ខ្លួន​ឈឺ លើកលែងតែ​១០​គ្រួសារ​ប៉ុណ្ណោះ​។ អាជ្ញាធរ​បាន​សន្និដ្ឋាន​ជំហាន​ដំបូង​ថា បញ្ហា​អាចមកពី​ពលរដ្ឋ យក​ទឹក​ព្រែក​មកប្រើប្រាស់​ដោយ​មិនបាន​ឆ្លងកាត់​ប្រព័ន្ធ​ចម្រោះ​ឡើយ ដោយ​គ្រាន់តែ​កូរ​សាជូរ រួច​យក​មកប្រើប្រាស់​តែម្ដង​។​

​ម្លោះ​ហើយ​បានជា​ក្រសួងសុខាភិបាល បានចេញ​នូវ​វិធានការ​ឱ្យ​បញ្ឈប់​ការបិត​និង​លក់​ស្រាស ក្នុង​មូលដ្ឋាន​។ បំរាម​ប្រជាជន​ក្នុងភូមិ​កុំអោយ​ប្រើប្រាស់​ទឹកអូរ​ក្នុង​តំបន់​សង្ស័យ និង​ជួយ​ដឹក​ទឹកស្អាត​ផ្គត់ផ្គង់​ដល់​អ្នកភូមិ​។ អប់រំ អនាម័យ រស់នៅ និង ហូបចុក ដល់​ប្រជាជន​ក្នុងភូមិ​។​

​ជាមួយគ្នានេះ សម្រាប់​ខេត្តក្រចេះ​ដដែល ក៏មាន​ពលរដ្ឋ​ក្មេង ចាស់ ប្រុស ស្រី ចំនួន​៤៤​នាក់ សង្ស័យ​ពុល​នំ​អន្សមអាំង ស្ថិតនៅ​ភូមិ​ប្រម៉ា ឃុំ​កំពង់​ដំរី ស្រុក​ឆ្លូង​។ នៅ​ក្នុងនោះ មាន​អ្នករងគ្រោះ​ធ្ងន់ធ្ងរ​ចំនួន​២៨​នាក់​។ លោក លី សុវណ្ណ អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល បាន​ថ្លែងថា ការពុល​នំ​អន្សមអាំង​នេះ គឺ​កើតមាន​តាំងពី​ថ្ងៃទី​០៦ ខែឧសភា​មក ដោយសារតែ​នំ​អន្សមអាំង ខ្វះ​ភាព​អនាម័យ និង​ការ​ទុកដាក់​មិន​ត្រឹមត្រូវ​។ តែ​យ៉ាងណា​ករណី​ពុល​នេះ មិនបាន​បង្ក​ឱ្យ ប្រជាពលរដ្ឋ​ស្លាប់​ដូច​ពុល​ទឹកនឹង​ស្រា​ឡើយ​៕

ព័ត៌មានផ្សេងទៀត