ពន្លឺ​សន្ដិភាព​​ចាប់ផ្ដើម​​លេច​រូបរាង​​លើ​ឧបទ្វីប​កូរ៉េ​?

01-05-2018 4:16 pm 1002
លោកគីម ជុងអ៊ុន​(ឆ្វេង)និងលោកមូន ជែអ៊ីន

​ជាក់ស្ដែង​ណាស់​ថា​ការផ្លាស់ប្ដូរ​ស្ថានការណ៍​នៅលើ​ឧបទ្វីប​កូរ៉េ ពិតជា​ធ្វើឲ្យ​ល្បី​រន្ទឺ​គ្រប់​ច្រកល្ហក​។ កិច្ចប្រជុំ​អន្ដរ​កូរ៉េ​ដែលជា​កិច្ចប្រជុំ​ប្រវត្ដិសាស្ដ្រ បាន​ជួយ​បញ្ចប់​ភ្លើងកំហឹង​រវាង​ប្រទេស​កូរ៉េ​ទាំងពីរ ជំនួស​វិញ​ដោយ​កិច្ចសហការ​ឆ្ពោះទៅរក​សន្ដិភាព​ពេញលេញ​។ ដំណឹង​នេះ​បានធ្វើឲ្យ​ប្រជាជន​កូរ៉េ​ត្រេកអរ​គ្មានអ្វី​ប្រៀបផ្ទឹម ហើយ​អន្ដរជាតិ​នាំគ្នា​សាទរ​ជា​បន្ដបន្ទាប់ និង​បង្ហាញ​ការពេញចិត្ដ​យ៉ាងខ្លាំង​ចំពោះ​ឥរិយាបថ​ទន់ភ្លន់​រប​ស់លោក​គីម ជុង​អ៊ុន​។ តើ​ពន្លឺ​សន្ដិភាព​ចាប់ផ្ដើម​លេច​រូបរាង​លើ​ឧបទ្វីប​កូរ៉េ​ហើយ​ឬ​? ដល់ពេល​ហើយ​ដែល​កូរ៉េខាងជើង​ត្រូវ​ផ្លាស់ប្ដូរ​គោលនយោបាយ​ការបរទេស​? 

​ជា​បន្ដ​សូម​ស្ដាប់​សេចក្ដីរាយការណ៍​ពី​ពេញ ផេង​នៅក្នុង​នាទី​វិភាគ​ព្រឹត្ដិការណ៍​អន្ដ​រ​ជាតិ​ដូចតទៅ​៖

​សំឡេង​៖

​ការផ្ទុះ​សង្គ្រាម​រវាង​កូរ៉េ​ទាំងពីរ​

​សង្គ្រាម​កូរ៉េ​បាន​ផ្ទុះឡើង​ពី​ថ្ងៃទី​២៥​ខែមិថុនា​ឆ្នាំ​១៩៥០ ដល់​ថ្ងៃទី​២៧​ខែកក្កដា​ឆ្នាំ​១៩៥៣​។ សង្គ្រាម​នេះ​បានសម្លាប់​មនុស្ស​សរុប​ប្រមាណ​ជាង​២​លាន​នាក់​។ ក្រោយ​បញ្ចប់សង្គ្រាម​កូរ៉េ​ត្រូវ​បែងចែក​ជា​ពីរ​គឺ​កូរ៉េខាងត្បូង​និង​កូរ៉េខាងជើង​។ ក្នុងពេល​ប្រយុទ្ធ​គ្នា​កូរ៉េខាងត្បូង​មាន​អាមេរិក​ជា​អ្នកគាំទ្រ ដោយឡែក​កូរ៉េខាងជើង​មាន​ចិន​និង​សហភាពសូវៀត​ជា​អ្នក​នៅ​ពីក្រោយ​។ ដ្បិតថា​សង្គ្រាម​បានបញ្ចប់ ប៉ុន្ដែ​បញ្ចប់​ត្រឹម​បទ​ឈប់​បាញ់​ប៉ុណ្ណោះ ទើប​មាន​ការព្រួយបារម្ភ​គ្រប់ពេល​ខ្លាច​ផ្ទុះ​សង្គ្រាម​ជាថ្មី​។​

​តាំងពី​បញ្ចប់សង្គ្រាម​បងប្អូន​កូរ៉េ​ទាំងពីរ​មិន​ដែលមាន​ក្ដី​សុខ​នឹង​គ្នា​ឡើយ តែង​ប៉ះទង្គិច​ជា​ញឹកញាប់ មិន​ថា​ដោយ​ពាក្យសម្ដី​ឬ​ការផ្ទុះអាវុធ គ្រាន់តែ​ថា​ផ្ទុះអាវុធ​ជា​លក្ខណៈ​ទ្រង់ទ្រាយ​តូច​។ ស្ថិតក្រោម​ការដឹកនាំ​រៀងៗ​ខ្លួន កូរ៉េខាងត្បូង​និង​កូរ៉េខាងជើង​ចេះតែ​ចងកំហឹងរ​ករឿង​គ្នា​មិន​ឈប់​។ កូរ៉េខាងត្បូង​ចោទ​កូរ៉េខាងជើង​ផលិត​អាវុធ​នុយក្លេអ៊ែរ បាញ់​មី​ស៊ី​ល បង្ក​អស្ថិរភាព​នៅក្នុង​តំបន់​។ កូរ៉េខាងជើង​ចោទ​កូរ៉េខាងត្បូង​ចាប់ដៃ​អាមេរិក​ចង់​ឈ្លានពាន​ទឹកដី ជាហេតុ​ធ្វើឲ្យ​គេ​ផលិត​អាវុធ​នុយក្លេអ៊ែ​រ​ទុក​ការពារ​ខ្លួន​។ ការប្រកាន់​គោលជំហរ​ចោទ​ដាក់គ្នា ធ្វើឲ្យ​បងប្អូន​សាច់ឈាម​តែមួយ ប្រែក្លាយជា​សត្រូវ​ស៊ីសាច់ហុតឈាម​ទៅវិញ​។ 

​និយាយ​ពី​ប្រជាជន​កូរ៉េ​ត្រូវ​បែងចែក​ជា​ពីរ​ដូចគ្នា គឺ​ត្រូវ​ព្រាត់ប្រាស​សាច់ញាតិ​បងប្អូន អ្នកខ្លះ​រស់នៅ​កូរ៉េខាងជើង អ្នកខ្លះ​រស់នៅ​កូរ៉េខាងត្បូង​ក្រោយ​បញ្ចប់សង្គ្រាម​។ ទោះបី​មានការ​ផ្ដល់ឱកាស​ឲ្យ​ជួបគ្នា​ក៏ពិតមែន ប៉ុន្ដែ​ពេលវេលា​ជួបគ្នា​ម្ដងម្កាល​នេះ​មិន​គ្រប់គ្រាន់​សម្រាប់​ពួកគេ​ឡើយ​។ មិន​ថា​ប្រជាជន​កូរ៉េខាងត្បូង​ឬ​កូរ៉េខាងជើង​សុទ្ធតែ​ចង់បាន​ការរួបរួម ពួកគេ​មិន​ចង់​ជួប​ការឈឺចាប់​តាមដាន​ប្រវត្ដិសាស្ដ្រ​សង្គ្រាមឆ្នាំ​១៩៥០-៥៣​ទេ​។ ការចង់បាន​របស់​ប្រជាជន​ជា​រឿង​ផ្សេង ការចង់បាន​របស់​មេ​ដឹកនាំ​ប្រទេស​ជា​រឿង​ផ្សេង​មួយទៀត​។ មេដឹកនាំ​ប្រទេស​ទាំងពីរ​តាំងពី​បញ្ចប់សង្គ្រាម បន្ដ​ពីមួយ​ទៅមួយ​មិនដែល​មើលមុខ​គ្នា​ចំ ពោល​តែង​ពាក់មុខយក្ស​ដាក់គ្នា​ជានិច្ច ដោយសារ​លក្ខខណ្ឌ​ចរចា​មិន​ត្រូវរ៉ូវ​។​

​រឿង​ប្រវត្ដិសាស្ដ្រ​បានកើតឡើ​ង​លើ​ឧបទ្វីប​កូរ៉េ​

​នៅ​ទីបំផុត​រឿង​ប្រវត្ដិសាស្ដ្រ​បានកើតឡើ​ង​លើ​ឧបទ្វីប​កូរ៉េ ក្រោយ​ការ​បន្ទន់ឥរិយាបថ​ដ៏​ទន់ភ្លន់​របស់​មេដឹកនាំ​វ័យ​ជាង​៣០​ឆ្នាំ​កូរ៉េខាងជើង​លោក​គីម ជុង​អ៊ុន​។ ក្នុង​របប​ដឹកនាំ​របស់លោក​គីម កូរ៉េខាងជើង​ធ្វើឲ្យ​អន្ដរជាតិ​ខឹងសម្បា​ខ្លាំងជាងមេ​ដឹកនាំ​គីម អ៊ី​ល​សុង និង​គីម ជុងអ៊ីល​ទៅទៀត​។ លោក​គីម ជុង​អ៊ុន​បាន​បញ្ជា​ឲ្យធ្វើ​តេស្ដ​អាវុធ​នុយក្លេអ៊ែរ​និង​មី​ស៊ី​ល​ជា​ច្រើនលើកច្រើនសារ​។ ប៉ុន្ដែ​មិន​ថា​ពីមុន​មាន​ជំហរ​ម៉ឺងម៉ាត់ ពេលនេះ​គ្រប់យ៉ាង​បាន​ផ្លាស់ប្ដូរ​។ រយៈពេល​៦៥​ឆ្នាំក្រោយ​បញ្ចប់សង្គ្រាម ថ្ងៃទី​២៧​ខែមេសា​ឆ្នាំ​២០១៨​ជា​ថ្ងៃ​ដែល​ប្រជាជន​កូរ៉េ​ទាំងពីរ​សប្បាយចិត្ដ​ជាងគេ​បំផុត​។ នោះ​ជា​ថ្ងៃ​នៃ​កិច្ច​ជំនួប​រវាង​មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុង​អ៊ុន និង​ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក​មូន ជែ​អ៊ីន​។ 

​ក្រោយ​កិច្ច​ជំនួប​អន្ដរ​កូរ៉េ​ជា​ប្រវត្ដិសាស្ដ្រ ចំណុច​សំខាន់ៗ​ជាច្រើន​ត្រូវបាន​ឯកភាពគ្នា ជាក់ស្ដែង​មាន​ការព្រមព្រៀង​លុបបំបាត់​អាវុធ​នុយក្លេអ៊ែរ​ចេញពី​ឧបទ្វីប​កូរ៉េ ដែលជា​ឆ្អឹង​ទទឹង​ក​ក្នុង​ដំណើរការ​ស្វែងរក​សន្ដិ​ភាព​។ កូរ៉េ​ទាំងពីរ​សន្យា​បញ្ឈប់​រាល់​ទង្វើ​បង្កហេតុ ព្រមព្រៀង​បង្កើតឲ្យមាន​កិច្ចពិភាក្សា​ញឹកញាប់​បំផុត​តាម​ដែល​អាច​ធ្វើបាន ក្នុង​គោលបំណង​ស្វែងរក​សន្ដិភាព និង​ឈានទៅរក​ការបង្រួបបង្រួម​។ នៅមាន​លទ្ធផល​វិជ្ជមាន​ជាច្រើន​ទៀត ដែល​ប្រជាជន​កូរ៉េ​រំភើប​ឡើង​ស្រក់​ទឹកភ្នែក​ក្រោយ​ចេញ​សេចក្ដីប្រកាស​រួម​។ អារម្មណ៍​ប្រជាជន​កូរ៉េ​ពិតជា​ក្ដុកក្ដួល​រក​អ្វី​ថ្លែង​ពុំបាន បើ​ថា​មិនអាច​រួបរួមគ្នា​ជា​កូរ៉េ​តែមួយ​ក៏ដោយចុះ ឲ្យតែ​មាន​សន្ដិភាព​នឹង​គ្នា មាន​ទំនាក់ទំនង​ល្អ​នឹង​គ្នា​ទៅ​គ្រប់គ្រាន់​ហើយ​។ នោះ​ក៏​ធ្វើឲ្យ​ពួកគេ​គេងល​ក់​ស្រួល លែង​ភ្ញាក់ផ្អើល​ដោយសារ​សំឡេង​បាញ់​មី​ស៊ី​ល​របស់​កូរ៉េខាងជើង​ទៀត​។​

​អន្ដរជាតិ​នាំគ្នា​សាទរ​ដល់​កិច្ច​ជំនួប​អន្ដរ​កូរ៉េ​

​មិន​ត្រឹម​រញ្ជួយ​លើ​ឧបទ្វីប​កូរ៉េ កិច្ចប្រជុំ​ជា​ប្រវត្ដិសាស្ដ្រ​បានធ្វើឲ្យ​ល្បី​រន្ទឺ​ដល់​ពិភពលោក​។ ប្រទេស​នានា​នៅក្នុង​ពិភពលោក​មាន​អាមេរិក រុស្ស៊ី ចិន ជប៉ុន​ជាដើម បាន​សម្ដែង​ក្ដី​ត្រេកអរ​ឥតឧបមា​។ ប្រទេស​មួយៗ​បាន​កោតសរសើរ​ដល់​លោក​គីម ជុង​អ៊ុន ចំពោះ​ឥរិយាបថ​ផ្លាស់ប្ដូរ​មិន​នឹកស្មាន​ដល់​។ ពី​មុនគេ​ចោទថា​លោក​គីម ជុង​អ៊ុន​ជា​មនុស្ស​ល្ងីល្ងើ ជា​មេដឹកនាំ​ក្មេងខ្ចី​មិនដឹងខ្យល់​អី ប៉ុន្ដែ​ពេលនេះ​លោក​បាន​ក្លាយជា​វីរបុរស​គួរឲ្យ​គោរព​។ អាមេរិក​ដែល​ធ្លាប់ជា​គូសត្រូវ​ស្ទើរ​ផ្ទុះអាវុធ​ម្ដងៗ បែរ​ងាក​មក​សរសើរ​កូរ៉េខាងជើង ហើយ​ប្រធានាធិបតី​អាមេរិក​ក៏​ព្រម​ជួប​មេដឹកនាំ​កូរ៉េខាងជើង​ឆាប់ៗ​។ នោះ​ជា​កិច្ច​ជំនួប​ក្នុង​ប្រវត្ដិសាស្ដ្រ​មួយទៀត ជជែក​ពី​ដំណើរការ​រំលាយចោល​នុយក្លេអ៊ែរ​លើ​ឧបទ្វីប​កូរ៉េ​។​

​និយាយ​រួម​ទៅ ស្ថានភាព​ប្រែប្រួល​នៅលើ​ឧបទ្វីប​កូរ៉េ ពិតជា​ធ្វើឲ្យរញ្ជួយ​ដល់​បេះដូង​ប្រជាជន​កូរ៉េ​ទាំង​ពីរ និង​ល្បី​រន្ទឺ​ពេញ​ពិភពលោក​។ សម្លឹងមើល​ឲ្យ​ជា​ក់ទៅ វា​ក៏​ដល់ពេល​ហើយ​ដែល​លោក​គីម ជុង​អ៊ុន​ត្រូវ​ផ្លាស់ប្ដូរ​ចរិត​ដឹកនាំ​របស់លោក​។ ប្រទេស​មហាអំណាច​សូម្បីតែ​សម្ព័ន្ធមិត្ដ​ជិតស្និទ្ធ​បំផុត​ចិន រុស្ស៊ី​ក៏​មិន​ពេញចិត្ដ​នឹង​ទង្វើ​កូរ៉េខាងជើង​មួយ​រយៈពេល​ចុងក្រោយ​នេះដែរ​។ ទណ្ឌកម្ម​ពី​អង្គការសហប្រជាជាតិ ទណ្ឌកម្ម​ជា​ឯកតោ​ភាគី បានដាក់​បន្ដកន្ទុយ​លើ​កូរ៉េខាងជើង​ជុំវិញ​កម្មវិធី​នុយក្លេអ៊ែ​រ​។ ក្នុងនោះ​មាន​ទាំង​ការ​រឹត​បន្ដឹង​ផ្នែក​ការទូត​និង​ការ​រាំងខ្ទប់​ផ្នែក​សេដ្ឋកិច្ច​។ 

​ចំពោះ​ជីវភាព​រស់នៅ​របស់​ប្រជាជន​កូរ៉េខាងជើង ខុសគ្នា​ឆ្ងាយ​ពី​ប្រជាជន​កូរ៉េខាងត្បូង ហេតុនេះ​បើ​មិន​កែប្រែ​ការដឹកនាំ កូរ៉េខាងជើង​ច្បាស់​ណាស់​មិនអាច​គេច​ផុតពី​ការ​ព្រួត​គាបសង្កត់​របស់​អន្ដរជាតិ​ឡើយ​។ គេ​ទទួលស្គាល់ថា​កូរ៉េខាងជើង​មាន​នុយក្លេអ៊ែរ​គំរាម​ពិភពលោក តែ​កុំភ្លេចថា​បើ​កូរ៉េខាងជើង​ហ៊ាន​យក​នុយក្លេអ៊ែរ​ធ្វើជា​ត្រីមុខ កូរ៉េខាងជើង​អាច​នឹង​វិនាស​ដោយសារ​នុយក្លេអ៊ែរ​ដូចគ្នា ដ្បិត​សត្រូវ​កូរ៉េខាងជើង​ក៏​មិន​ធម្មតា​។ វា​គ្មានអ្វី​ចំណេញ​ឡើយ​បើ​ហ៊ាន​លេងល្បែង​នុយក្លេអ៊ែរ មានតែ​ធ្វើឲ្យ​ខាតបង់​ធ្ងន់ធ្ងរ​គ្មាន​ថ្ងៃ​សង្គ្រោះ​។ រឿង​សំខាន់​ពិតប្រាកដ​គឺ​ស្វែងរក​សេចក្ដីសុខ​ជូន​ប្រជាជន ធ្វើឲ្យ​ប្រទេស​អភិវឌ្ឍទៅ​មុខ និង​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​អន្ដរជាតិ ប្រសើរ​ជាង​រស់នៅ​តែឯង​ឯកោ ដែល​សូម្បី​ពេល​ស្លាប់ទៅ​ក៏​គ្មាន​អ្នក​ជួយ​ធ្វើបុណ្យ​ឲ្យ​៕

ព័ត៌មានផ្សេងទៀត