គណបក្ស​ឆន្ទៈ​ខ្មែរ​នឹង​គ្មាន​ឈ្មោះ​ក្នុង​បញ្ជី បើ​មិន​បំពេញ​លក្ខខណ្ឌ​ឲ្យបាន​មុន​ថ្ងៃ​១៤​ឧសភា​

01-05-2018 5:18 pm 1430
  ស្តាប់
ស្តាប់ជាសំឡេង

​បើ​ទោះបីជា​គណបក្ស “​ឆន្ទៈ​ខ្មែរ​” ត្រូវបាន​ទទួល​ការអនុញ្ញាត​ឲ្យ​បង្កើត ពី​ក្រសួង​មហាផ្ទៃ យ៉ាងណាក៏ដោយ ក៏​គណបក្ស​ដ៏​ក្មេងខ្ចី​មួយ​នេះ ត្រូវ​ស្វែងរក​ស្នាម​មេដៃ​ពី​អ្នកគាំទ្រ ចំនួន​៤​ពាន់ ដើម្បី​ទទួលបាន​សិទ្ធិ​ក្នុង​ការចុះបញ្ជី​គណបក្សនយោបាយ ស្របតាម​ច្បាប់​។ គណបក្ស​ឆន្ទៈ​ខ្មែរ មាន​ពេលវេលា​ត្រឹម​ថ្ងៃ​ទី​១៤ ឧសភា តែប៉ុណ្ណោះ​។ 

​ទន្ទឹម​នឹង​ការប្រមែប្រមូល ស្នាម​មេដៃ​អ្នកគាំទ្រ គណបក្ស​ឆន្ទៈ​ខ្មែរ ដែល​គេ​ស្គាល់​ថា ជា​គណបក្ស​ថ្មី​មួយ​របស់​លោក គង់ មុនី​កា កូនប្រុស​ពៅ​របស់ លោក គង់ គាំ គ្រោង​នឹង​ដាក់​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នៅ​ទូទាំង​២៥​មណ្ឌល (២៥​រាជធានី​-​ខេត្ត​) 

​លោក ហ៊ីង យឿន អ្នកនាំពាក្យ​គណបក្ស​ឆន្ទៈ​ខ្មែរ បាន​ប្រាប់​សារព័ត៌មាន​Fresh News ថា គណបក្ស​ឆន្ទៈ​ខ្មែរ គ្រោង​នឹង​ដាក់​បេក្ខជន​ឈរឈ្មោះ បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ នៃ​រដ្ឋសភា នៅ​ទូទាំង​២៥​មណ្ឌល ដែល​មាន​បេក្ខជន​ពេញសិទ្ធិ​ចំនួន ១១៧​រូប និង​បម្រុង​ចំនួន ១១៧​រូប​ដែរ​។ ដោយឡែក លោក គង់ មុនី​កា អាច​នឹង​នៅ​ឈរ​ឈ្មោះ​តំណាងរាស្ត្រ នៅ​មណ្ឌល​ភ្នំពេញ ប៉ុន្តែ​ផែនការ​លម្អិត​យ៉ាងណា​នោះ មិនទាន់​ជាក់ច្បាស់​នៅឡើយ​ទេ​។​

​លោក ហ៊ីង យឿន បានបញ្ជាក់​ថា ថ្វី​ដ្បិត​ក្រសួងមហាផ្ទៃ បាន​ប្រកាស​ទទួលស្គាល់​ជូន​គណបក្ស​ឆន្ទៈ​ខ្មែរ​រួចរាល់​ហើយ​ក្ដី ប៉ុន្តែ​គណបក្ស​ក្មេង​វ័យ​មួយ​នេះ នៅ​មិន​ទាន់​រក​ស្នាម​មេដៃ​ពី​អ្នកគាំទ្រ​គ្រប់​ចំនួន ៤,០០០​នាក់ នៅឡើយ​ទេ​។ បញ្ហា​នេះ ថ្នាក់ដឹកនាំ​គណបក្ស​ក៏​កំពុង​ដុតដៃដុតជើង​ប្រមែប្រមូល​ផងដែរ​។​

​អ្នកនាំពាក្យ​រូប​នេះ បន្ថែមថា គណបក្ស​ឆន្ទៈ​ខ្មែរ បង្កើតឡើង មាន​គោលបំណង ដើម្បី​ប្រមូល​ឆន្ទៈ​ប្រជាពលរដ្ឋ​ខ្មែរ ក៏ដូចជា​ដាស់​ស្មារតី​ប្រជាពលរដ្ឋ​ខ្មែរ ដែល​ធ្លាប់​គាំទ្រ​អតីត​គណបក្សប្រឆាំង កាលពី​ឆ្នាំ​២០១៣ និង​ឆ្នាំ​២០១៧ ឡើងវិញ​។ ក្រៅពីនេះ ក៏​ដើម្បី​ប្រមូល​ប្រជាពលរដ្ឋ​ខ្មែរ​ដទៃទៀត​ដែល​មាន​ការ​ភ្ញាក់រលឹក និង​មាន​ការ​ខ្វល់ខ្វាយ​ពី​រឿង​បញ្ហា​ជាតិ​ផង​ដែរ​។​

​លោក គង់ មុនី​កា ស្ថាបនិក​គណបក្ស​ឆន្ទៈ​ខ្មែរ ធ្លាប់បាន​អះអាង​ថា ការបង្កើត​គណបក្ស​នេះ មានបំណង ដើម្បី​ឲ្យក្លាយ​ទៅ​រូបកាយ​ថ្មី​មួយ របស់​ព្រលឹង​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​វិលវល់ រក​កន្លែង​ចាប់កំណើត​មិនទាន់​ឃើញ​។ ដោយឡែក លោក​គង់ គាំ ក៏​ធ្លាប់​បាន​បញ្ជាក់ថា បើ​កូន​ប្រុស​លោក​មិន​បង្កើត​គណបក្ស​នេះ​ទេ ពេលនោះ រដ្ឋសភា នឹង​ក្លាយជា​សភា​ឯក​បក្ស ដូច​ព្រឹទ្ធសភា​មិន​ខាន​។ លោក​គង់ គាំ មាន​សុទិដ្ឋិនិយម​ថា គណបក្ស​ឆន្ទៈ​ខ្មែរ របស់​កូន​ប្រុស​លោក នឹង​ទទួលបាន​ការគាំទ្រ​ពី​ម្ចាស់​ឆ្នោត ដែល​កំពុង​អន្ទះសា​ចង់​ផ្លាស់ប្តូរ​។​

​ប៉ុន្តែ​យ៉ាណា​ក៏ដោយ គណបក្ស​ឆន្ទៈ​ខ្មែរ នឹង​មិន​មាន​ឈ្មោះ​ក្នុង​បញ្ជី​គណបក្ស​នយោបាយ​ឡើយ ប្រសិនបើ​មិន​បាន​បំពេញ​តាម​លក្ខណ​ខណ្ឌ​គ្រប់គ្រាន់ ឲ្យបាន​មុន​ថ្ងៃ​ទី​១៤ ឧសភា​។​

គិត​ត្រឹម​ថ្ងៃទី​០១ ខែ​ឧសភា​នេះ គឺជា​ថ្ងៃ​ទី​២ នៃ​ការចុះបញ្ជី​គណបក្សនយោបាយ និង​ការចុះឈ្មោះ​បេក្ខជន​តំណាងរាស្ត្រ​។ ដោយ​ក្នុង​នោះ មាន​គណបក្សនយោបាយ​ចំនួន​២​គណបក្ស​ហើយ ដែល​បាន​មក​ដាក់​ពាក្យសុំ​ចុះបញ្ជី​គណបក្សនយោបាយ និង​ពាក្យសុំ​ចុះ​ឈ្មោះ​បេក្ខជន​តំណាងរាស្ត្រ នៅ គ​.​ជ​.​ប គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​យុវជន​កម្ពុជា​។ នេះ​បើ​តាម​ការបញ្ជាក់​ពី​មន្ត្រី​អ្នកនាំពាក្យ​គ​.​ជ​.​ប​។​

​សូមជម្រាបថា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ចាប់ផ្តើម​ការចុះបញ្ជី​គណបក្ស​នយោបាយ​ឈរឈ្មោះ​បោះឆ្នោត និង​បញ្ជី​ឈ្មោះ​បេក្ខជន​តំណាងរាស្ត្រ សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ ចាប់ពី​ថ្ងៃ​ទី​៣០ ខែ​មេសា ដល់​ថ្ងៃ​ទី​១៤ ខែ​ឧសភា ឆ្នាំ​២០១៨៕ ដោយៈ​សៅ វិសាល​

ព័ត៌មានផ្សេងទៀត