តោះ​! មក​ស្វែងយល់​ខ្លះៗ​​ពី​មហាសមុទ្រ​​អាក​ទិក​

28-04-2018 11:28 am 1068
រូបភាព​មហា​សមុទ្រ​ទឹកកកអាកទិក

​មហាសមុទ្រ​អាកទិក​ស្ថិតនៅ​អឌ្ឍគោល​ខាងជើ​ង និង​ខាងចុង​បំផុត​នៅ​តំបន់​អាកទិក​នៃ​ប៉ូល​ខាងជើង​។ វា​គឺជា​មហាសមុទ្រ​ដែល​តូច​ជាងគេ​និង​រាក់​ជាងគេ​បង្អស់ ក្នុងចំណោម​មហាសមុទ្រ​ទាំង​០៥​។ អង្គការ​ទឹក​អន្តរជាតិ​បាន​ទទួលស្គាល់ថា វា​ជា​មហាសមុទ្រ​មួយ បើទោះជា​អ្នក​សាគរ​សាស្ត្រ​មួយចំនួន បាន​សន្មត់​ថាវា​គឺជា "​សមុទ្រ​មេ​ឌី​ទែ​រ៉ានេ​អាកទិក​" ឬ ហៅ​យ៉ាង​សាមញ្ញ​ថា "​សមុទ្រ​អាក​ទិក​" ដោយ​ចាត់ថ្នាក់​ថា​ជា "​សមុទ្រ​មេ​ឌី​ទែ​រ៉ានេ​" នៃ​មហាសមុទ្រ​អា​ត្លង់​ទិក​ក៏ដោយ​។​

​មហាសមុទ្រ​អាកទិក​ត្រូវបាន​កំណត់​រាងជា​រង្វង់​មូល និង​គ្របដណ្ដប់​លើ​ក្រឡា​ផ្ទៃ​ប្រហែល ១៤,០៥៦,០០០ គីឡូម៉ែត្រ​ការ៉េ ដែល​ស្ទើរតែ​ប៉ុន​ប្រទេស​រុស្ស៊ី​។ មហាសមុទ្រ​នេះ មាន​ឆ្នេរ​ប្រវែង ៤៥,៣៩០​គីឡូម៉ែត្រ​។​

​មហាសមុទ្រ​អាក​ទិក ត្រូវបាន​ព័ទ្ធ​ស្ទើរតែ​ជុំវិញ​ដោយ "​អឺ​រ៉ាស៊ី​" និង "​អាមេរិក​ខាងជើង​" ។ មហាសមុទ្រ​អាក​ទិក ត្រូវបាន​គ្របដណ្ដប់​មួយ​ភាគ​ធំ​ដោយ​ទឹកកក​សមុទ្រ​ពេញ​មួយឆ្នាំ​។ សីតុណ្ហភាព និង​កំហាប់​អំបិល​នៃ​មហាសមុទ្រ​អាក​ទិក ប្រែប្រួល​ទៅតាម​រដូវ​កាល ដូចជា​ការ​កក និង​រលាយ​នៃ​ទឹកកក ហើយ​កំហាប់​អំបិល​របស់​វា មាន​កម្រិត​ទាប​ជាង​កំហាប់​អំបិល​មធ្យម​នៃ​មហាសមុទ្រ​ផ្សេងទៀត​។ មូលហេតុ ដោយសារតែ "​រំ​ហួត​" មាន​កម្រិត​ទាប ទឹកសាប​មាន​បរិមាណ​ច្រើន​ហូរ​ចាក់​ពី​ទន្លេ និង​ប្រភពទឹក​ជាច្រើន ព្រមទាំង​តំណ​ភ្ជាប់ និង​លំហូរ​ចេញទៅ​ផ្ទៃ​ទឹក​នៃ​មហាសមុទ្រ​ខាងក្រៅ ដែលមាន​កំហាប់​អំបិល​ខ្ពស់ជាង​មាន​កម្រិត​។ 

​នា​រដូវក្ដៅ ទឹកកក​ត្រូវបាន​ថយចុះ​ប្រមាណ​៥០%​។ "​មជ្ឈមណ្ឌល​ទិន្នន័យ​ព្រិល និង​ទឹកកក​ជាតិ​" (National Snow and Ice Data Center) បាន​ប្រើប្រាស់​ផ្កាយរណប​ដើម្បី​ទាញយក​ទិន្នន័យ​ប្រចាំថ្ងៃ អំពី​ផ្ទៃ​ទឹកកក​នៃ​មហាសមុទ្រ​អាក​ទិក និង​អត្រា​រលាយ ដើម្បី​ធ្វើ​ការប្រៀបធៀប​ទៅនឹង​អត្រា​មធ្យម និង អត្រា​នៃ​ឆ្នាំ​ណាមួយ​៕

​ដកស្រង់​ពី​wikipedia

ព័ត៌មានផ្សេងទៀត