សិប្បកម្ម​ច្នៃ​ស្នែង​មួយ កំពុងដង្ហើយការ​គាំទ្រ​ពី​ពលរដ្ឋ​ខ្មែរ​គ្រប់​មជ្ឈដ្ឋាន​

27-04-2018 6:26 pm 675
  ស្តាប់
ស្តាប់ជាសំឡេង

​បច្ចុប្បន្ន ការច្នៃប្រឌិត ការផលិត​វត្ថុ​អនុស្សាវរីយ៍ មាន​ច្រើន​ប្រភេទ ប្លែកៗ ទៅ​តាម​គំនិត​សិល្បៈ​របស់​ម្ចាស់​សិប្បកម្ម​នីមួយៗ ។ អ្នកស្រី គួន ចិន្តា ម្ចាស់​សិប្បកម្ម​ច្នៃ​វត្ថុ​អនុស្សាវរីយ៍​ចេញពី​ស្នែង​សត្វ រួម​មាន​ស្នែងគោ ស្នែងក្របី​ជាដើម ដែល​មានឈ្មោះ​ថា សិប្បកម្ម​ច្នៃ​ស្នែង​សុ​មោនា ។ អ្នកស្រី​បាន​ច្នៃ​ចេញ​ជា​គ្រឿង​ប្រើប្រាស់​ជា​ច្រើន ដែល​ភាគច្រើន​ជា​គ្រឿង​ពាក់​លម្អ​ខ្លួន មានដូចជា ចិញ្ចៀន ក្រវិល បន្តោង​ខ្សែក កងដៃ​ជាដើម និង​សម្រាប់​ជា​វត្ថុ​តាំង​នៅ​ផ្ទះ ដែល​សុទ្ធសឹងតែ​ផលិត​ចេញពី​ស្នែង​សត្វ​ទាំងអស់ ។ ខ្លះ​មាន​ពណ៌​ខ្មៅ ភ្លឺ​ថ្លារ​លឺ​បរ​លោង យ៉ាង​ស្រស់ស្អាត ដែល​ជា​ប្រភេទ​ស្នែងក្របី ឯ​ខ្លះ​ទៀត មាន​ពណ៌​ឆ្លុះ ចម្រុះ​ពណ៌​ដ៏​ស្រស់ស្អាត មាន​សម្រស់​គួរឱ្យ​ទាក់ទាញ ដែល​ភាគច្រើន ជា​ប្រភេទ​ស្នែង​គោ ។​

​ស្ត្រី​វ័យ​៣៨​ឆ្នាំ​រូប​នេះ បាន​ប្រាប់​ខ្ញុំ​ថា គ្រួសារ​អ្នកស្រី បាន​ចំណាយពេល​ចាប់ផ្តើម​អាជីវកម្ម​នេះ មាន​រយៈពេល​១៥​ឆ្នាំ​មកហើយ ក៏​ប៉ុន្តែ​ទើប​តែ​បាន​ដើរ​វ៉ៃ​លុក​ទីផ្សារ​ដោយ​ខ្លួនឯង​បាន​រយៈពេល​១​ឆ្នាំ​នេះ​ប៉ុណ្ណោះ បានន័យថា កន្លងមក សិប្បកម្ម​របស់​អ្នកស្រី អាច​ដំណើរការ​បាន​តាមរយៈ​ការដើរ​បោះ​ដុំ ឱ្យ​ម៉ូយ​តាម​កន្លែង ឬ​តាម​ការចង់បាន កុម្ម៉ង់​របស់​ដៃគូ​ប៉ុណ្ណោះ ។​ការចាប់ផ្តើម​ដើរ​ទីផ្សារ​ដោយ​ខ្លួនឯង​នេះ អ្នកស្រី​បាន​ប្រាប់​ខ្ញុំ​ថា វា​បាន​ធ្វើឱ្យ​អ្នកស្រី​បាន​យល់ បានដឹង​ពី​តម្រូវការ​របស់​អតិថិជន ឬ​ភ្ញៀវ ក្រោយ​បាន​ជួប​ផ្ទាល់ និង​ឮ​ផ្ទាល់​ពី​ពួកគេ ។​

​អ្នកស្រី​បាន​ប្រាប់ទៀតថា ក្រោយ​ចាប់ផ្តើម​ដើរ​ទីផ្សារ​ដោយ​ខ្លួនឯង អតិថិជន​ជាតិ និង​អន្តរជាតិ តែង​ផ្តល់​ជា​មតិ​យោបល់​កែលម្អ និង​លើកសរសើរ ដែល​កត្តា​នេះ បានធ្វើឱ្យ​អាជីវកម្ម​របស់​អ្នកស្រី​ចេះតែ​បន្ត​ដើរ​ទៅ​មុខ​ម្តង​បន្តិចៗ​រហូតមក ។ ពួកគេ​ច្រើន​លើក​សរសើរ​ពី​គំនិត​ច្នៃប្រឌិត​ទៅលើ​ម៉ូដ​និង​សម្រស់​ដ៏​ស្រស់​ស្អាត​នៃ​ស្នែង​ដោយ​ធម្មជាតិ​…
​សំឡេង​៖

​អ្នកស្រី​បញ្ជាក់ប្រាប់​ខ្ញុំ​បន្ថែមថា កាលដើមឡើយ សិប្បកម្ម​របស់​អ្នកស្រី​មាន​លក់​តែ​វត្ថុ​តាំង​ផ្ទះ​តែប៉ុណ្ណោះ តែ​ក្រោយៗ​មក ក៏​បាន​ច្នៃ​ទៅ​ជា​មាន​គ្រឿងអលង្ការ​ផ្សេងៗ​សម្រាប់​ប្រើប្រាស់ ។ ជាងនេះទៅទៀត អតិថិជន ក៏​អាច​កុម្ម៉ង់​ពុម្ព ជា​សម្ភារៈ​ប្រើប្រាស់ ឬ​វត្ថុ​អនុស្សាវរីយ៍​ជាដើម តាម​តម្រូវការ ក៏ប៉ុន្តែ ក្រុម​ជាង​ក៏​ត្រូវ​មើល​ទៅលើ​សមត្ថភាព​ស្នែង​ដែល​ច្នៃ​នោះដែរ ព្រោះ​ភាគច្រើន​ស្នែង​គោ និង​ស្នែងក្របី​នៅក្នុង​ស្រុក​ច្រើន​តែ​មាន​ទំហំ​តូច​…
​សំឡេង​៖

​ម្ចាស់​សិប្បកម្ម​ច្នៃ​ស្នែង​គោ និង​ស្នែងក្របី​រូបនេះ បាន​អះអាង​ប្រាប់​ខ្ញុំ​ទៀតថា អតិថិជន​របស់​គាត់​ភាគច្រើន ច្រើន​តែ​និយម​ទិញ​នូវ​គ្រឿងអលង្ការ វត្ថុ​អនុស្សាវរីយ៍ ជាង​វត្ថុ​តាំង​ផ្ទះ ហេតុផល​មួយ​នៃ​រឿងនេះ គឺ​គ្រឿងអលង្ការ​មានតម្លៃ​ធូរ​ថ្លៃ​ជាង តូច​ជាង រីឯ​វត្ថុ​សម្រាប់​តាំង​នៅ​ផ្ទះ ច្រើន​តែ​មាន​ទំហំ​ធំ និង​ថ្លៃ​ជាង ។ ម្យ៉ាង គ្រឿងអលង្ការ​ច្រើនតែ​ក្មេងៗ​និយម​ទិញ​យក​ទៅ​ពាក់​ជា​គ្រឿង​លម្អ​ខ្លួន រីឯ​វត្ថុ​តាំង​ផ្ទះ ច្រើនតែ​ជា​មនុស្ស​វ័យ​ចំណាស់ ។ អ្នកស្រី​ប្រាប់​ខ្ញុំ​ឱ្យ​ដឹងថា សម្រាប់​តម្លៃ​នៃ​គ្រឿងអលង្ការ វត្ថុ​អនុស្សាវរីយ៍​ជាដើម ច្រើន​មាន​ចាប់ពី​២​ដុល្លារ រហូតដល់​១០​ទៅ​២០​ដុល្លារ តែ​បើ​វត្ថុ​សម្រាប់​តាំង​ផ្ទះ មាន​ចាប់ពី​២០-៣០​ដុល្លារ រហូតដល់​ទៅ​ខ្ទង់​រាប់រយ​ដុល្លារ​ក៏​មាន ក៏​ព្រោះ​វត្ថុ​ខ្លះ ជា​វត្ថុ​កម្រ ដូចជា​ស្នែង​ក្របីឃ្លៀច​ជាដើម ។​អ្នកស្រី​ចិន្តា​អះអាង​បញ្ជាក់​ប្រាប់​ខ្ញុំ​ថា សម្រាប់​ការច្នៃ​ស្នែង​របស់​សិប្បកម្ម​អ្នកស្រី គឺ​មាន​តម្លៃ​ធូរ​ថ្លៃ​ជាងគេ នៅលើ​ទីផ្សារ ដោយសារ​តែ​អ្នកស្រី បាន​ច្នៃ​ផលិត​ចេញ​ដោយ​ខ្លួនឯង ។​

​បើ​និយាយ​អំពី​បញ្ហា​ប្រឈម​សម្រាប់​អាជីវកម្ម​ច្នៃ​ស្នែង​គោ ក្របី​សព្វថ្ងៃ គឺ​បញ្ហា​ក្លិន​មិនសូវ​ល្អ ជា​ការងារ​លំបាក​ធ្វើ ហើយ​អ្វី​ដែល​សំខាន់​បំផុត​នោះ​គឺ កត្តា​ខ្វះ​កូនជាង​ធ្វើការ​តែម្តង​…
​សំឡេង​៖

​សព្វថ្ងៃ​សិប្បកម្ម​របស់​អ្នកស្រី មាន​កូន​ជាង​តែ​២​នាក់​ប៉ុណ្ណោះ ។ អ្នកស្រី​បញ្ជាក់ថា ដោយសារ​ការងារ​នេះ ជា​ការងារ​លំបាក ហេតុនេះហើយ​បានជា​សិប្បកម្ម​នេះ ខ្វះ​កូនជាង ។ អ្នកស្រី​អះអាងថា បើ​ចង់​បណ្តុះបណ្តាល​កូនជាង​បន្ត​ផ្សេងទៀត វា​មាន​កត្តា​ប្រឈម​ច្រើន ទាំង​ធនធាន ចំណេះដឹង និង​បច្ចេកទេស​ជាដើម​…
​សំឡេង​៖

​ជាទូទៅ បើសិន​ជា​កូនជាង​អាច​ដំណើរការ​រហូត ក្នុង​មួយ​ខែ​សិប្បកម្ម​របស់​អ្នកស្រី អាច​បញ្ចេញ​នូវ​ផលិតផល​ច្រើន​គួរសម ។ ជា​មធ្យម​ខ្សែក​តូចៗ អាច​ផលិត​បាន​១០០​ខ្សែ កងដៃ​២០​កង ចិញ្ចៀន​បាន​១៥ និង​វត្ថុ​ផ្សេងៗ​ទៀត​ទៅ​តាម​ការ​កុម្ម៉ង់​ពី​ដៃគូ​។​

​បើទោះបីជា​អាជីព​នេះ ជា​អាជីព​លំបាក និង​ពិបាក​ស្វែងរក​ប្រាក់​ចំណូល​យ៉ាងណាក៏ដោយ ក៏​ស្វាមី​អ្នកស្រី ដែលជា​អ្នក​ច្នៃ​ដោយ​ផ្ទាល់ មិន​ដែល​មាន​បំណង​ចង់​បោះបង់​ម្តងណា​ឡើយ ក៏​ព្រោះតែ​ក្តីស្រឡាញ់​របស់​គាត់​ចំពោះ​អាជីវកម្ម​ច្នៃ​ស្នែង​នេះ​…
​សំឡេង​៖

​អ្នកស្រី​តែង​ដើរ​ទៅ​រក​ទិញ​ស្នែង​នៅតាម​សត្តឃាតដ្ឋាន ដែល​ភាគច្រើន​ម្តុំ​ជ្រោយចង្វារ និង​នៅតាម​ទីជនបទ ។ គាត់​អះអាង​ថា បើ​នៅ​តាម​ជនបទ អ្នកស្រី​តែង​រកបាន​ស្នែង​ធំៗ​ជាង​នៅ​ភ្នំពេញ ។ ម្ចាស់​សិប្បកម្ម​រូបនេះ​បញ្ជាក់ថា ការច្នៃ​ស្នែង​ដែល​បន្សល់​ពី​ការយក​សាច់​របស់​សត្វ​គោ ក្របី​ជាដើម ក៏​អាច​ជា​ការចូលរួមចំណែក​ក្នុង​ការការពារ​បរិស្ថាន តាមរយៈ​ការកាត់បន្ថយ​ក្លិនស្អុយ​ក្នុង​បរិយាកាស ។ បន្ទាប់ពី​យក​មក​កែច្នៃ ស្នែង​នោះ យើង​អាច​យក​ទៅ​ប្រើប្រាស់​បានរ​ហូត​តដល់​កូនចៅ ។​

​សព្វថ្ងៃ ផលិតផល​សិប្បកម្ម​ច្នៃ​ស្នែង​របស់​អ្នកស្រី មាន​ដាក់​លក់​នៅ​ក្នុង​រោង​អគារ​សិល្បៈ​សិប្បកម្ម​វត្តភ្នំ ដែល​ស្ថិត​ក្នុង​បរិវេណ​នៃ​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​វត្ត​ភ្នំ រីឯ​រោង​សិប្បកម្ម​សម្រាប់​ផលិត គឺ​មាន​ទីតាំង​ស្ថិតនៅ​ក្នុង​តំបន់​ជើងឯក​ឯណោះ​។​

​ម្ចាស់​អាជីវកម្ម​ច្នៃ​ស្នែង​រូបនេះ ដង្ហើយ​ហៅ​អតិថិជន ជា​ពលរដ្ឋ​ខ្មែរ ជួយ​គាំទ្រ​នូវ​ផលិតផល​កែច្នៃ​ស្នែង​នៅក្នុង​ស្រុក​ក៏ដូចជា​ការផ្តល់​នូវ​គំនិត​កែលម្អ គំនិត​ច្នៃប្រឌិត ដើម្បី​ឱ្យ​គ្រប់​ផលិតផល​របស់​ខ្មែរ​ទាំងអស់ អាចឈាន​ទៅ​មុខ​ដូច​ផលិតផល​របស់​សាសន៍​ដទៃ​…
​សំឡេង​៖

ព័ត៌មានផ្សេងទៀត