រដ្ឋាភិបាល​ចង់បាន​សារព័ត៌មាន​ហ៊ាន​និយាយ​ការពិត និង​រិះគន់​ក្នុងន័យ​ស្ថាបនា​

03-05-2018 6:57 pm 1834
  ស្តាប់
ស្តាប់ជាសំឡេង

​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន នៅ​ថ្ងៃ​ទី​០៣ ឧសភា​នេះ បាន​ផ្ញើលិខិត​ស្វាគមន៍ ទិវា​សេរីភាព​សារព័ត៌មាន​សកលលោក ដែល​ធ្វើឡើង​ក្រោម​ប្រធានបទ «​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​នីតិរដ្ឋ​» ។​

​តាមរយៈ​សារលិខិត​នេះ ប្រមុខ​រដ្ឋាភិបាល បាន​មានប្រសាសន៍ថា «​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​នីតិរដ្ឋ​»  ជា​ប្រធាន​ដែល​មាន​សារសំខាន់ ស្របតាម​តម្រូវការ​ចាំបាច់​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​ចង់​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ មាន​ថាមពល និង​ប្រកបដោយ​គុណភាព យុត្តិធម៌ និង​ការទទួលខុសត្រូវ ក្នុង​ការផ្តល់​ព័ត៌មាន​ពិត ដែល​ជា​កញ្ចក់​ឆ្លុះបញ្ចាំង នូវ​ការពិត​ជាក់ស្តែង ក្នុងសង្គម​។ 

​លោកនាយក​រដ្ឋមន្ត្រី មានប្រសាសន៍​បន្ត​ថា ភាព​មិន​ឆ្វេង​ពេក មិន​ស្តាំ​ពេក គឺ​ចលនា​កណ្តាល​និយម ដែល​អាច​ទទួលយកបាន​ទាំងអស់គ្នា ហើយ​សំខាន់​បំផុត គឺ​ហ៊ាន​និយាយ​ការពិត និង​រិះគន់​ក្នុងន័យ​ស្ថាបនា ដើម្បី​ចូលរួម​ក្នុង​ការលើកស្ទួយ​លទ្ធិប្រជាធិបតេយ្យ កសាង​សង្គម​មួយ​មាន​យុត្តិធម៌ នីតិរដ្ឋ សុខសន្តិភាព និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព ដែល​ជា​បំណងប្រាថ្នា និង​ជា​ចក្ខុវិស័យ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។​

​លោក ឆាយ សុផល សាស្ត្រាចារ្យ​សារព័ត៌មាន បាន​បង្ហាញ​ការគាំទ្រ ចំពោះ​ការលើកឡើង​របស់​រដ្ឋាភិបាល ដែល​ចង់បាន​សារព័ត៌មាន​ហ៊ាន​និយាយ​ការពិត និង​ចលនា​កណ្តាល​និយម ក្នុង​ការឆ្លុះបញ្ចាំង​ពី​តថភាព​ពិត នៅក្នុង​សង្គម​។ ប៉ុន្តែ​ក៏​អាច​មាន​ករណីខ្លះ សារព័ត៌មាន​ត្រូវបាន​រារាំង ដោយសារតែ​មាន​មន្ត្រី​ថ្នាក់ក្រោម​ជាតិ មួយចំនួន មិន​បាន​យល់​ច្បាស់​ពី​សិទ្ធិ​សេរីភាព​សារព័ត៌មាន​។​

សំឡេង​

​រយៈពេល​ជាង​២០​ឆ្នាំ នៃ​អាជីព​ជា​អ្នកសារព័ត៌មាន លោកពុយ គា បានបញ្ជាក់​ថា លោក​មិន​ដែល​ឃើញ​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល ដាក់​សម្ពាធ ឬ​កៀបសង្កត់​លើ​សារព័ត៌មាន​នោះទេ​។ ប៉ុន្តែ​បុគ្គល​ជា​អ្នកសារព័ត៌មាន​ខ្លួនឯង ជា​អ្នក​ជ្រើសរើស ក្នុង​ការសរសេរ​លម្អៀង ឬ​កណ្តាល​។ លោកពុយ គា ផ្តល់​ជា​មតិ​ថា ដើម្បី​ឲ្យមាន​ការគោរព ទទួលស្គាល់ និង​ការ​ឲ្យ​តម្លៃ អ្នកសារព័ត៌មាន គួរតែ​ជ្រើសរើស​នូវ​ការសរសេរ​ព័ត៌មាន​ឲ្យនៅ​“​កណ្តាល​”​។​

សំឡេង​

​ការបិទ​វិទ្យុ​អាស៊ីសេរី និង​អង្គការ​សង្គម​ស៊ីវិល​មួយចំនួន ពី​សំណាក់​រាជរដ្ឋាភិបាល នា​ពេលកន្លងមក ត្រូវបាន​សង្គម​ស៊ីវិល​មួយចំនួន មើលឃើញថា គឺជា​ការបិទ​សិទ្ធិសេរីភាព ក្នុង​ការនិយាយ ផ្សព្វផ្សាយ​អ្វី​ដែល​ជា​ការពិត នៅ​កម្ពុជា​។​

​យ៉ាងណាមិញ ជុំវិញ​បញ្ហា​នេះ ត្រូវបាន​លោក​ឆាយ សុផល បញ្ជាក់ថា តើ​ស្ថាប័ន​សារព័ត៌មាន តែ​កំពុង​ប្រតិបត្តិការ​បច្ចុប្បន្ន​នេះ សុទ្ធតែ​ជា​សារព័ត៌មាន​ដែល​មិន​និយាយ​ពី​ការពិត​? លោក​ឆាយ សុផល ស្នើ​ឲ្យ​ក្រឡេក​មើល​ពី​ទិដ្ឋភាព​ច្បាប់ ចំពោះ​ការបិទ​ស្ថាប័ន​ទាំងនោះ​។​

សំឡេង

​សូមបញ្ជាក់​ថា សមាគម​កម្ពុជា​ការពា​រ​អ្នកកាសែត បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ស្ថានភាព​នៃ​សេរីភាព​សារព័ត៌មាន នៅ​កម្ពុជា ថា​មាន​ភាពល្អប្រសើរ​ជាង​គេ​បំផុត នៅក្នុង​ចំណោម​ប្រទេស​ជា​សមាជិក​អាស៊ាន​។ នេះ​គឺ​ដោយសារ តែ​មាន​ការប្តេជ្ញាចិត្ត​រួម​គ្នា​រវាង​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​រាជរដ្ឋាភិបាល​កម្ពុជា ខណៈ​ការបញ្ចេញមតិ ត្រូវបាន​បើកចំហរ​ដោយ​ស្មើភាព ដោយ​គ្មាន​ការរើសអើង ការប្រកាន់​បក្សពួក ឬ​និន្នាការ​នយោបាយ​អ្វី​ឡើយ​។​

​ប៉ុន្តែ​ទន្ទឹម​នឹង​នេះ សមាគម​កម្ពុជា​ការពា​រ​អ្នកកាសែត បាន​សម្តែង​ការព្រួយបារម្ភ​ចំពោះ​បញ្ហា ព័ត៌មាន​ក្លែងក្លាយ ដែល​ជន​មួយចំនួន បង្កើតឡើង​ដើម្បី​គោលបំណង​នយោបាយ បង្ក​ចលាចល និង​បង្កឲ្យមាន​ភាពវឹកវ​រ ក្នុង​ប្រទេស​ជាតិ បង្ក​អន្តរាយ​ដល់​សន្តិសុខ និង​សណ្តាប់ធ្នាប់​សាធារណៈ​ជា​ដើម​។ ក៏ដូចជា​បញ្ហា​មួយចំនួន ដែល​បង្កឡើង​ដោយ​សារព័ត៌មាន​ដើរតួនាទី​ជា​ម៉ាហ្វីយ៉ា ដើរ​ជំរិត​ទារប្រាក់ សារព័ត៌មាន​អត់​ច្បាប់ មិន​គោរព​ច្បាប់ និង​បន្លំ​ប្រាក់​មិន​បង់ពន្ធ និង​សារព័ត៌មាន មាន​តែ​ឈ្មោះ​មិន​មាន​សកម្មភាព​ជា​ដើម​៕ ដោយៈ​សៅ វិសាល​

ព័ត៌មានផ្សេងទៀត