លោក​ប្រាក់​សុខុន​លើកឡើង​អ្វីខ្លះ​នៅក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើ​ក​ទី​៣២?

28-04-2018 4:40 pm 942
  ស្តាប់
ស្តាប់ជាសំឡេង

​លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​សម្តែង​ការព្រួយបារម្ភ​អំពី​ភាព​មិន​ច្បាស់លាស់​ជា​សកល និន្នាការ​កើនឡើង​នៃ​ការ​គាំពារ​និយម​ជុំវិញ​ពិភពលោក និង​លទ្ធភាព​កើនឡើង​នៃ​សង្គ្រាម​ពាណិជ្ជកម្ម ដែល​វា​អាច​ជា​ផលប៉ះពាល់​ចំពោះ​ការកសាង​សហគមន៍​អាស៊ាន ។ លោក​លើកឡើង​ថា អាស៊ាន​ត្រូវ​មាន​ភាពចាំបាច់​ក្នុង​ការរក្សា​ភាពរឹងមាំ​សេដ្ឋកិច្ច និង​វិបុលភាព ។ ការកសាង​សហគមន៍​អាស៊ាន​ត្រូវតែ​ទទួលយក​បដិវត្ត​ឧស្សាហកម្ម​ជំនាន់​ទី​៤ អាស៊ាន​មាន​ភាពចាំបាច់​បន្ត​ដោះស្រាយ​គម្លាត​អភិវឌ្ឍន៍​រវាង​សមាជិក​អាស៊ាន​ចាស់ និង​ថ្មី ថ្វី​ត្បិត​តែ​គម្លាត​នេះ បាន​ខិត​ជិត​បន្តិច​ម្តងៗ នៅពេល​ដែល​ប្រទេស​កម្ពុជា ឡាវ មី​យ៉ាន់​ម៉ា និង​វៀតណាម មាន​អត្រា​កំណើន​សេដ្ឋកិច្ច​ថេរ​ក៏ដោយ ។​

​ក្នុង​ការដោះស្រាយ​ទំនាក់ទំនង​ខាង​ក្រៅ​របស់​អាស៊ាន លោក ប្រាក់ សុខុន បាន​ថ្លែងថា ទំនាក់ទំនង​តានតឹង​រវាង​គូប្រជែង​មហាអំណាច នឹង​ធ្វើឱ្យមាន​ការលំបាក​ដល់​ប្រទេស​អាស៊ាន​ក្នុង​ការជ្រើសរើស​មិត្ត ។ លោក​បាន​គូសបញ្ជាក់​ពី​សន្ទុះ​វិជ្ជមាន​ក្នុង​ទំនាក់ទំនង​ទ្វេភាគី​រវាង​ចិន និង​ជប៉ុន ដែល​អាច​នាំមក​នូវ​កិច្ចសហប្រតិបត្តិការ​បន្ថែម ក្នុង​ក្របខ័ណ្ឌ​អាស៊ាន​បូក​បី និង​ជោគជ័យ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន ជាមួយ​ឥណ្ឌា និង​ជាមួយ​អូស្ត្រាលី ដែល​ជា​ចំណុចរួម​ជា​វិជ្ជមាន​សម្រាប់​កិច្ចសហប្រតិបត្តិការ​ជាមួយ​ដៃគូ​ខាងក្រៅ ។​

​ប្រមុខ​ការទូត​រូបនេះ ក៏បាន​លើកឡើង​ពី​ការវិវឌ្ឍ​នាពេល​ថ្មីៗ គឺ​មាន​ការចាប់អារម្មណ៍ លើកទឹកចិត្ត និង​មិន​ដែល​កើត​មាន​សោះ​នៅលើ​ឧបទ្វីប​កូរ៉េ ក្នុង​ប្រវត្តិសាស្ត្រ​ថ្មីៗ​នេះ ។ ការវិវឌ្ឍ​នេះ គឺជា​ការប្រឹងប្រែង​ឥតឈប់ឈរ​របស់​ប្រធានាធិបតី ម៉ូ​ន ជេ អី​ន នៅ​ក្នុង​កិច្ច​ស្វះស្វែង​របស់​គាត់​ស្តីពី គំនិត​ផ្តួចផ្តើម​បែ​ឡាំង ។ លោក​យល់ឃើញថា កិច្ចប្រជុំ​កំពូល​ចិន - សាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​កូរ៉េ នៅ​ទីក្រុង​ប៉េកាំង គឺជា​ការ​ទម្លុះទម្លាយ​ភាពទាល់ច្រក​ដ៏​សំខាន់​មួយ ។ លោក​បញ្ជាក់ថា ក្នុងឋានៈ​ជា​ប្រទេស​សម្របសម្រួល​ទំនាក់ទំនង​ដៃគូ​សន្ទនា​អាស៊ាន - សាធារណរដ្ឋ​កូរ៉េ កម្ពុជា​ផ្តល់​សារសំខាន់​ចំពោះ​ដំណោះស្រាយ​នយោបាយ​នៅ​ឧបទ្វីប​កូរ៉េ និង​ក្នុង​ការថែរក្សា​សន្តិភាព ស្ថិរភាព និង​សន្តិសុខ នៅក្នុង​តំបន់ ។​

​ចំពោះ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង លោក​បាន​បញ្ជាក់ថា រយៈពេល​២​ឆ្នាំ​កន្លង​ទៅ កិច្ចប្រឹងប្រែង​ក្នុង​ការកសាង​ភាពជឿជាក់ និង​ទំនុកចិត្ត បាន​នាំ​មក​ឱ្យ​យើង​នូវ​សមិទ្ធិផល​ដ៏​សំខាន់ ។ ការបញ្ចប់​ក្របខណ្ឌ​ការងារ​សម្រាប់​ក្រុម​ប្រតិបត្តិ​នៅ​សមុទ្រ​ចិន​ខាងត្បូង និង​ការចាប់ផ្តើម​ជា​ផ្លូវការ​នូវ​កិច្ច​ពិគ្រោះ​យោបល់​ប្រកប​ដោយ​ខ្លឹមសារ ។ បរិយាកាស​ទូទៅ​មាន​សភាព​សមស្រប​សម្រាប់​កិច្ចចរចា​ផ្លូវការ ស្តី​ពី​ក្រុម​ប្រតិបត្តិ ។ ដំណើរការ​ប្រតិបត្តិ​អាច​មាន​រយៈពេល​យូរ និង​ស្មុគស្មាញ ប៉ុន្តែ​យ៉ាងហោចណាស់ ក៏​កំពុង​ដំណើរការ​ទៅមុខ ។ 

​បណ្តា​គំនិត​ផ្តួចផ្តើម​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក ដែល​ហាក់​សំដៅ​ដល់​ភាព​កាន់តែ​សំខាន់​នៃ​ភូមិសាស្ត្រ​-​យុទ្ធសាស្ត្រ និង​ការទទួលស្គាល់​ទស្សនទាន​ឥ​ណ្ឌូ​-​ប៉ាស៊ីហ្វិក ហើយ​បាន​បង្ហាញ​ទស្សនៈ​ថា ប្រសិនបើ​មិន​មាន​ការគ្រប់គ្រង​សមស្រប ការវិវឌ្ឍ​នេះ អាច​នឹង​ប៉ះពាល់​ខ្លាំងក្លា​ដល់​ឯកភាព និង​តួនាទី​ស្នូល​របស់​អាស៊ាន ។​

​លោក​បាន​ប្រកាសថា កម្ពុជា​មាន​ឆន្ទៈ​នាំមុខ​សម្រាប់​សកម្មភាព លើកកម្ពស់​ការចូលរួម​យ៉ាង​សកម្ម​របស់​សមាជិក​អាស៊ាន នៅក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ថែរក្សា​សន្តិភាព និង​កសាង​សន្តិភាព​ក្រោយ​ជម្លោះ​ស្របតាម​សមត្ថភាព​របស់​ប្រទេស​សមាជិក ។ លោក​ថា កម្ពុជា​នឹង​រៀបចំ​ការសិក្សា​ស្រាវជ្រាវ និង​សន្និសីទ​ដោយ​វិទ្យាស្ថាន​អាស៊ាន សម្រាប់​សន្តិភាព​និង​ការផ្សះផ្សារ ស្តីពី ការកសាង​សន្តិភាព​ក្រោយ​ជម្លោះ បទពិសោធន៍​របស់​កម្ពុជា និង​គោលនយោបាយ​ឈ្នះ - ឈ្នះ ឆ្ពោះទៅ​រក​ការផ្សះផ្សា​ជាតិ នៅ​ខែ​តុលា ឆ្នាំ​២០១៨ នៅ​ខេត្ត​សៀមរាប ។​

​លោក ប្រាក់ សុខុន បាន​ស្នើសុំ​ជំនួយ​ហិរញ្ញវត្ថុ និង​បច្ចេកទេស​សកម្ម​ថែម​ទៀត ដើម្បី​ជម្រុញ អាណត្តិ និង​ប្រតិបត្តិការ​មជ្ឈមណ្ឌល​ស​កម្ម​ភាព​មីន​តំបន់​អាស៊ាន ។ សម្រាប់​ថវិកា​ប្រតិបត្តិការ​ប្រចាំឆ្នាំ ២០១៧ - ២០១៨ កម្ពុជា​បាន​រួម​ចំណែក​ទាំងស្រុង និង​បាន​អំពាវនាវ​ដល់​សមាជិក​អាស៊ាន​ផ្សេង​ទៀត ចូលរួមចំណែក ។​

​លោក ប្រាក់ សុខុន បាន​លើក​សំណើ​តែងតាំង​លោក គង់ ភោគ អនុរដ្ឋលេខាធិការ​នៃ​ទីស្តីការ​គណៈ​មន្ត្រី ធ្វើជា​អគ្គលេខាធិការ​រង​នៃ​សហគមន៍​សង្គម​-​វប្បធម៌​អាស៊ាន អាណត្តិ​ចាប់ពី​ខែតុលា ឆ្នាំ​២០១៨ ដល់​ខែ​តុលា ឆ្នាំ​២០២១ ។​

​គូសបញ្ជាក់ថា លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​ដឹកនាំ​គណប្រតិភូ​ទៅ​ចូលរួម កិច្ចប្រជុំ​កំពូល​អាស៊ាន​លើ​ក​ទី​៣២ នៅ​ប្រទេស​សិង្ហ​បុរី ចាប់ពី​ថ្ងៃ​ទី​២៧​ដល់​ថ្ងៃ​ទី​២៨ ខែ​មេសា ឆ្នាំ​២០១៨ តប​តាម​ការអញ្ជើញ​របស់​លោក Lee Hsien Loong នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​សិង្ហ​បុរី និង​ជា​ប្រធាន​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣២ ។ 

​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើ​ក​ទី​៣២​នេះ ក្រោម​មូលបទ «​ភាពរឹងមាំ និង នវានុវត្តន៍​របស់​អា​ស៊ាន​» ដែល​នឹង​ឆ្លុះបញ្ចាំង នូវ​អភិក្រម​ដ៏​សំខាន់ ដែល​អាស៊ាន​ប្រកាន់យក ដើម្បី​រក្សា​សារៈសំខាន់​របស់​ខ្លួន ក្នុងនាម​ជា​អង្គការ​តំបន់​ដែល​ទទួលបាន​ការជឿទុកចិត្ត នៅក្នុង​ការថែរក្សា និង​លើកកម្ពស់​សន្តិភាព ស្ថិរភាព និង​វិបុលភាព ៕ (​ដោយ​៖ គង់ ឧត្តម​)​

ព័ត៌មានផ្សេងទៀត